លោក ហ៊ុន សែន ប្រកាសស្វាគមន៍ទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសជនមានពិការភាព ដែលនឹងមកចូលរួម នៅក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ គឺគិតត្រឹមថ្ងៃទី ១៥ មីនា នៅសល់តែ ៥១ ថ្ងៃទៀតប៉ុណ្ណោះ នឹងរៀបចំពិធីបើកជាផ្លូវការ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយនឹងមានមនុស្សរាប់ម៉ឺននាក់ចូលរួម។
នៅក្នុងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក លើកទី៥ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្លាំងលើកិច្ចការពារ និងលើកកម្ពស់ទៅដល់ជនមានពិការភាព ដើម្បីឱ្យចូលបម្រើការងារ នៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងលើវិស័យឯកជនផងដែរ។
ជាមួយគ្នានេះ ជនមានពិការភាព ក៏ត្រូវបានយកចិត្តទុកដាក់ និងផ្តល់ឱកាសឱ្យចូលរួមនៅក្នុងវិស័យកីឡាផងដែរ ហើយការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ កម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីជនពិការចំនួន១១៥នាក់ លើ១១ប្រភេទកីឡា ទៅចូលរួម ហើយជាលទ្ធផលក្រុមជនពិការកម្ពុជា ដណ្ដើមបានមេដាយមាស៧ ប្រាក់១០ និងសំរឹទ្ធ១១ ឈរចំណាត់ថ្នាក់លេខ៧ ក្នុងចំណោម១១ប្រទេស។
ទន្ទឹមនឹងនេះ ក្រុមអត្តពលិកជនពិការកម្ពុជា ក៏បាននិងកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពយ៉ាងសកម្ម ត្រៀមចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ ដែលនឹងត្រូវធ្វើពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា គឺបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម ហើយជាមួយគ្នានេះ លោក ហ៊ុន សែន បានប្រកាសស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត លើកដំបូង នៅកម្ពុជានេះ។
លោក ហ៊ុន សែន បានថ្លែងក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃពុធនោះថា៖ «ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍នូវវត្តមានជាថ្មីម្តងទៀតរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនពិការភាពជាតិ និងអន្តរជាតិ ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិដ៏ធំនេះ នៅកម្ពុជា»។
នៅក្នុងសន្និសីទកាសែតនោះដែរ លោក ហ្គូឡាំ ណាប៊ី នីហ្សាម៉ានី ប្រធានបណ្តាញជនមានពិការប្រចាំអាស៊ី និងប៉ាស៊ីហ្វិក បានវាយតម្លៃខ្ពស់ និងបានចាត់ទុកកម្ពុជា ជាប្រទេសនាំមុខគេ ដែលបានរៀបចំឱ្យមានការប្រកួតទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឡើងវិញ ព្រោះស៊ីហ្គេម នៅហ្វីលីពីន កាលពីឆ្នាំ២០១៩ គឺការប្រកួតអាស៊ានប៉ារ៉ាហ្គេម សម្រាប់ជនពិការ ត្រូវបានលុបចោល ដោយសារវិបត្តិជំងឺកូវីដ១៩ ហើយស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ គឺម្ចាស់ផ្ទះ វៀតណាម មិនរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដូចគ្នា ប៉ុន្តែត្រូវបានឥណ្ឌូនេស៊ី ទទួលយកទៅធ្វើនៅលើទឹកដីរបស់ខ្លួនជំនួសវិញ។
លោក ហ្គូឡាំ ណាប៊ី នីហ្សាម៉ានី បានថ្លែងថា៖ «យើងបានបង្កើតឱ្យមានបណ្តាញតភ្ជាប់គ្នា យ៉ាងមាំមួន នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ហើយខ្ញុំជឿជាក់ថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយ ដែលកំពុងតែមានការនាំមុខគេ នៅក្នុងអាស៊ី និងប៉ាស៊ីហ្វិក ដែលរៀបចំឱ្យមានការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយយើងសូមអបអរសាទរ ដែលព្រះរាជាណាចក្រកម្ពុជា បានរៀបចំឱ្យការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនេះ»៕