ក្រុមហុកគីកម្ពុជា ដាក់គោលដៅដណ្តើមយកមេដាយមាសពីការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣

ភ្នំពេញៈ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិហុកគីកម្ពុជា បានបង្កើនការហ្វឹកហាត់ទ្វេដង អស់រយៈពេលជាច្រើនខែមកហើយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នាខែឧសភា ដោយក្រុមនេះ បានដាក់គោលដៅត្រូវដណ្តើមយកមេដាយមាសឱ្យបាន ១ ឬ ២ ជូនប្រទេសជាតិ សម្រាប់ការធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្ត លើកដំបូងនេះ។
បើទោះបីជាក្រុមជម្រើសជាតិនារីហុកគីកម្ពុជា ធ្លាប់បានបរាជ័យយ៉ាងធ្ងន់ សម្រាប់ការប្រកួតកីឡាហុកគីក្នុងសាល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ខណៈក្រុមជម្រើសជាតិបុរសហុកគីកម្ពុជា មិនធ្លាប់បានចូលរួមការប្រកួតស៊ីហ្គេមសោះ ប៉ុន្តែមន្រ្តីជំនាញរបស់សហព័ន្ធកីឡាហុកគីកម្ពុជា លោក កាំង សុធា បានអះអាងថា ការប្រឹងប្រែហ្វឹកហាត់ នៅលើទីលានស្តង់ដា និងការទទួលបានឱកាសចេញទៅប្រកួត នៅលើឆាកអន្តរជាតិ កន្លងមកនេះ បានធ្វើឱ្យក្រុមហុកគីកម្ពុជា ទាំងផ្នែកនារី និងបុរស មានការកើនឡើង នូវបច្ចេកទេស សម្រាប់ជាក្តីសង្ឃឹម ក្នុងការប្រជែងយកមេដាយ។
លោក កាំង សុធា បានប្រាប់ កាលពីថ្ងៃពុធថា៖ «ពិតមែនហើយ ក្រុមហុកគីរបស់យើង មិនធ្លាប់ដណ្តើមបានមេដាយ នៅស៊ីហ្គេម នោះទេ ប៉ុន្តែបើធ្វើការពិនិត្យ និងវិនិច្ឆ័យនូវហេដ្ឋារចនាសម្ព័ន្ធ ទីលាន និងការហ្វឹកហាត់ ដោយយើងបានត្រៀមជាច្រើនខែ ព្រមទាំងបានចេញទៅប្រកួតដកស្រង់ច្ចេកទេសជាមួយប្រទេសផ្សេងៗ ក្រោមការទំនុកបម្រុងរបស់ក្រសួងអប់រំ និង CAMSOC ផងនោះ គឺយើងមានការវិវឌ្ឍច្រើនលើកម្រិតបច្ចេកទេស ហើយយើងបានដាក់គោលដៅថា ត្រូវខិតខំដណ្តើមមេដាយមាសឱ្យបាន១ ឬ២គ្រឿង»។
អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជារូបនេះ បានបន្ថែមថា៖ «បើទោះបីជាយើងមិនទាន់ប្រាកដថា យើងនឹងធ្វើបានល្អដល់កម្រិតណា ប៉ុន្តែការដាក់ក្តីសង្ឃឹម ក្នុងការដណ្តើមយកមេដាយមាសនេះ វាជាគោលដៅរបស់យើង ព្រោះបើយើងព្យាយាមដើរទៅមុខ ដោយគ្មានគោលដៅ ក៏យើងមិនអាចទទួលបានជោគជ័យនោះដែរ ហើយគិតមកដល់ពេលនេះ យើងត្រៀមខ្លួនរួចរាល់១០០ភាគរយ ដោយបានត្រៀមទាំងស្មារតី បច្ចេកទេស និងកម្លាំង ដើម្បីឈានទៅរកការសម្រេចគោលដៅនៅចំពោះមុខនោះ»។
សម្រាប់ការបង្ហាញវត្តមាន ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន កន្លងមកនេះ ក្រុមជម្រើសជាតិហុកគីនារីកម្ពុជា រកមិនឃើញការឈ្នះសូម្បី១ប្រកួត ដោយក្នុងនោះ ពួកគេបានស្មើ ៣-៣ ជាមួយក្រុមនារីសិង្ហបុរី រួចបន្តចាញ់ថៃ ៦-១ ចាញ់ក្រុមម្ចាស់ផ្ទះហ្វីលីពីន ៤-៣ និងចុងក្រោយបានចាញ់ក្រុមឈ្នះមេដាយមាសរបស់ម៉ាឡេស៊ី រហូតដល់ ១០-០ ដែលធ្វើឱ្យពួកគេ ទទួលបានលេខ៥ចុងក្រោយគេ។
តែទោះបីជាយ៉ាងណា ការបំបែកកំណត់ត្រាមិនធ្លាប់ឈ្នះសោះរបស់ក្រុមជម្រើសជាតិហុកគីនារីកម្ពុជា អស់រយៈពេល១២ឆ្នាំ តាមរយៈការឈ្នះក្រុមជម្រើសជាតិនារីសិង្ហបុរី ៣-០ ក្នុងការប្រកួតជម្រុះតាមពូល នៃព្រឹត្តិការណ៍ Indoor ASIA Cup 2022 នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២ និងការខិតខំហ្វឹកហាត់យ៉ាងខ្លាំងរបស់ក្រុមហុកគីកម្ពុជា រហូតមកដល់ពេលនេះ វាបានក្លាយជាក្តីសង្ឃឹមថ្មី សម្រាប់ពួកគេ ក្នុងការត្រៀមប្រកួតស៊ីហ្គេម លើកនេះ។
លោក កាំង សុធា បានបញ្ជាក់ថា៖ «យើងកាន់តែកៀកថ្ងៃប្រកួតស៊ីហ្គេមទៅហើយ ដូច្នេះបើនិយាយពីបច្ចេកទេស ដែលត្រូវបន្ថែម យើងមិនមានអ្វីជាបញ្ហាទៀតទេ ដោយយើងរង់ចាំតែថ្ងៃប្រកួតមកដល់។ ជាមួយគ្នានេះ យើងសម្គាល់ឃើញថា សមត្ថភាពកីឡាករកីឡាការិនីរបស់យើង មានភាពពេញលេញរួចរាល់ទាំងស្រុងអស់ហើយ ហើយអ្វីដែលពិសេសទៀតនោះ យើងជាម្ចាស់ផ្ទះ រៀបចំការប្រកួតហ្នឹង អ៊ីចឹងយើងមានក្តីសង្ឃឹមខ្ពស់ណាស់ សម្រាប់ការឈានទៅរកការឈ្នះមេដាយមាសនេះ»។
សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ ប្រភេទកីឡាហុកគី មានការប្រកួតចំនួន៤វិញ្ញាសា គឺវិញ្ញាសា ហុកគីក្នុងសាល (Indoor hockey)ទាំងផ្នែកបុរស-នារី និង ហុកគីលើក្ដារ (Field hockey) ទាំងផ្នែកបុរស-នារី ហើយកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ នឹងចូលប្រកួតទាំង៤វិញ្ញាសានេះតែម្តង ហើយពួកគេ បានតាំងចិត្តខ្លាំង ដោយមិនបានគិតថា ប្រទេសណា មានសមត្ថភាពខ្លាំងជាងខ្លួននោះទេ។
លោក កាំង សុធា បានសង្កត់ធ្ងន់ថា៖ «ទាំងថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក និងកីឡាករ កីឡាការិនី បានកំណត់ថា យើងហាត់ គេក៏ហាត់ យើងរត់ គេក៏រត់ដូចគ្នា អ៊ីចឹងយើងមិនគិតថា ប្រទេសណាខ្លាំងជាងប្រទេសនោះទេ ព្រោះបើយើងឱ្យតម្លៃថា ក្រុមគេខ្លាំង ជាងក្រុមយើង វាហាក់បំបាក់ស្មារតីខ្លួនឯង ដូច្នេះពេលចូលដល់ទីលាន រឿងសំខាន់បំផុតដែលយើងត្រូវធ្វើ គឺត្រូវខំប្រឹងប្រកួតឱ្យអស់សមត្ថភាព ចំណែកការឈ្នះចាញ់ នឹងបង្ហាញឱ្យឃើញច្បាស់ នៅក្រោយពេលអាជ្ញាកណ្តាលផ្តុំកញ្ចែបញ្ចប់ការប្រកួត»៕