ប្រទេសចំនួន ៤ ហើយ បានទិញសិទ្ធិផ្សាយផ្ទាល់ ការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា

ភ្នំពេញៈ គិតត្រឹមពេលនេះមានស្ថានីយទូរទស្សន៍តំណាងឱ្យប្រទេស នៅក្នុងតំបន់អាស៊ានចំនួនហើយ បានទិញសិទ្ធិផ្សាយផ្ទាល់ ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ហើយមន្ត្រីជំនាញរបស់គណៈកម្មាធិការជាតិ CAMSOC បានអះអាងថា នេះជាផ្លូវឆ្ពោះទៅរកភាពជោគជ័យសម្រាប់ការធ្វើជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអះអាងថា គិតមកដល់ពេលនេះដំណើរការលក់សិទ្ធិផ្សាយផ្ទាល់ សម្រេចបាន ៥០ភាគរយ ពោលគឺមានទូរទស្សន៍ក្រៅប្រទេសចំនួន ៤ហើយដែលបានទិញសិទ្ធិផ្សាយ បូករួមទាំងកម្ពុជា ដែលមានទូរទស្សន៍កីឡាកម្ពុជា (CSTV) ជាអ្នករក្សាសិទ្ធិផ្សាយ សហការជាមួយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។
លោកបានថ្លែងថា៖ «មុននេះយើងឃើញហើយ យើងមានវៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី គឺ៤ ទៅ៥ ទូរទស្សន៍ហើយ បានទិញសិទ្ធិផ្សាយផ្ទាល់រួមទាំងកម្ពុជារបស់យើង ដែលមានទូរទស្សន៍កីឡាកម្ពុជា ក៏ជាអ្នកចែកផ្សាយធំមួយផងដែរ ដែលត្រូវទទួលសិទ្ធិរៀបចំការងារនេះ ហើយនឹងសហការជាមួយនឹងទូរទស្សន៍ជាតិកម្ពុជារបស់យើង។ ខាងក្នុងស្រុករបស់យើង គឺយើងអត់មានប៉ះពាល់ថវិកាអីទាំងអស់ គឺយើងផលិត ហើយរៀបចំឱ្យផ្សាយដោយឥតគិតថ្លៃ យើងលក់សិទ្ធិតែទៅក្រៅប្រទេសទេ ដែលគាត់ទិញសិទ្ធិពីយើងទៅ បន្តទៅឱ្យប្រជាជនរបស់គាត់ទស្សនា»។
ការលើកឡើងបែបនេះរបស់ លោក វ៉ាត់ ចំរើន ត្រូវបានធ្វើឡើង បន្ទាប់ពីលោកបានថ្លែងបើក ក្នុងសន្និសីទស្តីពីសារព័ត៌មាន និងការផ្សព្វផ្សាយកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅសណ្ឋាគារសុខា កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ដោយសន្និសីទនេះ មានសារព័ត៌មានទូរទស្សន៍ធំៗរបស់បណ្តាប្រទេសនៅអាស៊ានប្រហែល៥០នាក់ និងសារព័ត៌មានជាតិជាង៤០នាក់ បានចូលរួមស្តាប់ ពីវឌ្ឍនភាពការងាររបស់ម្ចាស់ផ្ទះកម្ពុជា សម្រាប់ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនេះ។
តាមបទបង្ហាញរបស់ម្ចាស់ផ្ទះកម្ពុជា តាមរយៈលោក វ៉ាត់ ចំរើន និងលោក ញ៉ាន សុខវិសាល ជាមន្ត្រីទំនាក់ទំនងអន្តរជាតិរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺអង្គសន្និសីទទាំងមូល បានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយទាំងអស់ ពីគ្រប់សកម្មភាព ផែនការ និងវឌ្ឍនភាពការងាររបស់ម្ចាស់ផ្ទះស៊ីហ្គេមកម្ពុជា ហើយអ្វីដែលផ្តោតខ្លាំងនៅក្នុងសន្និសីទកាសែតនេះ គឺគុណតម្លៃនៃការចូលរួមរបស់សារព័ត៌មានជាតិ-អន្តរជាតិ និងការលក់សិទ្ធិទូរទស្សន៍ដែលគិតមកដល់ពេលនេះ កំពុងឈានទៅរកផ្លូវជោគជ័យមួយ សម្រាប់កម្ពុជា។
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «យើងឃើញថា យើងបានឈានទៅដល់១ជំហានអាចនិយាយបានថា ជិត៥០ភាគរយហើយក្នុងចំណោម ១០ប្រទេស ដែលមកទល់ពេលនេះ មិនទាន់ដល់ពេលប្រកួតផង តែការលក់សិទ្ធិរបស់យើងបាន ៥០ភាគរយរួចទៅហើយ អ៊ីចឹងបានន័យថា យើងមានការគាំទ្រ ៥០ភាគរយហើយ ដែលស្ថិតក្នុងដំណើរវិជ្ជមានឆ្ពោះទៅរកជោគជ័យសម្រាប់យើង និងដល់ប្រទេសផ្សេងៗទៀត»។
«យើងមិនសង្ឃឹមថា ប្រទេសតូចៗខ្លះគាត់នឹងទិញសិទ្ធិផ្សាយនោះទេ ក៏ប៉ុន្តែទោះបើគាត់សំណូមពរអ្វីយើងនឹងបញ្ជូនឱ្យគាត់ផងដែរ គឺយើងនឹងធ្វើឱ្យមានភាពកក់ក្ដៅ និងស្មើភាពគ្នាដោយមិនឱ្យមានអ្នកណាមួយមានបញ្ហាទៅលើការផ្សព្វផ្សាយនេះទេ។ អ៊ីចឹងយើងអាចវាយតម្លៃបានថា បន្ទាប់ពីយើងធ្វើសន្និសីទសារព័ត៌មាននេះហើយ យើងនឹងទទួលបាននូវការចូលរួមការទិញសិទ្ធិ ឬក៏ការចូលរួមក្នុងការផ្សព្វផ្សាយពីស៊ីហ្គេមកម្ពុជា កាន់តែផុសផុល និងសម្រេចបាននូវគោលដៅ១០០ភាគរយ»។ លោក វ៉ាត់ ចំរើន បានបញ្ជាក់។
ជុំវិញការលក់សិទ្ធិផ្សាយនេះ លោក វ៉ាត់ ចំរើន បានរំឭកជាថ្មីថា កម្ពុជាទទួលបានសិទ្ធិពីក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលជាអំណាចខ្ពស់បំផុតរបស់ស៊ីហ្គេម ហើយកម្ពុជាបានធ្វើការជាមួយអូឡាំពិកជាតិរបស់ប្រទេសនីមួយៗ ដោយបានជជែកគ្នា និងបានឯកភាពគ្នាឱ្យកម្ពុជាលក់សិទ្ធិផ្សាយ ហើយការលក់សិទ្ធិនេះ គឺក្នុងតម្លៃចរចាគ្នា ដោយកម្ពុជា បានគិតពីផលប្រយោជន៍រួម ព្រោះការលក់សិទ្ធិទូរទស្សន៍នេះ វាជាសិទ្ធិរបស់យើងទាំងអស់គ្នា។
លោក ថ្លែងថា៖ «ស៊ីហ្គេម ជារបស់យើងទាំងអស់គ្នា អ៊ីចឹងយើងត្រូវធ្វើការងារហ្នឹង ហើយកម្ពុជា អាចជាគំរូមួយ ដោយសារប្រទេសនៅក្នុងអាស៊ានបាននិយាយ ក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍រួចហើយថា ឱ្យកម្ពុជា ធ្វើជាគំរូមុនគេ ក្នុងការចេញដំណើរលក់សិទ្ធិទូរទស្សន៍នេះ ដូច្នេះយើងត្រូវធ្វើឱ្យមានតម្លាភាព ត្រឹមត្រូវ និងមានសមភាពទាំងអស់គ្នា ទទួលបានសិទ្ធិស្មើៗគ្នា នៅក្នុងការផ្សព្វផ្សាយនេះ»។
អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានចាត់ទុក បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសអ្នកដែលបានចូលរួម ក្នុងសន្និសីទកាសែត លើកនេះគឺជាក្រុមគ្រួសារអ្នកសារព័ត៌មានមួយ សម្រាប់លើកកម្ពស់ និងផ្សព្វផ្សាយស៊ីហ្គេមរបស់យើង ហើយជាពេលដែលកម្ពុជាត្រូវធ្វើការរួមគ្នា ជាមួយគ្នា ព្រោះព្រឹត្តិការណ៍នេះ មិនអាចផ្តាច់ចេញពីការទទួលខុសត្រូវ ឬការជួយជ្រោមជ្រែងពីបណ្តាញសារព័ត៌មានបាននោះទេ។
លោកបានសង្កត់ធ្ងន់ថា៖ «សារព័ត៌មាន ជាចលករគន្លឹះ ក្នុងការលើកស៊ីហ្គេមរបស់យើង ដែលជាម្ចាស់ផ្ទះ ឱ្យមានគុណតម្លៃកាន់តែខ្ពស់ ហើយឱ្យគេស្គាល់កម្ពុជា កាន់តែច្បាស់ ធ្វើឱ្យគេយកទិដ្ឋភាពស៊ីហ្គេមដ៏អស្ចារ្យ នៅកម្ពុជានេះ ទៅផ្សព្វផ្សាយឱ្យគេស្គាល់ ឱ្យគេដឹង ហើយនឹងមានការចាប់អារម្មណ៍ និងចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើង។ បើកាលណាយើងមិនផ្សព្វផ្សាយពីព្រឹត្តិការណ៍ ដែលយើងខិតខំធ្វើអស់រយៈពេលជាច្រើនឆ្នាំ ឱ្យបានទូលំទូលាយ ស៊ីជម្រៅ និងឃើញច្បាស់ពីទិដ្ឋភាព ភាពអស្ចារ្យ និងកម្លាំងសក្តានុពលរបស់កម្ពុជានោះទេ គឺយើងអាចបាត់បង់នូវគុណតម្លៃ ដែលយើងបានខិតខំធ្វើការនេះ»៕