លោក ទៀ បាញ់ ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមកម្លាំងគ្នាគាំទ្រដល់ដំណើរការសាង់សង់ភូមិកីឡា

ភ្នំពេញៈ ដំណើរការសាងសង់ភូមិកីឡា សម្រាប់ដាក់ឱ្យប្រើប្រាស់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ ដែលកម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះ ជាប្រវត្តិសាស្ត្រ លើកដំបូង នៅតែស្ថិតក្នុងក្តីកង្វល់ បើទោះបីជាក្រុមហ៊ុនទទួលសិទ្ធិសាងសង់ WorldBridge Sport Village បានប្តេជ្ញាចិត្តថា នឹងសាងសង់ភូមិកីឡានេះ ឱ្យបានរួចរាល់ ទៅតាមកាលកំណត់ក៏ដោយ។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) កាលពីព្រឹកថ្ងៃទី១៦ ខែមីនា បានដឹកនាំប្រតិភូ១ក្រុម ចុះទៅត្រួតពិនិត្យមើលពីដំណើរការសាងសង់ភូមិកីឡានេះ ជាលើកទី៤ ហើយលោកបានជំរុញបន្ថែមដល់ដំណើរការសាងសង់នេះ ឱ្យបញ្ចប់ឱ្យបានលឿន និងទាន់ពេលវេលា។
បន្ទាប់ពីបញ្ចប់ដំណើរចុះត្រួតពិនិត្យ និងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា នៅពហុកីឡដ្ឋានជាតិមរតកតេជោនោះ លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិCAMSOC-CAMAPGOCបានគូសបញ្ជាក់ថា លោកទៀ បាញ់ បានអញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់ភូមិកីឡាចំនួន៣លើកមកហើយ ហើយលោកតែងតែបានណែនាំពីវឌ្ឍនភាពការងារជាប្រចាំ ដើម្បីជំរុញឱ្យដំណើរការសាងសង់ភូមិកីឡាបានរួចរាល់ តាមពេលវេលាដែលបានកំណត់ គឺថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។
លោកបានថ្លែងថា៖ «សម្តេចពិជ័យសេនា ទៀ បាញ់ បានកំណត់ថា ត្រឹមថ្ងៃទី៣១ ខែមីនានេះ គឺធ្វើបានប៉ុនណា យកប៉ុនហ្នឹង ដើម្បីត្រៀមការរៀបចំតុបតែងលម្អ បំពាក់សម្ភារ ឧបករណ៍ដល់បន្ទប់ស្នាក់នៅ សម្រាប់ក្រុមប្រតិភូ កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិអាស៊ាន ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣»។
ការកំណត់ពេលសាងសង់ភូមិកីឡា ឱ្យរួចរាល់ ត្រឹមថ្ងៃទី៣១ ខែមីនា ខាងមុខនេះ គឺស្របទៅនឹងការប្តេជ្ញាចិត្តរបស់លោក សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Sport Village ដែលបានអះអាងថា លោកនឹងសាងសង់ភូមិកីឡានេះ ឱ្យបានរួចរាល់ ត្រឹមថ្ងៃទី៣១ ខែមីនា ដូចគ្នា ដើម្បីត្រៀមដាក់សម្ពោធឱ្យប្រើប្រាស់ ទៅតាមតម្រូវការជាក់ស្តែងរបស់ CAMSOC-CAMAPGOC។
យ៉ាងណាក៏ដោយ លោក ទៀ បាញ់ នៅតែមានការខ្វល់ខ្វាយ ទៅលើដំណើរការសាងសង់ភូមិកីឡានេះ ហើយលោកបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមកម្លាំងគ្នាគាំទ្រដល់ដំណើរការសាងសង់នេះ ព្រោះភូមិកីឡា ជាទីតាំងសំខាន់ សម្រាប់ការស្នាក់នៅរបស់ក្រុមអត្តពលិកជាតិ និងអន្តរជាតិ ដោយត្រូវទទួលអត្តពលិកចន្លោះពី ៦ ០០០នាក់ទៅ ៧ ០០០នាក់ ហើយក្នុង១ថ្ងៃៗ អាចទទួលការស្នាក់នៅចន្លោះពី៤ ០០០នាក់ ឬ៥ ០០០នាក់ទៅ ៦ ០០០នាក់ ដែលត្រូវសម្រាក និងទទួលទានអាហារ នៅក្នុងភូមិកីឡានេះ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ឥឡូវនេះ យើងឃើញថា សម្តេចពិជ័យសេនា ទៀ បាញ់ បានយកចិត្តទុកដាក់ខ្ពស់ ក៏ដូចជាខ្វល់ខ្វាយយ៉ាងច្រើនលើដំណើរការសាងសង់ភូមិកីឡានេះ ដោយសម្តេចប្រធាន CAMSOC បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមកម្លាំងគ្នាគាំទ្រឱ្យដំណើរការសាង់សង់នេះ បានរួចរាល់តាមផែនការ។ ដូច្នេះ ការងារនេះយើងនឹងពិនិត្យមើល និងវាយតម្លៃចុងក្រោយ ត្រឹមដំណាច់ខែមីនានេះតែម្តង»។
ជាមួយគ្នានោះ លោកទៀ បាញ់ ក៏បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យមើលទីលានប្រកួតនានា ដោយជំរុញឱ្យក្រុមអ្នកផ្គត់ផ្គង់ ត្រូវបំពាក់សម្ភារបច្ចេកទេស ប្រព័ន្ធសំឡេង ប្រព័ន្ធភ្លើងនៅទីលានក្នុងសាលប្រកួតនីមួយៗឱ្យបានគ្រប់គ្រាន់ និងស្របតាមស្តង់ដាជាដើម ហើយនៅក្នុងកិច្ចប្រជុំនោះ លោកទៀ បាញ់ និងលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ក៏បានចុះត្រួតពិនិត្យដោយផ្ទាល់ នៅតាមទីលានមួយចំនួនផងដែរ។
ប្រតិភូកីឡា ដែលដឹកនាំដោយលោក ទៀ បាញ់នេះ បានចុះទៅត្រួតពិនិត្យទីលានវាយសី និងអាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានបំពាក់ប្រព័ន្ធឧបករណ៍បានរួចរាល់ហើយ។ ចំណែកឯការរៀបចំតុបតែង បំពាក់ឧបករណ៍គាំទ្រនៅទីលានផ្សេងៗទៀត នឹងត្រូវរៀបចំ ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពោលគឺតាមគម្រោងនៃពេលវេលាឱ្យទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ៕