
លោកទៀ បាញ់ បានថ្លែងបែបនេះនៅក្នុងសិក្ខាសាលាជាតិស្តីពីការត្រៀម SEA Games-ASEAN Para Games 2023 កាលព្រឹកថ្ងៃទី១៨ ខែមីនា ។ រូបថត Cambodia 2023
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដែលជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានលើកឡើងថា ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ និងទើបបានសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះនេះ នឹងបន្សល់ទុកនូវមរតក និងកេរ្តិ៍ឈ្មោះដល់កម្ពុជា។
លោកបានឱ្យដឹងថា ការប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងបង្ហាញមុខមាត់ លើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជា និងជាកម្លាំងថាមពល ដែលត្រូវដាក់បង្ហាញពិភពលោកឱ្យយល់ដឹងពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច និងសង្គមខ្មែរដ៏រុងរឿង ថ្កុំថ្កើងបន្ថែមទៀត។
លោក ទៀ បាញ់ បញ្ជាក់ថា៖ «តាមរយៈការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងបន្សល់ទុកនូវមរតកកេរ្តិ៍ឈ្មោះដល់កម្ពុជា ដូច្នេះហើយទើបរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត ពិសេសក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ បានផ្តុំកម្លាំងមហាសាមគ្គីជាតិ ប្តេជ្ញាចិត្តប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយគោរពយ៉ាងម៉ឺងម៉ាត់ តាមបទប្បញ្ញត្តិស្តង់ដាកីឡាអន្តរជាតិ»។
ជាមួយគ្នានេះ កម្ពុជា មានមហិច្ឆតាទទួលស្វាគមន៍ ប្រកបដោយភាពកក់ក្តៅ ក្នុងការធ្វើបដិសណ្ឋារកិច្ច និងផ្តល់សេវាល្អ ដល់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ អន្តរជាតិ លើការងារពិធីការ ដឹកជញ្ជូន ស្នាក់នៅ ហូបចុក ការពារសន្តិសុខសណ្តាប់ធ្នាប់ សុខាភិបាល និង«ផ្តល់ភាពសប្បាយរីករាយ រួសរាយរាក់ទាក់ពោរពេញដោយស្នាមញញឹមចេញពីបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដើម្បីផ្តល់នូវភាពកក់ក្តៅដល់ភ្ញៀវកីឡា មកពីគ្រប់ទិសទី ជុំវិញពិភពលោក»។
លោកទៀ បាញ់ បានថ្លែងបែបនេះនៅក្នុងសិក្ខាសាលាជាតិស្តីពីការត្រៀម SEA Games-ASEAN Para Games 2023 កាលព្រឹកថ្ងៃទី១៨ ខែមីនា នៅទីស្តីការក្រសួងការពារជាតិ ដោយសិក្ខាសាលាថ្នាក់ជាតិនេះ គោលបំណង ដើម្បីផ្សព្វផ្សាយ និងផ្ដល់ព័ត៌មានដល់ភាគីទាំងអស់ ឱ្យយល់ច្បាស់ពីខ្លឹមសារសំខាន់ៗដូចជា ទិដ្ឋភាពរួមនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ការរៀបចំទីកន្លែងប្រកួត ការកំណត់បណ្ណសម្គាល់ការស្នាក់នៅ អាហារ ការដឹកជញ្ជូន បដិសណ្ឋារកិច្ច សន្តិសុខ សុខាភិបាល និងការងារពាក់ព័ន្ធដទៃទៀត។
មួយវិញទៀត សិក្ខាសាលានេះ ក៏នឹងជួយសម្រួលដល់គណៈកម្មការជំនាញ អគ្គលេខាធិការដ្ឋាន លេខាធិការដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ដែលជាសេនាធិការជូនគណៈកម្មាធិការជាតិ CAMSOC អនុវត្តការងារប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គណនេយ្យភាព ដើម្បីរួមគ្នាឱ្យអស់ពីលទ្ធភាព នាំមកនូវជោគជ័យជាប្រវត្តិសាស្រ្តជូនជាតិមាតុភូមិកម្ពុជា។
នៅក្នុងសិក្ខាសាលាជាតិស្តីពីការត្រៀម SEA Games-ASEAN Para Games 2023 នោះដែរ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC បានអះអាងថា ការត្រៀមខ្លួនទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ កំពុងមានវឌ្ឍនភាពល្អប្រសើរ និងសម្រេចបានគោលការណ៍ធំៗចម្បងៗជាច្រើន។
លោក ថោង ខុន បញ្ជាក់ថា៖ «ស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធាន CAMSOC បានធ្វើឱ្យដំណើរការត្រៀមរៀបចំ មានវឌ្ឍនភាពល្អប្រសើរ និងសម្រេចបានគោលការណ៍ធំៗចម្បងៗជាច្រើន ហើយដំណើរការអនុវត្តក៏កំពុងមមាញឹក និងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ ដើម្បីធានានូវប្រសិទ្ធភាពនៃគោលដៅចង់បានចុងក្រោយរបស់យើង»។
ទន្ទឹមនឹងនេះ លោក ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងនោះ ក៏បានលើកឡើងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលោកបានយកចិត្តទុកដាក់ខ្លាំង ចំពោះការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនេះ ព្រោះលោកចង់ឃើញព្រឹត្តិការណ៍នេះ អាចដំណើរទៅបានដោយរលូន ហើយបញ្ចប់ដោយជោគជ័យ និងមានមោទនភាពសម្រាប់កម្ពុជា។
លោកបានបញ្ជាក់ថា៖ «តាមការយកចិត្តទុកដាក់ខ្ពស់ និងការផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ជាប្រចាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែជំរុញ និងរំឭកដាស់តឿនឱ្យយើងទាំងអស់ ខិតខំប្រឹងប្រែងឱ្យខ្លាំងក្លាចូលរួមរាប់ថយក្រោយ ដើម្បីជាការរំឭកឱ្យប្រតិបត្តិកររៀបចំទាំងអស់ប្រុងប្រយ័ត្ន និងពិនិត្យវាយតម្លៃការងារឱ្យបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់»៕