ភ្នំពេញៈ ​កីឡាករ​ជើង​ខ្លាំង​លំដាប់​កំពូល​របស់​កម្ពុជា ធឿន ធារ៉ា និង ព្រំ សំណាង នឹងត្រូវ​បង្ហាញ​វត្តមាន​រួមគ្នា ជាថ្មី​ម្តងទៀត ប៉ុន្តែ​លើក​នេះ អ្នក​ទាំង​ ២ នឹងត្រូវ​ធ្វើការ​ងារ​កា​ន់​តែ​ធ្ងន់ ដោយ​ក្នុងនោះ ធារ៉ា ត្រូវ​ដាក់ឱ្យ​ប្រកួត ១ ​ទល់​ ៣ ​នាក់ ជាមួយ​អ្នក​ប្រយុទ្ធ​មកពី​ប្រទេស​ឡាវ ថៃ និង​ម៉ាឡេស៊ី ចំណែក សំណាង ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង​មកពី​ប្រទេស​រុស្ស៊ី Vladimir Gabov ដែល​មិន​ធ្លាប់មាន​ប្រវត្តិ​ចាញ់​សោះ ក្នុង​ការប្រកួត​ប្រដាល់សេរី​នេះ​។​

សម្រាប់​ព្រឹត្តិការណ៍ WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស រដូវ​កាល​ទី​២ របស់​សង្វៀន​ថោ​ន ដែល​ធ្វើ​នៅ​ទីតាំង​ផ្សារ​ទំនើប​ជីបម៉ុង 271 មេ​ហ្គា​ម៉​ល នា​ល្ងាច​ម៉ោង​៧ ថ្ងៃទី​២៥ ខែមីនា​នេះ ម្ចាស់​ខ្សែក្រវាត់ IPCC Kun Khmer ធឿន ធារ៉ា នឹងត្រូវ​ដាក់ឱ្យ​ប្រកួត Mas Fight ១​ទឹក​៩​នាទី ជាមួយ​លក្ខណៈ​១​ទល់​៣​នាក់ ហើយ​ភាគី​៣​នាក់ រួមមាន​កីឡាករ​ថៃ Denkaosen កីឡាករ​ឡាវ Yakkhomphant និង​កីឡាករ​ម៉ាឡេស៊ី Boboy Redwolves​។​

ចំពោះ​រូបមន្ត​នៃ​ការប្រកួត ១​ទល់​៣​នាក់ ដើម្បី​ឈ្នះ​បាន​ប្រាក់រង្វាន់ និង​ទទួលបាន​ពាន​ជើងឯក​គុន​ខ្មែរ​អន្តរជាតិ ក្នុង​ប្រភេទ​ទម្ងន់​៧២​គីឡូក្រាម​នេះ គឺ ធឿន ធារ៉ា ត្រូវ​ផ្តួល​គូប្រកួត​ទាំង​៣​នាក់​ឱ្យ​សន្លប់ ចុះចាញ់ និង​បញ្ឈប់​ដោយ​អាជ្ញាកណ្តាល ឬ​គ្រូពេទ្យ ទើប​ចាត់ទុកថា​ឈ្នះ ហើយ​ទទួលបាន​ប្រាក់រង្វាន់ ​១ ០០០​ ដុល្លារ បន្ថែម​លើ​តម្លៃ​ខ្លួន តែបើ ធារ៉ា ផ្តួល​ឱ្យ​សន្លប់​បាន​១​នាក់ ទទួលបាន​២០០​ដុល្លារ និង​ផ្តួល​ឱ្យ​សន្លប់​២​នាក់ បាន​៤០០​ដុល្លារ​។​


​ ចំពោះ​ភាគី​ខាង​កីឡាករ​បរទេស​ទាំង​៣​នាក់​វិញ បើ​កីឡាករ​ណា​ផ្តួល ធឿន ធារ៉ា ឱ្យ​សន្លប់ នឹង​ទទួលបាន​ប្រាក់រង្វាន់​២០០​ដុល្លារ ហើយ​មាន​លក្ខខណ្ឌ​ពិសេស​មួយទៀត គឺ​បើ​មាន​អ្នកណា​អាច​ផ្តួល ធារ៉ា ឱ្យ​សន្លប់ មុន​១​នាទី ក្នុងពេល​ឡើង​ប្រកួត នឹង​ទទួលបាន​ប្រាក់​លើកទឹកចិត្ត ​៤០០ ​ដុល្លារ​។

​ ជាមួយ​លក្ខខណ្ឌ​ប្រកួត​ដ៏​តានតឹង និង​គ្រោះថ្នាក់​បែបនេះ គឺ ធឿន ធារ៉ា ធ្លាប់ធ្វើ​បានសម្រេច​ម្តង​ហើយ សម្រាប់​ការប្រកួត ១​ទល់​៣​នាក់​នេះ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ដោយ​កាលនោះ ធារ៉ា បាន​ម៉ាត់​មិត្តរួម​ជាតិ ធី តុង​ហ៊ី រួមទាំង​កីឡាករ​ថៃ និង​កីឡាករ​ម៉ា​រ៉ុ​ក ឱ្យ​សន្លប់​ជា​បន្តបន្ទាប់​គ្នា ក្នុង​រយៈពេល​ប្រមាណ​៣​នាទី​។ ប៉ុន្តែ​បេក្ខភាព​កីឡាករ​បរទេស​ទាំង​៣​នាក់ ដែល ធឿន ធារ៉ា ត្រូវ​ជួបគ្នា​លើក​នេះត្រូវបាន​អ្នករៀបចំ​ការប្រកួត​អះអាងថា មាន​សមត្ថ​ភាពខ្លាំង​ដូចគ្នា​។​


​ចំពោះ​ការប្រកួត ១​ទល់​៣​នាក់ ជា​លើក​ទី​២​នេះ ធឿន ធារ៉ា បាន​និយាយថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​ផង និង​ភ័យ​ផងដែរ ព្រោះ​ការប្រកួត ១​ទល់​៣​នាក់​លើក​នេះ គឺ​សុទ្ធតែជា​កីឡាករ​បរទេស​។ ទោះយ៉ាងណា ខ្ញុំ​សង្ឃឹម​៧០​ភាគរយ ហើយ​ទោះបីជា​ខ្ញុំ​មានការ​ប្រកួត​ជាប់ៗ​គ្នា​រៀងរាល់​សប្តាហ៍ តែ​ខ្ញុំ​គិតថា វា​មិនជា​បញ្ហា​អ្វី​សម្រាប់​ខ្ញុំ​នោះទេ​។ ខ្ញុំ​នឹង​ខំប្រឹងប្រែង​ធ្វើឱ្យ​អស់ពី​សមត្ថភាព ទោះបីជា​ចាញ់ ឬ​ឈ្នះ​យ៉ាងណាក៏ដោយ​»​។​

​ យ៉ាងណាមិញ​ជើង​ខ្លាំង មាន​រហស្សនាម «​ជាងកាត់សក់​» ព្រំ សំណាង ត្រូវបាន​ដាក់ឱ្យ​ប្រកួត​ជាមួយ​អ្នក​ប្រយុទ្ធ​របស់​រុស្ស៊ី Vladimir Gabov ក្នុង​ទម្ងន់​៧៨​គីឡូក្រាម​។ បើទោះបីជា​មួយរយៈ​នេះ ព្រំ សំណាង បានឈ្នះ​ជាប់ៗ​គ្នា ហើយ​ភាគច្រើន បាន​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់ មិន​លើសពី​រង្វង់​៣​ទឹក ប៉ុន្តែ​លោក ជួប វុត្ថា អ្នក​ផ្គូផ្គង​កីឡាករ​ប្រចាំ​នៅ​សង្វៀន​ថោ​ន បានឱ្យដឹងថា នៅក្នុង​ប្រវត្តិ​ប្រកួត​កីឡាករ​រុស្ស៊ី​រូបនេះ ធ្លាប់​ចាញ់​សម្រាប់​ការប្រកួត​តាមបែប MMA ចំនួន​៥​ដង ប៉ុន្តែ​ចំពោះ​ការប្រកួត​បែប​ប្រដាល់សេរី​ចំនួន​៦០​ដង កន្លងមកនេះ មិន​ធ្លាប់​ចាញ់​នោះទេ​។​

លោក ជួប វុត្ថា បាន​ប្រា​ក់ថា​៖ «​បើ​មើល​ទៅលើ​បទពិសោធន៍​ប្រកួត​របស់​កីឡាករ​រុស្ស៊ី រូបនេះ ពិតជា​ល្អ​មែនទែន ដោយ​៦០​ប្រកួត​របស់គាត់ មិនដែល​ចាញ់​មែន ហើយ​ការ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់ ភាគច្រើន​ប្រើ​ជង្គង់​ទាំងអស់ អ៊ីចឹង​អាវុធ​សំខាន់​របស់ Vladimir Gabov គឺ​ជង្គង់ វា​ស័ក្តិសម​នឹង ព្រំ សំណាង របស់​កម្ពុជា ដែល​គាត់​ពូកែ​ជង្គង់​ដូចគ្នា ដូច្នេះ​គូ​នេះ នឹង​កក្រើក​ខ្លាំង គឺ​ជង្គង់ ប៉ះ​ជង្គង់ ហើយ​យើង​ចាំមើល​ថា​តើ ជង្គង់​អ្នកណា​ល្អ​ជាង និង​មុត​ជាង​?»​។​

​ ជាមួយគ្នានេះ កីឡាករ​ជើង​ខ្លាំង បឺត សង្ឃឹម និង វ៉ាន់ វឿន ត្រូវ​ប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើមយក​ខ្សែក្រវាត់ ទម្ងន់​៦០​គីឡូក្រាម នៃ​ព្រឹត្តិការណ៍ WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​រដូវ​កាល​ទី​២​នេះ អមដោយ​ប្រាក់រង្វាន់​ជាង​១​ម៉ឺន​ដុល្លារ នា​យប់​ថ្ងៃ​សៅរ៍​នេះដែរ ហើយ​កីឡាករ ស៊ន រ៉ា​គីម ត្រូវ​ប្រកួត​ដណ្តើមយក​លេខ​៣ និង​លេខ​៤ ជាមួយ​កីឡាករ គង់ ហូ​វ ក្នុងពេល​ជាមួយគ្នា​នោះ​ដូចគ្នា​។​

​ អម​ជាមួយ​ការប្រកួត​ផ្តាច់ព្រ័ត្រ​នេះ កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា ម៉ឺន មេ​ឃា​, ឈឿង ល្វៃ​, ម៉ឺន សុខ​ហ៊ុ​ច និង អេ​លី​ត សាន់ ក៏បាន​ដាក់ឱ្យ​ប្រកួត​មិត្តភាព​ជាមួយ​កីឡាករ​បរទេស ផងដែរ ដោយ​ក្នុងនោះ អេ​លី​ត សាន់ ត្រូវ​ប៉ះ​ថៃ Rambong ក្នុង​ទម្ងន់​៦០​គីឡូក្រាម រីឯ ម៉ឺន មេ​ឃា ត្រូវ​ជួប​អ៊ុយ​ក្រែ​ន Luca Lassalle ក្នុង​ទម្ងន់​៦៣,៥​គីឡូក្រាម ហើយ ឈឿង ល្វៃ ប្រកួត​ជាមួយ​ថៃ Wathaphon Khamsunthong ក្នុង​ទម្ងន់​៧២​គីឡូក្រាម ខណៈ មឿ​ន សុខ​ហ៊ុ​ច ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Natthaphum ក្នុង​ទម្ងន់​៦៥​គីឡូក្រាម​។​

​ចំពោះ​បេក្ខភាព​កីឡាករ​បរទេស​ទាំងអស់ ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ នេះ ត្រូវបាន​លោក គឹម ស្រ៊ុន​កុសល ហៅ Tommy Kim ជាទី​ប្រឹក្សា​ទូរទស្សន៍​ថោ​ន និង​ជា​តំណាង Mas Fight ប្រចាំ​ប្រទេស​កម្ពុជា អះអាងថា សុទ្ធ​តែមាន​សមត្ថភាព​ខ្លាំង ស្ថិតក្នុង​កម្រិត A ហើយ​ការចំណាយ សម្រាប់​ព្រឹត្តិការណ៍​ទាំងមូល គឺមាន​ចំនួន​ច្រើន ដល់​ជិត​ខ្ទង់សែន​ដុល្លារ​ឯណោះ​។​

​លោក Tommy Kim ដែលជា​តំណាង IPCC ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​ប្រាប់ថា​៖ «​កម្មវិធី​លើក​នេះ គឺ​ខាង​ស្ព​នស័​រ និង​ស្ថានីយ បាន​រួមគ្នា​រៀបចំឡើង ដោយបាន​ចំណាយ​ច្រើនជាង​ការប្រកួត​រាល់ដង ដោយ​យើង​យក​សុទ្ធតែ​កីឡាករ​កម្រិត A មក​ប្រកួត ហើយ​ការ​ហ៊ាន​ចំណាយ​ដ៏​ធំ​សម្បើម​យ៉ាងនេះ ក៏​ព្រោះតែ​យើង​ចង់​ផ្សព្វផ្សាយ​គុន​ខ្មែរ ស្រប​ពេលដែល​ប្រទេស​យើង​កំពុង​រៀបចំ​ស៊ី​ហ្គេម នៅ​ខែឧសភា ខាងមុខនេះ​ផង​»​។​

​ លោក​បាន​បន្ថែមថា​៖ «​លើសពីនេះ ខាង​អ្នកគ្រប់គ្រង​របស់​ថោ​ន និង​ម្ចាស់​ស្ព​នស័​រ​របស់​យើង ចង់​ជំរុញឱ្យមាន​សម្ទុះ​គាំទ្រ​កាន់តែខ្លាំង​លើ​វិស័យ​កីឡា​គុន​ខ្មែរ​នេះ ព្រោះ​ឆ្លងតាម​ការរៀបចំ​វគ្គ​១ កន្លងមក និង​វគ្គ​២​នេះ ឃើញថា គុន​ខ្មែរ​មាន​សម្ទុះ​កាន់តែខ្លាំង រហូត​ធ្វើឱ្យ​ប្រទេសជិតខាង​ខ្លះ​ភ័យព្រួយ​បារម្ភ ពី​ការរីកចម្រើន​របស់​គុន​ខ្មែរ​»៕