ភ្នំពេញៈប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា លោក អ៊ូ រតនា ​បាន​ឱ្យ​ដឹង​ថា ការ​ធ្វើ​ម្ចាស់ផ្ទះការ​ប្រកួត​​​កីឡាវ៉ូវី​ណាមជើង​ឯក​អាស៊ី​អាគ្នេយ៍ លើកទី​៦ ឆ្នាំ​ ២០២៣ នា​ថ្ងៃទី​ ២៥ ដល់ថ្ងៃទី ​៣០ ខែ​មីនា​ ត្រូវបាន​រៀបចំ​ឡើង​ ដើម្បីជា​បទពិ​សោធន៍ និងការ​ត្រៀម​លក្ខណៈ​ឱ្យបាន​កាន់តែ​ប្រសើរ​ទាំង​ក្រុម​មន្រ្តី​បច្ចេក​ទេស និង​ក្រុម​អត្តពលិក​ជម្រើស​ជាតិ សម្រាប់​ការ​ធ្វើ​ជាម្ចាស់​ផ្ទះ ក្នុង​ព្រឹត្តិ​ការណ៍​​ស៊ីហ្គេម លើក​ទី​៣២ នា​ខែ​ឧសភា ឆ្នាំ​២០២៣​នេះ។

សម្រាប់​ការ​ប្រកួត​​​កីឡាវ៉ូវី​ណាម​ជើងឯក​អាស៊ី​អាគ្នេយ៍ លើកទី​៦ ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​​ធ្វើ​ឡើង ​ក្រោមការ​ឧបត្ថម្ភ​របស់​គណៈ​កម្មាធិ​ការ​ជា​តិ​ រៀ​ប​ចំការ​ប្រកួត​កីឡា​អា​ស៊ី​អា​គ្នេយ៍​ ​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ក្រសួ​ងអ​ប់​រំ​យុវជន និង​កី​ឡា​​នេះ មាន​ប្រទេស​ចំនួន​៦ បាន​ប​ញ្ជូន​​ប្រតិ​ភូ​មក​​ប្រ​កួត​ប្រ​ជែង​ជា​មួយ​ម្ចាស់​ផ្ទះ​កម្ពុជា គឺ​មាន​ប្រទេស​ថៃ ​មី​យ៉ា​ន់ម៉ា​ ឥណ្ឌូនេស៊ី​ ហ្វីលី​ពីន ឡាវ និង​វៀត​ណា​ម ​ជាម្ចា​ស់​ក្បាច់​គុ​ននេះ​ ដោ​យមា​ន​​អ​ត្តព​លិ​កចូ​ល​រួម​​សរុប​​២០​២​​នាក់​ ថ្នា​ក់ដឹ​កនាំ​ប្រ​តិ​ភូ​២៤​នាក់ ​អាជ្ញា​កណ្តា​លចៅ​ក្រ​ម ១៧នាក់ និ​ង​គ្រូ​បង្វឹក​២៤​នាក់។

ចំពោះការ​ប្រកួត​នេះ លោក អ៊ូ រតនា បាន​ថ្លែង​ថា៖ ​«ការ​ប្រកួត​នេះ ពិតជា​សំខាន់​មែនទែន ដើម្បី​ឱ្យ​ពួក​ខ្ញុំ ​​បាន​ត្រួត​ពិនិត្យ ក្នុងនាម​ជាអ្នក​បច្ចេកទេស​របស់សហព័ន្ធ ទៅ​លើ​​កីឡាករ កីឡាការិនី​របស់​យើង ថាតើ​ពួកគាត់ មាន​កម្រិត និង​ធ្វើបានល្អ​បែបណា​​ហើយ។ បើ​អ្នក​ធ្វើ​​បាន​សិទ្ធផល​​ល្អ យើង​នឹង​ជំរុញ​គាត់​បន្ថែម​ទៀត ដើម្បី​​ចូល​រួមប្រកួត​ស៊ីហ្គេម ប៉ុន្តែ​អ្នក​ធ្វើ​​មិន​​បាន​លទ្ធផល​ល្អទេ យើង​នឹងមាន​ការ​ដោះដូរ ព្រោះ​យើងមាន​អ្នក​បម្រុង»។


ជាមួយ​គ្នា​នេះ លោក រតនា បានឱ្យដឹង​ថា ​សហ​ព័ន្ធ​​កីឡាវ៉ូវីណាម ពេលនេះ ​មាន​ធន​ធាន​កីឡាករ កីឡាការិនី​ច្រើន សម្រាប់ធ្វើការ​​ផ្លាស់ប្តូរ អ្នក​ធ្វើមិន​បានល្អ គឺ​មិន​មែន​ខ្សត់​ធនធាន ដូចកាលពី​១០​ឆ្នាំមុន​នោះ​ទេ។ តែទោះបី​ជា​យ៉ាង​ណា លោកបាន​ផ្តល់​ភាព​ជឿជាក់ និង​សង្ឃឹម​ថា កីឡាករ​ចំនួន​២៧​នាក់ និង​កីឡាការិនី​​១១​នាក់​របស់​កម្ពុជា នឹង​ធ្វើបាន​ល្អ​គ្រប់ៗគ្នា ខណៈ​ការ​​ប្រកួតជើង​ឯកអាស៊ី​អាគ្នេយ៍​នេះ កម្ពុជា​​បាន​ដាក់​គ្រប់​ប្រភេទ​វិញ្ញាសា​ទាំង៣០ ដូច​ការ​ប្រកួត​ស៊ីហ្គេម ខាងមុខ​នេះ​ដែរ ដោយក្នុង​នោះ មាន​​​វិញ្ញាសា​ប្រយុទ្ធ​៨ ប្រភេទ​ទម្ងន់​ និងសម្តែង​២២​វិញ្ញា​សា។

ប្រធាន​សហព័ន្ធ​រូបនេះ បាន​បន្ថែម​ថា៖ «​ការ​ប្រកួតនេះ បាន​ផ្តល់​អត្ថប្រយោជន៍​សំខាន់​មែន​ទែន ក្នុង​នាម​យើង​ជា​ម្ចាស់​ផ្ទះស៊ីហ្គេម ឆ្នាំ​២០២៣​នេះ ព្រោះ​វា​បាន​ជួយ​ឱ្យអត្តពលិក​របស់​យើង បានរៀបចំ និង​ត្រៀមខ្លួន​បាន​ល្អ​ គឺ​មិនមែន​ដល់​ថ្ងៃ​ប្រកួត ទើបត្រៀម​នោះទេ ដោយ​យើង​បាន​ត្រៀម​យូរ​ហើយ តែ​យើង​ត្រូវ​ខិតខំ​បន្ថែម​ទៀត»។


សម្រាប់ការ​ប្រកួត​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ សហព័ន្ធ​កីឡាវ៉ូវីណាម​កម្ពុជា ក្នុង​នាមជា​ម្ចាស់​ផ្ទះ បាន​ដាក់​គោលដៅ ត្រូវដណ្តើម​មេដាយ​មាស​ឱ្យបាន​យ៉ាង​ហោច​ណាស់​​ចំនួន៩ ទៅតាម​ការ​ដាក់​សម្ទុះ​របស់​ CAMSOC ហើយជា​មួយគ្នា​នេះ ការ​រៀបចំ​ផ្សេងៗ និងការ​កាត់​សេចក្តី ក្នុងការ​ប្រកួត​ស៊ីហ្គេម ខាងមុខ​នេះ សុទ្ធតែជា​ចំណុច​សំខាន់ ដែល​​ក្រុម​មន្រ្តី​បច្ចេកទេស​វ៉ូវីណាមកម្ពុជា ត្រូវ​រៀនសូត្រ​បន្ថែម តាមរយៈការ​ធ្វើម្ចាស់ផ្ទះ​ការ​ប្រកួត​ជើងឯក​អាស៊ាន លើកនេះ មុន​ការ​ប្រកួតផ្លូវ​ការ​​ស៊ីហ្គេម ​ឈាន​ចូលមក​ដល់ នា​ខែឧសភា ខាង​មុខ​នេះ។

លោក អ៊ូ រតនា បាន​បញ្ជាក់​ថា៖ «ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍​នេះ ក៏បាន​ផ្តល់​អត្ថ​ប្រយោជន៍​​ដល់​គណៈកម្មការ​បច្ចេក​ទេស ចៅ​ក្រម​ អាជ្ញា​កណ្តាល និង​គណៈកម្មការ​រៀបចំ​របស់​យើង គឺ​ធ្វើ​ម៉េច​ឱ្យការ​រៀបចំ​ទទួល​ភ្ញៀវ​មក​ប្រកួត​​ស៊ីហ្គេម ខាង​មុខ​នេះ បាន​ល្អ​ប្រសើរ ​ការ​កាត់​សេចក្តី ក៏មាន​ភាព​សុក្រឹត និង​យុត្តិធម៌​ ព្រោះយោង​ទៅតាម​អនុសាសន៍​របស់​សម្តេច​​នាយក​រដ្ឋមន្រ្តី គឺ​យើង មិន​ត្រឹមតែ​ចង់​បាន​មេដាយ​មាស​​ប៉ុណ្ណោះទេ ប៉ុន្តែ​យើងចង់​ឱ្យ​អ្នក​ចូល​រួម​ទាំង​អស់ ទទួល​ស្គាល់​​ថា កម្ពុជា​ពិត​ជា​ធ្វើ​បាន»៕