ភ្នំពេញៈ ពិធី​រត់​ភ្លើង​គប់​នៃ​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​ ២០២៣ ​ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ គឺ​បាន​បន្ត​រៀបចំ​នៅ​ទីក្រុង​តា​កាយ​តា​យ​ ប្រទេស​ហ្វីលី​ពីន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ​ទី ១៨ ​ខែមីនា​នេះ ​បន្ទាប់ពី​ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ហា​ណូយ ប្រទេស​វៀត​ណាម ​ប្រកប​ដោយ​ជោគ​ជ័យ កាល​ថ្ងៃទី ​២៤ ខែមីនា​ កន្លង​មក​។​


​ការរត់​ភ្លើង​គប់នៅ​ទីក្រុង​តា​កាយ​តាយ ​នៅវេលា​ម៉ោង ​៦ ​​ព្រឹក ​ថ្ងៃនេះ​ ត្រូវ​បាន​ធ្វើឡើង​ក្រោម​វត្ត​មាន​ លោក ហោ ​សារុន រដ្ឋ​លេខាធិ​ការ​ក្រសួង​ទេស​ចរណ៍ និង​ជា​បេសក​ជន​ពិសេស​តំណាង​ CAMSOC, លោក ផន ពៅ ឯក​អគ្គ​រាជ​ទូត​កម្ពុ​ជា​ប្រចាំ​ប្រទេស​ហ្វីលី​ពីន,​ លោក Abraham Tolentino ប្រធាន​គណៈ​កម្មាធិ​ការ​អូឡាំ​ពិក​ហ្វីលី​ពីន ​(POC) និង​លោក Mic​hael Barredo ប្រធាន​គណៈ​កម្មាធិ​ការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្វីលី​ពីន ហើយ​អង្គ​ទូត​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ប្រចាំ​សា​ធារណ​រ​ដ្ឋ​ហ្វីលី​ពីននិ​ង​ភ្ញៀវ​កិត្តិ​យស​ជា​ច្រើន​ទៀត ក៏បាន​ចូលរួម ក្នុង​ការ​រត់​ភ្លើង​គប់​នេះ​ដែរ​។​


​ចំពោះ​ការ​កាន់​ភ្លើង​គប់​រត់នៅ​ទីក្រុង​តា​កាយ​តា​យ​ប្រទេស​ហ្វីលី​ពីន​នេះ​គឺ​បាន​ចា​ប់ផ្តើម​ចេញពី​លោក ហោ ​សារុន ​មុន​ពេល​លោក​ប្រគល់​គប់​ភ្លើង​នេះ​បន្ត​ជូន​ទៅ​លោក ​ផន ពៅ ​រីឯ លោក ផន ពៅ បាន​ប្រគល់​បន្ត​ជូន​ទៅ​លោក Abraham Tolentino ហើយ​ក៏​បាន​បន្ដ​ប្រគល់​ជូន​ទៅ​លោក ​Michael Barredo​។


​បន្ទាប់​មក​ភ្លើង​គប់​នេះ​ បាន​ធ្លាក់​ទៅ​ដល់ដៃ​ក្រុម​អត្ត​ព​លិ​ក​ឆ្នើមៗ​របស់​ហ្វីលី​ពីននៅ​លើ​ប្រភេទ​កីឡា​ឃី​ក​បុក​ស៊ី​ង ប្រដាល់​សកល តេ​​ក្វាន់​ដូ ជឺ​ជី​តស៊ូ ក្រុម​អត្ត​ព​លិ​ក​ទោចក្រ​យាន និង​កីឡា​ការិនី​បាល់ទា​ត់ ​Hali Long ដែលជា​ប្រធាន​ក្រុម​ដើម្បី​រត់​បណ្តាក់​គ្នា​កាន់​ភ្លើង​គប់​នេះ​ដោយ​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ ៣​ គីឡូ​ម៉ែត្រក្នុង​ក្រុង​តា​កាយ​តា​យ ហើយ​ក្រោយ​បញ្ចប់​ការរត់​នេះ ភ្លើង «​ព្រះ​អគ្គិ​ជ័យ​កីឡា​» នឹងត្រូវ​យក​ទៅ​រៀបចំនៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អា​ស៊ាន ជា​បន្ត​បន្ទាប់​ទៀត​​៕