ការចាប់ឆ្នោត U-20 World Cup នៅកោះបាលី ត្រូវបានពន្យារពេល ខណៈមានការតវ៉ាប្រឆាំងនឹងវត្តមានរបស់ក្រុមអ៊ីស្រាអែល

ទីភ្នាក់ងាររ៉យទ័រ បានផ្សាយព័ត៌មានដោយស្រង់ប្រភពដែលខ្លួនទុកចិត្តមកថា ការចាប់ឆ្នោតសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកជម្រើសជើងឯកយុវជនអាយុក្រោម ២០ ឆ្នាំនៅប្រទេសឥណ្ឌូនេស៊ី នឹងត្រូវពន្យារពេល។
សមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) លើកឡើងថា ការចាប់ឆ្នោតដែលនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ២៤ មីនាត្រូវបានលុបចោល។ ខណៈដែលសហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងត្រួតពិនិត្យលើការត្រៀមខ្លួនក្នុងនាមជាម្ចាស់ផ្ទះរបស់ឥណ្ឌូនេស៊ី។
ការប្រកួត U20-World Cup មានប្រទេសចំនួន ២៤៤ ចូលរួម ហើយកម្មវិធីប្រកួត គ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី ២០ ខែឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា នៅបណ្ដាទីក្រុងចំនួន៦ នៃប្រទេសឥណ្ឌូនេស៊ី។ ប្រទេសអ៊ីស្រាអែល ទើបតែបានចូលរួមព្រឹត្តិការណ៍នេះជាលើដំបូងដែលមានកៅអីក្នុងនាមជាក្រុមមកពីតំបន់អ៊ឺរ៉ុប។
កាលពីដើមខែនេះ កាសែត Jakarta Post របស់ឥណ្ដូនេស៊ី បានរាយការណ៍ថា អភិបាលខេត្ត Bali លោក Wayan Koster បានផ្ញើលិខិតទៅក្រសួងយុវជន និងកីឡាឥណ្ឌូនេស៊ីដោយសុំឱ្យពួកគេ៖«អនុវត្តគោលនយោបាយហាមឃាត់ក្រុមអ៊ីស្រាអែលមិនឱ្យប្រកួតប្រជែងនៅកោះបាលី» ក្រោមហេតុផលអ៊ីស្រាអែលមានជម្លោះជាមួយប៉ាឡេស្ទីន។
លិខិតនោះក៏ត្រូវបានផ្ញើទៅសមាគមបាល់ទាត់ឥណ្ឌូនេស៊ី ដែរ។ ទីភ្នាក់ងាររ៉យទ័រមិនអាចទាក់ទងការិយាល័យអភិ បាលខេត្តបាលី ដើម្បីសុំការអត្ថាធិប្បាយបានទេ។
សមាគមបាល់ទាត់ឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«អភិបាលកោះបាលីលោក Wayan Koster បានច្រានចោលវត្តមានរបស់ក្រុមជម្រើសជាតិអ៊ីស្រាអែលនៅក្នុងព្រឹត្តិការណ៍ FIFA U-20 World Cup ... នេះអាចជាហេតុផលសម្រាប់ FIFA ក្នុងការលុបចោលការចាប់ឆ្នោត U-20 World Cup»។ សេចក្ដីថ្លែងការណ៍បន្ថែមថា ៖«សម្រាប់ FIFA ការបដិសេធរបស់អភិបាលកោះបាលី(ដែលច្រានចោលវត្តមានក្រុមអ៊ីស្រាអែល) គឺដូចគ្នានឹងការលុបចោលរាល់ការធានារៀបចំការប្រកួតរបស់អាជ្ញាធរកោះបាលីដូច្នេះដែរ»។
កាលពីដើមខែនេះ ក្រុមអ្នកតវ៉ាបានដើរដង្ហែក្នុងរដ្ឋធានីហ្សាការតា ដោយគ្រវីទង់ជាតិឥណ្ឌូនេ ស៊ី និងប៉ាឡេស្ទីន ដើម្បីទាមទារឱ្យច្រានចោលវត្តមានអ៊ីស្រាអែលលេងក្នុងព្រឹត្តិការណ៍នេះ។
ប្រជាជនឥណ្ឌូនេស៊ីជាអ្នកកាន់សាសនាអ៊ិស្លាម។ ប្រជាជនអ៊ិស្លាមឥណ្ឌូនេ ស៊ីភាគច្រើនអនុវត្តបែបសាសនាអ៊ិស្លាមកម្រិតមធ្យម ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះបានឃើញការកើនឡើងនៃលទ្ធិអភិរក្សសាសនា ដែលបានឈានជើងចូលក្នុងនយោបាយ។
ក្នុងរយៈពេល១ ឆ្នាំកន្លងមក កងកម្លាំងអ៊ីស្រាអែលបានចាប់ខ្លួនរាប់ពាន់នាក់នៅតំបន់ West Bank និងបានសម្លាប់ជនជាតិប៉ាឡេស្ទីនមានទាំងសកម្មប្រយុទ្ធ និងជនស៊ីវិលប្រមាណជាង ២០០ នាក់។ ទន្ទឹមនឹងនេះ ជនជាតិអ៊ីស្រាអែលជាង ៤០ នាក់ និងអ៊ុយក្រែន ៣ នាក់បានស្លាប់ក្នុងការវាយប្រហាររបស់ប៉ាឡេស្ទីន។
សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមបាល់ទាល់ឥណ្ឌូនេស៊ី លោក Arya Sinulingga បាននិយាយថាគាត់មានការព្រួយបារម្ភថា FIFA អាចនឹងទាត់ឥណ្ឌូនេស៊ីចេញពីពិភពបាល់ទាត់ដោយសារតែស្ថានការណ៍នយោបាយបានជ្រៀតជ្រែកចូលបាល់ទាត់។
លោកSinulingga បញ្ជាក់ថា សមាគមបាល់ទាត់ឥណ្ឌូនេស៊ី សង្ឃឹមថា នឹងមានដំណោះស្រាយមួយដែលស្ថានភាពនយោបាយត្រូវបំបែកចេញពីកីឡា៕