ទិវារត់ប្រណាំងអន្តរជាតិនៅខេត្តព្រះសីហនុ នឹងរៀបចំឡើងវិញនៅដើមខែមេសា ដើម្បីទាក់ទាញទេសចរ និងផ្សព្វផ្សាយពីស៊ីហ្គេម
ព្រះសីហនុៈ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុដែលបានខកខានធ្វើអស់រយៈពេល ៤ ឆ្នាំមកហើយនោះនឹងត្រូវរៀបចំឡើងវិញនៅឆ្នេរអូរឈើទាលនាថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ ដើម្បីទាក់ទាញភ្ញៀវទេសចរ ព្រមទាំងបន្ថែមគុណតម្លៃក្នុងការផ្សព្វផ្សាយដំណើរការរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។
ការប្រកួតពីការរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី៨ នៅខេត្តព្រះសីហនុនេះ ត្រូវបានប្រកាសឱ្យដឹងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃទី ២៥ ខែមីនា ហើយលោក វ៉ាត់ ចំរើន បានអះអាងថា នេះជាគោលដៅប្រចាំឆ្នាំរបស់ NOCC ដើម្បីគាំទ្រ និងជំរុញវិស័យទេសចរណ៍ បរិស្ថានបៃតង ភាពស្រស់ស្អាតនៃតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុព្រមទាំងស្វែងរកថវិកាដើម្បីបរិច្ចាគដល់ការងារសប្បុរសធម៌។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «ការរៀបចំទិវារត់ប្រណាំងនៅតំបន់ឆ្នេរដ៏ស្រស់ស្អាតនេះ គឺយើងមានគោលដៅច្បាស់លាស់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកម្ពុជាកាន់តែច្រើន ជាពិសេសគឺគោលដៅទេសចរណ៍ក្នុងស្រុក។ នេះជាការបន្តនិរន្តរភាពក្នុងការរៀបចំឡើងវិញ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាតាមរយៈការរត់ប្រណាំងមហាជនដើម្បីសប្បុរសធម៌ បរិស្ថាន និងការផ្សព្វផ្សាយបន្ថែមដល់គុណតម្លៃដល់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត»។
ទន្ទឹមនឹងនេះ លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ផងនោះ បានឱ្យដឹងទៀតថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី៨នេះ ក៏ត្រូវបានរៀបចំឡើងវិញ ក្នុងគោលបំណង អបអរសាទរដល់ដំណើរការឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំនេះផងដែរ។
លោកបានបញ្ជាក់ថា៖«ទិវារត់ប្រណាំងអន្តរជាតិនេះ ជាបុរេព្រឹត្តិការណ៍ សម្រាប់អបអរសាទរដល់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាចលនាផ្សព្វផ្សាយមួយទៀតក្នុងការបំផុសដល់ដំណើរការព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ហើយនៅខេត្តព្រះសីហនុនេះ ក៏នឹងត្រូវរៀបចំការប្រកួត៣ប្រភេទកីឡាគឺទូកក្តោង ម៉ូតូទឹក បាល់ទះឆ្នេរខ្សាច់ សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២ នាខែឧសភា ខាងមុខផងដែរ»។
គិតមកទល់ពេលនេះមានអ្នកបានចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុប្រមាណ១០០០នាក់ហើយ ស្របពេលគណៈកម្មការរៀបចំទិវាកីឡានេះកំពុងត្រៀមឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីជំរុញឱ្យដំណើរការរត់ប្រណាំងអន្តរជាតិនៅតំបន់ឆ្នេរអូរឈើទាលប្រព្រឹតទៅដោយរលូន និងផ្តល់ភាពកក់ក្តៅដល់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងអន្តរជាតិនៅកម្ពុជាបានឱ្យដឹងថា ទិវារត់ប្រណាំងនៅឆ្នេរអូរឈើទាលនាថ្ងៃទី២ ខែមេសា ខាងមុខ មាន៤វិញ្ញាសា គឺរត់ពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ២១គីឡូម៉ែត្រ រត់ចម្ងាយ១០គីឡូម៉ែត្រ រត់៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ។លោកបង្ហាញការជឿថា ស្ថានភាពផ្លូវ និងបរិយាកាសអំណោយផលល្អនៅព្រះសីហនុ នឹងផ្តល់ភាពកក់ក្តៅសម្រាប់អ្នកចូលរួមទាំងអស់ជាមិនខានឡើយ។
«ដោយសារស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មានភាពស្រស់ស្អាតទាក់ទាញខ្លាំង ហើយវិញ្ញាសារត់២១គីឡូម៉ែត្រ ត្រូវរត់លើដងផ្លូវជាប់មាត់ឆ្នេរសមុទ្ររហូតដល់ទៅ៨គីឡូម៉ែត្រនោះ គឺវានឹងធ្វើឱ្យអ្នករត់ប្រណាំងទាំងឡាយ កាន់តែស្រស់ស្រាយ និងសប្បាយរីករាយទ្វេដង»។ លោកសែម ផល្លា បានបញ្ជាក់ថា ក្នុងចំណោមអ្នកចុះឈ្មោះប្រមាណ១០០០នាក់ គឺមានអ្នករត់អន្តរជាតិ ជាង១០០នាក់ មកពី២៤ប្រទេស ក្នុងនោះមានចិន ថៃ និងម៉ាឡេស៊ី ច្រើនជាងគេ៕