ពានរង្វាន់សម្តេច ហ៊ុន សែន បើកឱ្យកីឡាករបរទេសចូលរួមប្រកួត ដើម្បីបង្កើនគុណភាពលេង និងការចាប់អារម្មណ៍

ភ្នំពេញៈ ការប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៧ ឆ្នាំ ២០២៣ បានចាប់ផ្តើមធ្វើការប្រកួតជម្រុះថ្នាក់ខេត្តហើយ។ ការប្រកួតរដូវកាលថ្មីនេះមានការកែប្រែលក្ខខណ្ឌ និងបទបញ្ជាប្រកួតទូលំទូលាយ និងមានការទាក់ទាញខ្លាំង ដោយគណៈកម្មការរៀបចំការប្រកួតបានបើកឱ្យគ្រប់ក្លិប អាចចុះឈ្មោះកីឡាករបរទេសចូលរួមប្រកួតជាលើកដំបូង ចំណែកប្រាក់រង្វាន់ ក៏មានការកើនឡើងជាងឆ្នាំមុនផងដែរ។
ការកែប្រែលក្ខខណ្ឌ និងបទបញ្ជាប្រកួតនេះ ត្រូវបានគណៈកម្មការរៀបចំការប្រកួត ប្រកាសជាផ្លូវការ ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីការប្រកួតនេះ កាលពីថ្ងៃទី ២៧ មីនា។ ក្នុងសិក្ខាសាលនោះ គណៈកម្មការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ក្រុម ឬក្លិបនីមួយៗ ត្រូវចុះឈ្មោះកីឡាករ យ៉ាងតិចបំផុតចំនួន ១៨ នាក់ និងច្រើនបំផុត ៣៥ នាក់ ក្នុងនោះ អាចចុះឈ្មោះកីឡាករបរទេសបាន ៦ នាក់ និងមន្ដ្រីចំនួន ១ ២នាក់។
ចំពោះកីឡាករបរទេសទាំង ៦ នាក់ គណៈកម្មការអនុញ្ញាតឱ្យមាន ៤ នាក់ ចូលលេងក្នុង ១ ប្រកួត ប៉ុន្តែត្រូវមានកូតាកីឡាករអាស៊ី ១ នាក់ នៅក្នុងទីលាន និងបរទេស៣នាក់ ហើយកីឡាករ ដែលចុះឈ្មោះរួច ត្រូវពាក់អាវពីលេខ១ ដល់លេខ៩៩។ ក្នុងចំណោមកីឡាករ ដែលចុះឈ្មោះទាំងនោះ ក្លិបនីមួយៗ ត្រូវមានសមាសភាពអ្នកចាំទី យ៉ាងហោចណាស់៣រូប និងត្រូវមាន ១ នាក់ ពាក់អាវលេខ ១។
យ៉ាងណាមិញ សមាសភាព អំឡុងពេលប្រកួត ក្លិបនីមួយៗ អាចជ្រើសរើសកីឡាករ បាន ២១ នាក់ ក្នុងបញ្ជីផ្ដើមប្រកួត រាប់ ទាំងកីឡាករបម្រុង ហើយក្រៅពីកីឡាករ២១នាក់នេះ ក្លិបក៏អាចចុះឈ្មោះមន្ដ្រីចំនួន ៨ នាក់ផងដែរ។ រីឯការប្ដូរសមាសភាពកីឡាករអំឡុងពេលប្រកួតវិញ ក្រុមនីមួយៗ អាចប្ដូរកីឡាករបាន៥នាក់ នៃការប្ដូរចំនួន៣លើក ដោយមិនរាប់បញ្ជូលការប្ដូរអំឡុងពេលសម្រាក បន្ទាប់ពីចប់តង់ទី១ នោះទេ។

ជុំវិញការប្តូរលក្ខខណ្ឌ និងបទបញ្ជានៃការប្រកួត លោក ឈី កុលបុត្រា អនុប្រធានគណៈកម្មការរៀបចំការប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែន បាននិយាយថា៖«គោលដៅចម្បង ក្នុងការបើកឱ្យមានការចុះឈ្មោះកីឡាករបរទេសនេះ ដើម្បីធ្វើឱ្យពានរង្វាន់សម្តេច ហ៊ុន សែន នេះ មានការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន និងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ ក៏ដូចជាអ្នកស្ពនស័រ ងាកមកឧបត្ថម្ភ ដល់ការប្រកួតនេះ និងក្លិបផងដែរ»។
បន្ថែមលើនេះ ដោយសារក្រុមឈ្នះតំណែងជើងឯក ក្នុងការប្រកួតពានរង្វាន់សម្តេចហ៊ុន សែន ធ្លាប់បានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ផ្តល់កូតាឱ្យទៅប្រកួតក្នុងពានរង្វាន់ AFC Cup កាលពីឆ្នាំ ២០២១ នោះ អ៊ីចឹងការបើកឱ្យមានការចុះឈ្មោះកីឡាករបរទេសនេះ ត្រូវបានលោក ឈី កុលបុត្រា បញ្ជាក់ថា ដើម្បីជំរុញការប្រកួតនេះ ឱ្យស្របទៅតាមស្តង់ដារបស់ AFC។
លើសពីនេះ ក្លិបទាំងអស់លេងនៅលីគកំពូលកម្ពុជា និងក្រុមលេងនៅលីគ ២ មួយចំនួនទៀត ក៏បានស្នើសុំឱ្យមានការដាក់កីឡាករបរទេសចូលលេងក្នុងពានរង្វាន់សម្តេចហ៊ុន សែន ដែរ ដោយសារក្លិបបានចុះកិច្ចសន្យាជាមួយកីឡាករបរទេស ដោយចំណាយថវិកាច្រើន ប៉ុន្តែក្លិបអាចប្រើប្រាស់កីឡាករបរទេស សម្រាប់តែការប្រកួតលីគ។ ហេតុនេះ ការដាក់កីឡាករបរទេសឱ្យចូលរួមក្នុងពានសម្តេច ហ៊ុន សែន នឹងផ្តល់ផលចំណេញសម្រាប់ក្លិប ក្នុងការប្រើកីឡាករបរទេសរបស់ខ្លួន ឱ្យបានច្រើនព្រឹត្តិការណ៍ និងអស់ពីសក្តានុពល ស្របតាមការចំណាយរបស់ក្លិបផងដែរ។
សម្រាប់ការប្រកួតជម្រុះពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តរដូវកាលថ្មីនេះ មានក្រុមចូលរួមចំនួន ២០ ដោយចែកចេញជា ៤ ពូល។ ក្នុងនោះពូលក មានក្រុមម្ចាស់ជើងឯកថ្នាក់ខេត្តឆ្នាំ ២០២២ ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តកែប, កំពត អេហ្វស៊ី, ខេត្តព្រះសីហនុ និងមន្ទីរអយក ខេត្តកំពង់ស្ពឺ។ រីឯពូល ខ មានខេត្តកណ្ដាល, មន្ទីរអយក ខេត្តកំពង់ចាម, មន្ទីរអយកខេត្តកំពង់ឆ្នាំង, មន្ទីរអយក ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង។
ចំណែកពូលគ មានក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់, យុវជនខេត្តបាត់ដំបង, សូហ្វីយ៉ាប៉ៃលិន, ខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ និងពូលឃ មានក្លិបបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ, ព្រះវិហារអេហ្វស៊ី, មន្ទីរអយក ខេត្តសៀមរាប, អធិរាជដំរីឦសាន ខេត្តរតនគិរី និងសមាគមកីឡា ខេត្តមណ្ឌលគិរី។
ចំពោះការប្រកួតថ្នាក់ខេត្ត ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៧ ឆ្នាំ ២០២៣ នេះ បានចាប់ផ្តើមប្រកួតជម្រុះ កាលពីថ្ងៃទី២៨ ខែមីនា ដើម្បីរកក្រុមលេខ១ និងលេខ២ តាមពូលទាំង៤ ឡើងទៅប្រកួតនៅវគ្គ៨ក្រុមចុងក្រោយ រួចរកក្រុមឈ្នះ ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ ក្រុមបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងទទួលបានកៅអី ឡើងទៅប្រកួតនៅថ្នាក់ជាតិ ជាមួយក្រុមលេងនៅលីគ២ និងលីគកំពូល។
ជាមួយគ្នានេះ សម្រាប់ប្រាក់រង្វាន់ ទាំងការប្រកួតថ្នាក់ខេត្ត និងថ្នាក់ជាតិ នៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ ២០២៣ នេះ មានចំនួនច្រើនជាងការប្រកួត កាលពីឆ្នាំ ២០២២។ ក្នុងនោះ ក្រុមលេខ១ថ្នាក់ខេត្ត នឹងទទួលបាន ២០ លានរៀល ច្រើនជាងឆ្នាំមុន ដែលមានត្រឹម ១៧ លានរៀល រីឯក្រុមលេខ ១ ថ្នាក់ជាតិ នឹងទទួលបាន ១៥០ លានរៀល ច្រើនជាងឆ្នាំមុន ដែលមានត្រឹម ១១០ លានរៀល។ ចំណែកក្រុមលេខ ២ និងលេខ ៣ រួមទាំងប្រាក់រង្វាន់សម្រាប់គ្រូល្អ កីឡាករល្អ អ្នកចាំទីល្អ អ្នកទាត់ចូលទីច្រើនជាងគេ ក៏មានចំនួនច្រើនជាងឆ្នាំមុនផងដែរ៕