បុរសជនជាតិអាហ្សង់ទីន លោក Félix Dalmás ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងឱ្យធ្វើជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ជំនួសអ្នកចាត់ការទូទៅ លោក Keisuke Honda ដែលនឹងបញ្ចប់តួនាទី ក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា នៅក្រោយព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាថ្ងៃទី១៧ ខែឧសភា ខាងមុខនេះ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសនៅលើផេចហ្វេសប៊ុករបស់ខ្លួន នៅមុននេះបន្តិចថា៖ «លោក Félix Dalmás គឺជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាឈុតធំ និងឈុតអាយុក្រោម២៣ឆ្នាំ។ លោក Félix Dalmás នឹងចូលមកកាន់តំណែងរបស់ខ្លួនជាផ្លូវការ នៅក្រោយចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។
ការប្រកាសពីព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍នេះ ត្រូវបានធ្វើឡើង នៅក្នុងសន្និសីទកាសែត ស្តីពីការប្រកាសគ្រូបង្គោលថ្មី ដែលត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យនេះតែម្តង។ ជាមួយគ្នានេះ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា លោក Félix Dalmás នឹងត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២៣នេះ ដល់ឆ្នាំ២០២៦។
ជាមួយគ្នានេះ លោក Félix Dalmás បានបង្ហាញការសប្បាយរីករាយខ្លាំង សម្រាប់ការវិលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ជាលើកទី២នេះ ព្រោះលោកធ្លាប់បានចូលរួមដឹកនាំក្រុមជម្រើសជាតិកម្ពុជា ជាមួយលោក Keisuke Honda ជាលើកដំបូង នៅខែសីហា ឆ្នាំ២០១៨។ ប៉ុន្តែ Félix បានសម្រេចលាឈប់ពីតួនាទីជាគ្រូបង្គោល ដោយសារតែបញ្ហាផ្ទាល់ខ្លួនមួយចំនួន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
លោក Félix Dalmás បាននិយាយ ក្នុងសន្និសីទកាសែតថា៖ «ខ្ញុំពិតជាមានការរីករាយខ្លាំងមែនទែន សម្រាប់ការវិលត្រឡប់មកដឹកនាំក្រុមកម្ពុជា ជាថ្មី។ យើងនឹងត្រូវចាប់ផ្តើមកសាងនូវអ្វីដែលយើង ធ្លាប់មានរួចហើយកន្លងមក ដោយយើងត្រូវធ្វើការងារជាមួយគ្នាបន្តទៀត ដើម្បីភាពរីកចម្រើនទៅមុខ»៕