ភ្នំពេញៈ គ្រូ​បង្វឹក​ជន​ជាតិ​អាហ្សង់ទីន លោក Felix Dalmas ​បានបង្ហាញ​ភាព សប្បាយ​រីករាយ​ខ្លាំង ចំពោះការ​ទទួល​បាន​ឱកាស​ជា​ថ្មី ក្នុងការ​មក​ដឹកនាំ​ក្រុមជម្រើស​ជាតិ​បាល់​ទាត់​កម្ពុជា បន្ទាប់ពី​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) បាន​ប្រកាស​តែង​តាំងឱ្យរូប​លោក ​​​ធ្វើជា​គ្រូ​បង្គោល ជំនួសអ្នក​ចាត់​ការទូទៅ​ លោក Keisuke Honda ដែល​នឹង​បញ្ចប់​តួនាទី ក្នុងការ​ដឹកនាំ​ក្រុម​​កម្ពុជា នៅ​ក្រោយ​ព្រឹត្តិការណ៍​​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ នាថ្ងៃទី​ ១៧ ខែឧស​ភា ខាងមុខ​។

លោក Felix Dalmas ដែល​​ធ្លាប់​បានចូល​រួម​ដឹកនាំ​​ក្រុម​​កម្ពុជា ក្នុងនាម​ជា​គ្រូ​បង្គោល ជា​មួយ​លោក Keisuke Honda ជា​លើក​ដំបូង កាល​​​ពីខែសីហា ឆ្នាំ​​២០១៨នោះ បាន​អះអាង នៅ​ក្នុងសន្និសីទ​​កាសែត កាលពី​ថ្ងៃទី​២ ខែមេសា ថា ​ទោះ​លោក​បាន​ចាក​ចេញ​ពីក្រុមកម្ពុជា ដោយសារ​បញ្ហា​ផ្ទាល់​ខ្លួន កាល​ពី​​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ ប៉ុន្តែ​បេះ​ដូង​របស់​លោក ស្ថិត​នៅកម្ពុជា ហើយការ​វិល​ត្រឡប់មក​លើ​កនេះ ដើម្បីបន្ត​ធ្វើ​ការ​ងារ ដែល​លោក​​មិន​ទាន់​បាន​បញ្ចប់​ជាមួយ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

គ្រូ​បង្វឹក​រូបនេះ បាន​និយាយ​ថា៖ «ខ្ញុំមិន​ចង់​ចាក​ចេញ​ពីកម្ពុជា​នោះ​ទេ ប៉ុន្តែ​ដោយសារ​ស្ថាន​ភាពគ្រួសារ ក្នុង​វិបត្តិ​ជំងឺ​កូវីដ​១៩ និងបញ្ហា​ផ្ទាល់ខ្លួន​មួយចំនួន​ទៀត បានបង្ខំ​ឱ្យ​ខ្ញុំ​ត្រូវចាក​ចេញ​​ពីកិច្ច​ការងារ ដែលខ្ញុំ​បាននិង​កំពុង​​ធ្វើ​ជាមួយ​លោកគ្រូ Honda។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មាន​ការ​​សប្បាយ​រីក​រាយ ក្នុងការ​ត្រឡប់​មក​វិញ ក្នុងពេល​ដែល FFC បាន​បង្ហាញឱ្យ​ខ្ញុំបានឃើញ​ពី​​ផែនការ​ និង​គោល​ដៅចម្បងៗ ចំណែក​ក្លិប​នៅ​កម្ពុជា ក៏​មានការ​រីកចម្រើន»។


«ខ្ញុំ​ចង់​ឃើញ​កិច្ច​ការងារ​ទាំង​អស់នេះ បន្ត​ដំណើរ​ទៅមុខ​ ហើយ FFC ក៏​បានបង្ហាញ​ឱ្យ​ខ្ញុំ​ឃើញ​​​​ពី​ក្តី​ស្រមៃ និងក្តី​សង្ឃឹម​របស់​បាល់​ទាត់នៅ​កម្ពុជា ជាពិសេស​ ខ្ញុំនៅ​​មិនទាន់បាន​បញ្ចប់​ការងារ​របស់​ខ្ញុំ​នៅ​កម្ពុជានោះ​​ទេ។ ហេតុ​នេះ​ខ្ញុំត្រូវតែ​ត្រឡប់មក​វិញ ដោយ​កម្ពុជា ជា​ជម្រើសទី​១​សម្រាប់​ខ្ញុំ ក្នុងការ​ត្រឡប់មក​មកបន្ត​អាជីព​នេះ ហើយខ្ញុំ​សូមអរគុណ​ដល់​អ្នកគាំ​ទ្រ​ផង​ដែរ ដែល​ចង់​​ឃើញ​ការ​វិលវិញ​របស់​ខ្ញុំ​»។ លោក Felix បាន​បន្ថែម។

សម្រាប់​ការ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​រួមគ្នាជា​មួយ​អ្នក​ចាត់​ការទូទៅ​លោក Keisuke Honda តាំងពី​ខែ​សីហា ឆ្នាំ​២០១៨ ដល់​​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ លោក Felix Dalmas ត្រូវបាន​គេ​មើលឃើញ​ថា ជា​គ្រូ​បង្គោល ដែលបាន​នៅជាប់​ជាមួយ​កីឡាករជាប្រចាំ និងមាន​ការ​លះ​បង់​ខ្ពស់ ក្នុងការ​បំពេញ​ការងារ​របស់​ខ្លួន គឺ​ទោះបីជា​លោក​មានរបួស ដើរមិនរួច ក៏​លោក​ប្រើ​ឈឺច្រត់ ដើរ​ជំនួស ដើម្បី​មក​ចូលរួម​បង្វឹក​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​លើ​ទីលាន។


ជាមួយ​ការបង្វឹក​ដោយ​យក​ចិត្តទុក​ដាក់​របស់ លោក Felix Dalmas បាន​ជួយ​ឱ្យក្រុម​ជម្រើស​​ជាតិ​កម្ពុជា អាច​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្រ្ត ដោយបាន​ឡើង​ទៅ​ដល់​វគ្គ​ពាក់​​​កណ្តាល​​ផ្តាច់​ព្រ័ត្រ ​នៃ​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន កាលពី​ឆ្នាំ​២០១៩ ជា​លើកដំបូង។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ នៅប្រទេស​វៀតណាម កាល​ពី​ខែឧសភា ឆ្នាំ​២០២២ កន្លងមក​នេះ ក្រុម​​បាល់​ទាត់​​កម្ពុជា បាន​ធ្លាក់​ក្នុង​វគ្គជម្រុះ​តាម​ពូល​ជាថ្មី​ម្តង​ទៀត ខណៈ​ពេល​នោះ គ្មាន​វត្តមាន​​លោក Felix នៅជាមួយ​​ក្រុម​កម្ពុជា នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់ការ​វិល​មកកាន់តួនាទីជា​គ្រូ​បង្គោល​ជាថ្មី​នេះ លោក Felix Dalmas មាន​ឆន្ទៈ​ក្នុងការ​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា បន្ទាប់ពី​លោក Keisuke Honda ឱ្យ​មាន​​​ភាព​រីកចម្រើន​ ដោយលោក​បាន​មើលឃើញ​ថា បច្ចុប្បន្ននេះ​លីគ​កំពូល​កម្ពុជា មាន​ការ​អភិវឌ្ឍ​ច្រើន ព្រោះ​​ទាំង​គ្រូ​បង្វឹក​ចាស់ និងគ្រូ​ថ្មី បាននាំមក​នូវ​បទពិសោធន៍ល្អៗ និង​ផ្តល់​ភាព​អាជីព​ដល់​កីឡាករ ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា ទាំង​អ្នក​ចាស់ៗ និង​អ្នក​ថ្មី មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​​សម្គាល់។

Felix បានបញ្ជាក់ថា៖ «ខ្ញុំ​ពិតជា​​រំភើប នៅពេល​បានឃើញ​​ភាព​រីកចម្រើន​ទាំង​អស់​នេះ ហើយ​យើង​ចង់​បន្ត​ធ្វើការឱ្យ​បាន​ល្អ ដូចដែល​យើង​ធ្លាប់​បាន​ធ្វើ​កន្លង​មក។ យើងចង់​បង្កើត​ក្រុម​មួយ ដែល​អ្នកទាំងអស់​គ្នា​អាច​មានមោទនភាព និង​នាំមក​នូវ​​ភាព​រីក​រាយដល់​គ្រប់​គ្នា។ យ៉ាង​ណា​ក៏ដោយ ខ្ញុំ​ត្រូវការ​ការ​ចូលរួម​របស់​អ្នក​ទាំង​អស់​គ្នា ដោយ​យើងត្រូវ​ធ្វើការ​ងារ​ជាមួយគ្នា។ ខ្ញុំ​ត្រូវការ​ការគាំ​ទ្រ ក្តីស្រឡាញ់ និងការ​អត់ធ្មត់​ពី​បងប្អូន ដើម្បី​អភិវឌ្ឍ​ក្រុម​កម្ពុជា​ឱ្យរីក​ចម្រើន​ទៅ​មុខ»។​

ជាមួយគ្នា​នេះ លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​ឱ្យ​ដឹង​ថា ​កិច្ចសន្យាជា​គ្រូ​បង្គោល​របស់លោក Felix Dalmas ​មាន​រយៈ​ពេល​៤ឆ្នាំ ដោយចាប់​ផ្តើម​ពី​ឆ្នាំ​២០២៣​នេះ ដល់​ឆ្នាំ​២០២៦ ហើយការ​នាំ​យកលោក Felix មក​ដឹកនាំ​ក្រុមជម្រើស​ជាតិ​​កម្ពុជា ទាំង​កិច្ចសន្យា​របស់​លោក Honda ​ត្រូវ​បញ្ចប់​រហូត​ដល់​ស៊ីហ្គេម បាន​បញ្ចប់​នោះ ត្រូវបាន​លោក សារ៉េត បញ្ជាក់​ថា ដោយ​សារ​ក្រុមជម្រើស​ជាតិ​កម្ពុជា មាន​ភារកិច្ច​ត្រូវបំពេញ​ នៅ​ចំពោះ​មុខ។

លោក​បាន​ថ្លែង​ថា៖ «យើង​មាន​កម្ម​វិធី​ប្រកួត ដែលនឹង​ខិតចូល​មក​ដល់​ឆាប់ៗនេះ ដែល​ត្រូវ​រៀបចំ​ក្រុម​ជម្រើស​ជាតិ ចូល​រួម ដូចជា​ការ​ប្រកួត​ជម្រុះ FIFA World Cup និងការ​ប្រកួត​ផ្សេងៗជា​ច្រើន​ទៀត ទាំង​ក្នុងតំបន់​អាស៊ាន និងអាស៊ី។ ម្ល៉េះ​ហើយ​យើង​ក៏បានចរចាគ្នារួច​រាល់ ហើយ​លោក Felix Dalmas ក៏បានដឹងពី​រឿងនេះ អ៊ីចឹង​បន្ទាប់ពី​លោក Honda បាន​បញ្ចប់ភារកិច្ច នៅ​ស៊ីហ្គេម គឺ​ដល់​វេន​គាត់ ចូល​ដឹកនាំ​ក្រុមកម្ពុជា​ហើយ»។

អគ្គ​លេខាធិការ FFC លោក កែវ សារ៉េត បាន​បញ្ជាក់​ថា៖ «យើង​បាន​ផ្តល់កិច្ច​សន្យា​​រយៈពេល​​​៤ឆ្នាំ ដើម្បី​ឱ្យគាត់​មាន​ផែនការ​វែង ក្នុងការ​ដឹកនាំ​ក្រុម ហើយ​លោក Felix Dalmas បានដឹង​ពីស្ថាន​ភាព​ការ​រស់​នៅ និង​សុខទុក្ខ​​របស់កីឡាករ​ខ្មែរ​ច្បាស់ អ៊ីចឹង​ហើយ​ការ​ធ្វើ​ការ​ងារ​ជាមួយគ្នា យើង​មាន​ភាព​កក់ក្តៅ ដោយ​យើង​សង្ឃឹម​ថា នឹង​ទទួល​បាន​ផល​ល្អជាង​មុន​ទៀត»៕