លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​ផ្តល់​ថវិកាចំនួន ២ ម៉ឺន​ដុល្លារ ជូន​ដល់​កីឡាករប្រដាល់​ជនជាតិ​ប្រេស៊ីល Thiago ដែល​តំណាង​គុនខ្មែរ​បានទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិហើយ​ទទួលបាន​ជ័យជម្នះ ដែលការ​ផ្តល់​នេះ ដើម្បី​ជាការលើក​ទឹកចិត្ត។ ជាមួយគ្នា​នេះលោកនាយក​រដ្ឋមន្រ្តី ក៏បាន​គ្រោង​ស្នើ​សុំ​សញ្ជាតិ​ខ្មែរ​ពី​ព្រះមហាក្សត្រ​ផ្តល់​ជូន​កីឡាកររូបនះ​ផងដែរ។

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​នៅក្នុង​គណនី​តេឡេក្រាម​ផ្លូវការ​នៅ​ថ្ងៃទី ៨ ខែមេសា​នេះ​ថា​៖«ដើម្បី​ជាការលើក​ទឹកចិត្ត ខ្ញុំ​សូម​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ​ប្រដាល់ Thiago Teixeira សញ្ជាតិ​ប្រេស៊ីល នូវ​ថវិកា​ចំនួន ២០០០០ ដុល្លារ។ មួយវិញទៀត​ប្រសិនបើ​មិនខុស​ទាស់​ផ្នែក​ផ្លូវ​ច្បាប់​ណាមួយ​របស់​ប្រេស៊ីល ខ្ញុំ​នឹង​ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ផ្តល់​សញ្ជាតិ​ខ្មែរ​ជូន​កីឡាករ Thiago »។

សូមជម្រាប​ថា ការផ្តល់​ប្រាក់​លើក​ទឹកចិត្ត​នេះ បន្ទាប់ពី​កីឡាករ​ប្រដាល់​ប្រេស៊ីល Thiago Teixeira ត្រូវបាន​ស្ថាប័ន​មួយ​ថៃ (Muy Thai) ពិភព​លោក ប្រកាស​ដក​ហូត​ខ្សែ​ក្រវាត់ WMO World Title និង​ហាម​ឃាត់​គាត់​ពី​គ្រប់​សកម្មភាព​ទាំងអស់​ពាក់ព័ន្ធ​នឹង WMO ក្រោយពី​ការប្រកួត​កាលពី​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដែល​រូប​លោក​បាន​ប្រកួត​តំណាង «គុនខ្មែរ» ​នៅ​សង្វៀន Apex Fight Series របស់​ប្រទេស​អាល្លឺម៉ង់ ហើយ​បាន​ឈ្នះ​ខ្សែ​ក្រវាត់ (WMO)។


ដើម្បី​ជាការ​លើក​ទឹកចិត្ត ថ្នាក់​ដឹកនាំ​ក្រសួង និង​ឧកញ៉ា​មួយចំនួន ក៏បាន​ផ្តល់​ថវិកា​មួយចំនួន​ដល់​កីឡាករ Thiago ផងដែរ ដើម្បី​ជាការ​លើក​ទឹកចិត្ត​ក្រោយពី​កីឡាករ​រូប​នេះតំណាង​គុនខ្មែរ ដណ្តើម​ខ្សែ​ក្រវាត់​ពិភពលោក​ជូន​កម្ពុជា។

ក្នុងនោះ​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​លោក ខៀវ កញារីទ្ធ បាន​ផ្តល់​ថវិកា ចំនួន ១០០០ ដុល្លារ ដោយ​ភ្ជាប់ សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា៖ «ឃើញ​គេ​មិន​ឱ្យ​លុយអ្នក​ប្រដាល់​ប្រេស៊ីល​ព្រោះ​ប្រើ​គុនខ្មែរ​ផ្តួល​គុន​ថៃ កីឡា​រមែង​មាន​ឈ្នះ​មាន​ចាញ់ តែ​បើគេ​យក​រឿង​ឈ្មោះ​កីឡា​មក​ជាលេស (គេ​ត្រូវ​ហាម​មុន​ឡើង​ប្រដាល់) សូម​ខ្មែរ​យើង​ជួយ​ផ្តល់លុយ​ទៅ​កីឡាករ​នោះវិញ​ផង។ ខ្ញុំ​ផ្ទាល់​សូម​ផ្ញើ​លុយ ១ ០០០ ដុល្លារ​ទៅគាត់​ តាម​រយៈសមាគម​ប្រដាល់​គុនខ្មែរ​យើង»។


ចំណែក​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា ក៏បាន​ផ្តល់​ប្រាក់ចំនួន ១០០០ ដុល្លារ​ផងដែរ។ នេះបើតាម​នាយកដ្ឋាន​ព័ត៌មាន (ទទក)។

ដោយឡែក​លោក ស្រី ចាន់ថន ដែលមាន​ងារ​ជា​ឧកញ៉ា ដែល​កំពុង​សាងសង់ «ក្លិបប្រដាល់​គុនខ្មែរ​វើលឆេមពាន» ក៏បាន​ប្រកាស​ផ្តល់​ប្រាក់​ជូន​កីឡាករ Thiago ចំនួន ៣៥០០ ដុល្លារ​ផងដែរ។

លោកបាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា៖«ខ្ញុំ​ពិតជា​មាន​ការសោក​ស្តាយ និង​អាណិត​អាសូរ​យ៉ាងខ្លាំង​ដែល​កីឡាករ Thiago មិន​ទទួល​បាន​ថវិកា​សម្រាប់​ការប្រកួតចុងក្រោយ​របស់​គាត់។ មួយរយៈ​នេះ​ខ្ញុំ​រង់ចាំ​មើល​សភាពការ​ខាង​ភាគី​ប្រេស៊ីល​ដើម្បី​ចៀសវាង​ការប៉ះទង្គិច​គ្នា​រវាង​បុគ្គល​និង​បុគ្គល ក្លិប​និង​ក្លិប សហព័ន្ធ​និង​សហព័ន្ធ ប្រជាពលរដ្ឋ​និងប្រជាពលរដ្ឋ​។

ក្នុងគណនីហ្វេសប៊ុក​របស់​លោក​ស្រី ចាន់ ថន បន្ថែម​ថា ៖«បើយោង​ទៅតាម​ភ្នាក់ងារ​របស់កីឡាករ Thiago គាត់​បាន​បញ្ជាក់​ថា​កីឡាករ Thiago បាន​ធ្វើ​តាម​លក្ខខណ្ឌ​ទាំងអស់​ទាំងមុន​និង​ក្រោយ​ពេល​ប្រកួត។ ពោល​គឺ​គាត់​បាន​គោរព​តាម​កាតព្វកិច្ច​របស់​គាត់​ទាំងអស់​ក្នុងកិច្ចការងារ​ឡើង​ប្រកួត​មួយនេះ។ ហេតុ​ដូច្នេះ​ហើយ​ពេល​នេះ ម៉ោង​នេះ វាគឺ​ជា​ពេលវេលាដែល​ខ្ញុំ​ត្រូវ​ជួយ​គាត់​នូវ​ចំនួន​ទឹកប្រាក់​ $ ៣៥០០ នេះ​ជាដាច់​ខាត»៕