ភ្នំពេញៈ ​អ្នក​ប្រដាល់​សញ្ជាតិ​ប្រេ​ស៊ី​ល Thiago Teixeira បាន​និង​កំពុង​ដាក់ចិត្ត​ខ្លាំង ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់ និង​ផ្សព្វផ្សាយ «​គុន​ខ្មែរ​» ទៅកាន់​ពិភពលោក ជំនួស​ការដើរ​ចេញពី​ប្រដាល់ Muay Thai បន្ទាប់ពី​អ្នក​ប្រដាល់​រូបនេះ ត្រូវបាន​សមាគម​កីឡាប្រដាល់ Muaythai ពិភពលោក ដក​ខ្សែក្រវាត់ WMO យកទៅ​វិញ ជាមួយ​ការចេញលិខិត​ត្រឹម ​១ ​ច្បាប់ ដោយ​គ្មាន​ទាក់ទង​ផ្ទាល់​មក​សាមីខ្លួន កាលពីពេល​ថ្មីៗ​នេះ​។

​កីឡាករ Thiago Teixeira បានចាត់ទុក​ការដក​ខ្សែក្រវាត់​ពី​ស្ថាប័ន World Muaythai Organization (WMO) ថា ជា​រឿង​ពាក់ព័ន្ធ​នឹង​ការរើសអើង ចំណែក​ការចេញលិខិត​ប្រកាស​ពី​ការដក​ខ្សែក្រវាត់ WMO និង​ការហាមឃាត់​រូបលោក ពី​គ្រប់​សកម្មភាព​ទាំងអស់​ពាក់ព័ន្ធ​នឹង ស្ថាប័ន WMO ជា​រឿង ដែល​ត្រូវបាន​ធ្វើឡើង ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ទាល់តែសោះ​។


នៅក្នុង​សន្និសីទកាសែត ដែល​ធ្វើ​នៅ​សណ្ឋាគារ​សុខា កាលពី​ថ្ងៃទី​៨ ខែមេសា Thiago បាន​និយាយថា​៖ «​សម្រាប់​ការដកហូត​ខ្សែក្រវាត់​នេះ ខាង WMO មិនបាន​និយាយ​អ្វី​ជាមួយ​ខ្ញុំ​នោះទេ​។ គេ​បាន​ត្រឹម​បញ្ចេញ​លិខិត​ប្រកាស​មួយ នៅលើ​អុីនធឺណិត​។ វា​ជាការ​រើសអើង ព្រោះ​តាមរយៈ​លិខិត​នោះ គឺ​មិនបាន​បញ្ជាក់​អ្វី ដែលជា​បញ្ហា​ចម្បង​នោះទេ ហើយ​ខ្ញុំ​មានការ​ខកចិត្ត​ជាមួយ Muay Thai ថា​ហេតុអ្វី បានជា​ធ្វើបែបនេះ​ជាមួយ​ខ្ញុំ​?»​។​

Thiago បាន​បន្ថែមថា​៖ «​ខ្ញុំ​មាន​អារម្មណ៍មិនល្អ​នោះទេ នៅពេល​គេ​ធ្វើ​បែប​ហ្នឹង​ដាក់​ខ្ញុំ​។ ខ្ញុំ​បាន​ប្រឹងប្រែង​ប្រកួត​តំណាងឱ្យ Muay Thai ហើយ​ដណ្តើមបាន​ខ្សែក្រវាត់ និង​ពាន​ជាច្រើន ហើយក៏​បាន​ជួយ​បង្ហា​ត់ដល់​កីឡាករ​បរទេស​ជាច្រើន សម្រាប់​សមាគម​នេះ​ផងដែរ ប៉ុន្តែ​ចុងក្រោយ គាត់​ធ្វើបែបនេះ ចំពោះ​ខ្ញុំ​។ ខ្ញុំ​ពិតជា​មិន​យល់​នោះទេ​»​។​


​ គួររំឭកថា កីឡាករ​ប្រេ​ស៊ី​ល Thiago Teixeira បាន​ផ្តួល​កីឡាករ​របស់​អង់គ្លេស Joe Craven ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​កម្រិត​ពិភពលោក WMO សម្រាប់​ការប្រកួត​តំណាងឱ្យ​កម្ពុជា ជា​លើកដំបូង កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៣​។ ប៉ុន្តែ​បន្ទាប់ពី​ការដណ្តើម​បាន​ខ្សែក្រវាត់ ក្នុង​កម្មវិធី APEX Fight Series នៅ​ស​ង្វ្រៀ​ន LKH Arena ប្រទេស​អាល្លឺម៉ង់​នោះ ស្ថាប័ន WMO បានចេញ​សេចក្តីប្រកាស​ដក​ខ្សែក្រវាត់​នោះ​វិញ ហើយក៏​មិនបាន​ផ្តល់ប្រាក់​ដែល Thiago ត្រូវ​ទទួលបាន​នោះដែរ ដោយ​សំអាងថា Thaigo មិនបាន​ប្រកួត​តំណាងឱ្យ Muay Thai​។​

«​លោក Thiago បាន​ហ្វឹកហាត់ និង​បង្រៀន​ប្រដាល់ Muay Thai ជាច្រើន​ឆ្នាំ​មកហើយ ហើយ​បាន​បំពេញ​ជំនាញ​កម្រិត​ខ្ពស់ (​គាត់​បាន​សាក់​ពាក្យ Muay Thai នៅលើ​ខ្នង​របស់គាត់​)​។ គាត់បានចាប់ផ្តើម​ជំនាញ​នេះ នៅ​កោះ​សាមុយ ប្រទេស​ថៃ ហើយ​បាន​ហ្វឹកហាត់ និង​ជា​ម្ចាស់​ក្លិប Super 8 Muay Thai ក្នុង​គោលបំណង​ផ្សព្វផ្សាយ Muay Thai ក៏ប៉ុន្តែ​ពេលនេះ គាត់​អះអាងថា គាត់​មិនមែនជា​អ្នក​ប្រដាល់ Muay Thai ទៀត​ទេ ហើយ​មានបំណង​ចង់​បន្ត និង​តំណាងឱ្យ​ក្បាច់គុន​ផ្សេង​»​។ នេះ​ជា​សេចក្តីប្រកាស​របស់ WMO ជុំវិញ​ការដក​ខ្សែក្រវាត់​ពី Thiago​។

​យ៉ាងណាក៏ដោយ Thiago បាន​បញ្ជាក់ថា រូបគេគ្មាន​ការសោកស្តាយ​អ្វី​ឡើយ ចំពោះ​ការដើរ​ចេញពី​ប្រដាល់ Muay Thai ហើយ​លោក​ក៏​គ្មាន​ការទាក់ទង​អ្វី​ទៀត​នោះដែរ ចំពោះ​ក្លិប Super 8 Muay Thai ព្រោះ​កីឡាករ​បរទេស​ហ្វឹកហាត់​ភាគច្រើន នៅក្នុង​នេះ ជា​អ្នក​ទេសចរ គឺ​មានតែ​កីឡាករ​២​នាក់​ទេ បាន​ហ្វឹកហាត់ ជាប់លាប់ ហើយ​គាត់ នឹង​នាំយក​អ្នក​ទាំងនោះ មក​ចូលរួម​ជាមួយ​ក្លិប​គុន​ខ្មែរ​ជើងឯក​ពិភពលោក​របស់លោក ស្រី ចាន់ថន ព្រោះ Thiago បាន​ចុះកិច្ចសន្យា​ក្នុងការ​ចូលរួម​ជាមួយ​ក្លិប​មួយ​នេះ​រួចហើយ ដើម្បី​រួមចំណែក​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ ទៅកាន់​ពិភពលោក​។​

​កីឡាករ​របស់​ប្រេ​ស៊ី​ល​រូបនេះ បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គ្មាន​ពាក្យ​ថា សោកស្តាយ សម្រាប់​ការដើរ​ចេញពី Muay Thai នោះទេ ព្រោះ​ពេល​ខ្ញុំ​ចូលរួម​ជា​សមាជិក​របស់ Muay Thai ជាច្រើន​ឆ្នាំ​មកនេះ មិនត្រូវ​បាន​គេ​គាំទ្រ​នោះឡើយ គឺ​អ្វីដែល​ខ្ញុំ​បានធ្វើ វា​កើតចេញពី​ការប្តេជ្ញាចិត្ត​របស់ខ្ញុំ​ផ្ទាល់​។ មិនមែន​តែ​ខ្ញុំ​ម្នាក់​ទេ ប៉ុន្តែ​អ្នក​ប្រដាល់ និង​អ្នកគាំទ្រ Muay Thai ជាច្រើន​ទៀត ក៏​យល់ឃើញ​បែបនេះ​ដែរ​»​។​

«​នេះ​ជា​មូលហេតុ ដែល​ខ្ញុំ​បាន​ចូលរួម​ជាមួយ​ក្លិប​គុន​ខ្មែរ​ជើងឯក​ពិភពលោក និង​ហៅ​អត្ត​ព​លិ​ក​អន្តរជាតិ​ផ្សេងទៀត មក​ទីនេះ ដើម្បី​ហ្វឹកហាត់ និង​ផ្សព្វផ្សាយ​គុន​ខ្មែរ ទៅកាន់​ពិភពលោក ព្រោះ​គុន​ខ្មែរ ជា​ក្បាច់គុន​មាន​ដើមកំណើត​ពិតប្រាកដ នៅក្នុង​ប្រទេស​កម្ពុជា​»​។ Thiago បានបញ្ជាក់​បន្ថែម ស្របពេល​រូបគេ​បាន​មើលឃើញ​កាន់តែច្បាស់​ពី​ក្តី​ស្រឡាញ់ និង​ការផ្តល់​តម្លៃ​ដ៏​ពិតប្រាកដ​របស់​ប្រជាជន​កម្ពុជា​ចំពោះ​រូបគេ​។​

​ចំពោះ​សាក់​ពាក្យ Muay Thai នៅលើ​ខ្នង ដែល​ស្ថាប័ន WMO អះអាងថា ជាការ​កម្រិត​ពី​ជំនាញ​កម្រិត​ខ្ពស់​របស់ Thiago ក្នុងការ​ហ្វឹកហាត់​ប្រដាល់ Muay Thai របស់​ថៃ​នោះ ត្រូវបាន Thiago បញ្ជាក់ថា​៖ «​ចំពោះ​ការ​សាក់ Muay Thai នៅ​ក្រោយខ្នង​របស់ខ្ញុំ គឺ​ខ្ញុំ​មិនដឹងថា ពាក្យ​នេះ មានន័យថា យ៉ាងម៉េច​ទេ ព្រោះ​កាលនោះ ខ្ញុំ​ទើប​មាន​អាយុ​១៦​ឆ្នាំ​។ ពេល​ខ្ញុំ​ស្គាល់ Muay Thai ខ្ញុំ​ក៏បាន​សាក់​វា​នៅលើ​ខ្នង​របស់ខ្ញុំ​។ ខ្ញុំ​រក​លុបចេញ​ដែរ តែ​វា​ពិតជា​ឈឺ​ណាស់​។ តែ​ទោះបីជា​យ៉ាងណា ពេលនេះ​ខ្ញុំ​ប្រាកដ​ណាស់​ថា នឹង​លុប​សាក់​នេះ​ចេញពី​ខ្នង​របស់ខ្ញុំ​»​។​

ជាមួយគ្នានេះ​ថ្នាក់​ដឹក​របស់​កម្ពុជា ជាពិសេស​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក៏បានផ្តល់​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ ដើម្បី​លើកទឹកចិត្ត​ដល់ Thiago ហើយក៏​កំពុង​ពិនិត្យមើល​តាមផ្លូវ​ច្បាប់ ក្នុងការ​ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ផ្តល់​សញ្ជាតិ​ខ្មែរ​ជូន​កីឡាករ Thiago ផងដែរ ហើយ​ការយកចិត្តទុកដាក់​នេះ បានធ្វើឱ្យ​អ្នក​ប្រដាល់​រូបនេះ មានការ​រំភើប​ខ្លាំង​បំផុត និង​បាន​ប្តេជ្ញាចិត្ត ក្នុង​ការជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ​។​

Thiago បាន​សង្កត់ធ្ងន់ថា​៖ «​ការគាំទ្រ និង​ជួយ​របស់​សម្តេច ហ៊ុន សែន ពិតជា​បានផ្តល់​កិត្តិយស​ខ្លាំងណាស់​ដល់​រូបខ្ញុំ ហើយ​នេះ​ជា​អារម្មណ៍​ដ៏​រំភើប​បំផុត មិន​ធ្លាប់មាន នៅក្នុង​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍ល្អ សម្រាប់​ការ​ស្នាក់នៅ​កម្ពុជា ហើយ​ខ្ញុំ​ចង់​រស់នៅ​ទីនេះ​រហូត ដោយ​ខ្ញុំ​បានចាត់ទុក​កម្ពុជា ជា​ផ្ទះ​របស់ខ្ញុំ​។ ខ្ញុំ​មានការ​តាំងចិត្ត​ថា នឹង​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​គុន​ខ្មែរ ទៅកាន់​ពិភពលោក​»​។​

ជាមួយគ្នានេះ លោក ស្រី ចាន់ថន បានប្រកាសថា សម្រាប់​ការនាំយក Thiago មក​ចូលរួម​ក្នុង​ក្លិប​គុន​ខ្មែរ​ជើងឯក​ពិភពលោក របស់លោក ត្រូវបានធ្វើ​រួចរាល់​តាំងពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២៣ ហើយ​ការចុះហត្ថលេខា​ផ្លូវការ​ត្រូវបានធ្វើ បន្ទាប់ពី Thiago បាន​នាំយក​ខ្សែក្រវាត់ WMO មកដល់​កម្ពុជា​វិញ ខណៈ​ក្លិប​ថ្មី​នេះ នឹង​លេចចេញ​ជា​រូបភាព​ពិតប្រាកដ ក្នុង​រយៈពេល​២​ខែ​ខាងមុខនេះ​។​

លោក ចាន់ថន បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់​អំពី​បញ្ហា​ដែល​កីឡាករ Thiago កំពុងតែ​ជួប ប៉ុន្តែ​ខ្ញុំ​មិន​ខ្លាច មិន​រួញរា​ក្នុង​ការនាំ​កីឡាករ Thiago ចូល​ក្លិប​របស់ខ្ញុំ​នោះទេ​។ បើទោះបីជា​គាត់​កំពុង​តែមាន​បញ្ហា​ធំ​ប៉ុន​មេឃ​ក៏ដោយ​។ មូលហេតុ ដែល​ខ្ញុំ​ហ៊ាន​ចុះកិច្ចសន្យា​យក Thiago ក៏​ដោយសារតែ​គាត់​បាន​លះបង់​ទាំង​ផលប្រយោជន៍ ទាំង​ពេលវេលា​ផ្ទាល់ខ្លួន និង​ទាំង​សុខ​សុវត្ថិភាព​អាយុជីវិត​របស់គាត់ ដើម្បី​គុន​ខ្មែរ និង​ប្រជាជន​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ដូច្នេះ​ខ្ញុំ​មិនអាច​ក្បត់​ឧ​ត្ត​ម​គតិ​របស់ខ្ញុំ​បានឡើយ គឺ​ខ្ញុំ​ត្រូវតែ​ចុះហត្ថលេខា​យក​គាត់ ចូល​ក្លិប​របស់ខ្ញុំ​ជាដាច់ខាត​»៕