ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង យ៉េន ឌី​ណា និង ឃីម​បូរ៉ា សុទ្ធតែ​ដណ្តើម​បាន​ពាន​រង្វាន់​ពី​ការ​ប្រកួត​ម៉ា​រ៉ា​តុង​អន្តរ​ជាតិ​ក្នុង​ព្រឹត្តិ​ការណ៍ World Kun Khmer ដែល​ធ្វើ​នៅ​រង្វង់​មូល​ទុរេន​នៃ​កីឡ​ដ្ឋាន​ ខេត្ត​កំពត ហើយ​ជ័យ​ជម្នះ​នេះ​បាន​ជួយ​ឱ្យ​អ្នក​ទាំង​ ២ ​ទទួល​បាន​ឱកាស​ដ៏​ពិសេស​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក IPCC Kun Khmer World Champion ទៅ​តាម​ប្រភេទ​ទម្ងន់​រៀងៗ​ខ្លួន​។​

​តាម​ការ​ប្រកួត​ ដែល​រៀបចំ​ដោយ​សង្វៀន​ថោ​ន​នេះ ​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម ឆ្នាំ ​២០២២​ ឃីម ​បូរ៉ា បាន​បញ្ចប់​ការ​ប្រកួត​លក្ខណៈ​ម៉ា​រ៉ា​តុង ក្នុង​ប្រភេទ​ទម្ងន់​ ៦០ ​គីឡូក្រាម ជា​លើក​ដំបូង​របស់​គេ​ដោយ​ជោគជ័​យជាមួ​យ​ការ​ឈ្នះ​បាន​ពាន​ពី​ព្រឹត្តិ​ការណ៍ ​World Kun Khmer នា​រដូវ​កាល​ថ្មី​នេះ ​ដោយ​បាន​យក​ឈ្នះ​កីឡាករ​ម៉ាឡេ​ស៊ី​ និង​កីឡា​ករ​ថៃ​ដោយ​ពិន្ទុ​ដូច​គ្នា​។​

​​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​លើក​ទី​១ ដែល​មាន​ ៣ ​ទឹក ឃីម ​បូរ៉ា បាន​យកឈ្នះ​កីឡាករ​ម៉ាឡេស៊ី​​ឈ្មោះ ​គូ​ម៉ា​រីត វ៉​ល​វ៉ស ដោយ​ពិន្ទុ ​ស្រប​ពេល​កីឡា​ករ​ថៃ Rambong បាន​យក​ឈ្នះ​អ្នក​ប្រយុទ្ធ​របស់​រុស្ស៊ី Baev Danil ដែល​ធ្វើ​ឱ្យ​អ្នក​ទាំង​២ត្រូវ​ឡើង​ទៅ​ជួប​គ្នានៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ជា​លទ្ធ​ផល​ បូរ៉ា បាន​យក​ឈ្នះ​ថៃ ដែល​ទើប​បាន​យក​ឈ្នះ អេ​លី​ត សាន់ Rambong ម្នាក់​នេះ ដោយ​ពិន្ទុ តែ​ក៏មាន​ស្នាម​បែក​នៅលើ​ចុង​ចិញ្ចើម​ខាងឆ្វេង​ផង​ដែរ​។


​ជា​មួយ​ការ​ទទួល​បាន​ជោគ​ជ័យ ​សម្រាប់​ការ​ឈ្នះ​បាន​ពាន World Kun Khmer សម្រាប់​ការ​ប្រកួត​ទម្ងន់ ​៦០ ​គីឡូ​ក្រាម​នេះ អ្នក​ប្រដាល់​មកពី​ជាយ​ដែន​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​សរសេរ​បង្ហោះ​សារ​បែប​នេះ​ថា​៖ «​អរគុណ​បង​ប្អូន​ខាង​ខេត្ត​កំពត សម្រាប់​កា​រគាំទ្រ​។ ខ្ញុំ​ឈ្នះ​ហើយ តែ​បាន​ ៥ ​ថ្នេរ​»​។


​យ៉ាង​ណា​មិញ សម្រាប់​ការ​ប្រកួត​របស់​ម្ចាស់​មេដាយមា​ស​ស៊ី​ហ្គេម ឆ្នាំ ២០២២ យ៉េន ឌី​ណា វិញ​ គឺ​រូបគេ​បាន​ប្រើ​ពេល​តិច​បំផុត​ក្នុង​ការ​ឈ្នះ​ពានពី​ការ​ប្រកួត​ម៉ា​រ៉ា​តុង​អន្តរ​ជាតិ​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នេះ ព្រោះ​ យ៉េន ឌី​ណា បាន​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​នៅ​ក្នុង​រង្វង់​ទឹក​ទី​១​ ដូច​គ្នា​តែ​ម្តង​។​

​សម្រាប់​ការ​ប្រកួត​ជម្រុះ​លើក​ទី​១ ជាមួយ​កីឡាករ​ឡាវ ស៊ី​ង​យ៉ៃ ​ឡាវ​ឡាន​ឆាង ​គឺ យ៉េន ឌី​ណា បា​ន​ទាត់​ដៃគូ​ម្នាក់​នេះ​ឱ្យ​ខូចដៃ​ឆ្វេង ​ដោយ​ចំណាយ​ពេល​មិន​ដល់​២​នាទី​ផង​នៅក្នុង​ទឹក​ទី​១ ចំណែក​ការ​ឡើង​ទៅ​ជួប​កីឡាករ​ថៃ ឈោ​ក​ម​ង្ឃុ​ន ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ យ៉េ​ន ឌី​ណា បាន​ម៉ាត់​ថៃ​ម្នាក់នេះ​ចូល​ពោះ​ ២​ ដៃ​បណ្តាល​ឱ្យ​ដួល​ចុក​ឆ្អល់ មិន​អាច​ក្រោក​ឈរ​បន្ត​ការ​ប្រកួត​ទៀត​បាន ក្នុង​រយៈ​ពេល​ប្រមាណ​ ១​ នាទី​។​

​ជា​មួយ​ការ​ឈ្នះ​ពាន​ពី​ការ​ប្រកួត​ម៉ា​រ៉ា​តុង​អន្តរ​ជាតិ​នៃ​ព្រឹត្តិកា​រណ៍ World Kun Khme​r នេះ​ យ៉េន ឌី​ណា ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ​៣ ៥០០ ​ដុល្លារ ដូច​ ឃីម បូរ៉ា ដែរ ហើយ​អ្នក​ទាំង​ ២​ សុទ្ធតែ​ទទួល​បាន​ឱកាស ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ​IPCC Kun Khmer World Champion ជា​បន្ត​ទៀត​។ នេះ​បើ​តាម​ការ​អះអា​ង​របស់​លោក ​ជួប វុត្ថា​។​

​អ្នក​ផ្គូផ្គង​ប្រដាល់ ​និង​ជា​ពិធី​ករ​ប្រចាំ​នៅ​សង្វៀន​ថោន លោក ជួប វុត្ថា បាន​ឱ្យដឹ​ង​ទៀត​ថា ​ព្រឹត្តិ​ការណ៍ Wurkz World Kun Khmer នេះ មានកា​រ​ប្រកួត​ចំនួន​៧​សប្តាហ៍ ​ដែល​ត្រូវធ្វើ​​នៅតា​ម​ខេត្ត​ផ្សេង​គ្នា ហើយ​នៅក្នុ​ង​ការ​ប្រកួត​នេះ ​មានការ​ប្រកួត​ម៉ា​រ៉ា​តុង​អន្តរ​ជាតិ​រវាង​កីឡា​ករ​មកពី​ប្រទេស​៤​ផ្សេងៗ​គ្នា​នៅលើ​ប្រភេទ​ទម្ងន់​ ៦០​ គីឡូក្រា​ម និង ​៦៥ ​គីឡូ​ក្រាម ដោយ​ត្រូវ​រក​អ្នកឈ្នះ​ពាន​ចំនួន​ ៨ ​នាក់ ដើម្បី​ឡើង​ទៅ​ប្រកួត​ដណ្តើម​យក​ខ្សែក្រ​វាត់ IPCC ​Kun Khmer World Cham​pion ក្នុង​ប្រភេទ​ទម្ងន់​ទាំង​២​នេះ​។​

​តាម​អ្វីដែ​ល​លោក ជួប វុត្ថា បាន​ឱ្យដឹ​ង​នេះ គឺ​មាន​ន័យ​ថា យ៉េន ឌី​ណា និង ឃីម​ បូរ៉ា បាន​ក្លាយជា​បេក្ខ​ភាព​ទី​១ ដែល​ឈ្នះ​បាន​ពាន​មុន​គេ​នៅ​តាម​ប្រភេទ​ទម្ងន់​របស់​ពួក​គេ ហើយ​អ្នក​ទាំង ​២​ ​នឹងត្រូវ​រង់ចាំ​បេក្ខភាព​ឈ្នះ​ពាន​ចំនួន​៦​នាក់​ទៀត ​ដើម្បី​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើម​យក​ខ្សែ​ក្រវាត់​ IPCC Kun​ Khmer World Champion នៅ​សប្តាហ៍​ទី​៧​ចុង​ក្រោយ ​ខណៈ​ការ​ប្រកួត​ប្រចាំ​សប្តាហ៍​ទី​១ នៅ​ខេត្ត​កំពត ​កាលពី​ថ្ងៃទី​ ៨ និង​ទី​ ៩​ ខែមេសា កន្លង​មក​នេះ ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បំផុត​៕