ភ្នំពេញៈ អ្នក​ប្រដាល់​សញ្ជាតិ​ប្រេ​ស៊ី​ល Thiago Teixeira និង​ប្រពន្ធ​របស់ខ្លួន លោកស្រី ROMA MARIA ROZANSKA-STEFFEN ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ឡាយ​ព្រះ​​ហស្ត​លេខា ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជា​ផ្លូវការ តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី ១១ ខែមេសា ឆ្នាំ​ ២០២៣​។​

​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ១១ ខែមេសា ឆ្នាំ ​២០២៣ ​នេះ ព្រះ​ករុណា​ព្រះបាទ​សម្តេចព្រះ​បរម​នាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់ ផ្តល់​សញ្ជាតិ​ខ្មែរ ដោយ​សញ្ជាតូបនីយកម្ម​ជា​ចង្កោម​គ្រួសារ ដល់​គ្រួសារ លោក ធី​អា​ហ្គូ តេ​យ​សឺ​រ៉ា ម៉ា​ឆា​ដូ (THIAGO TEIXEIRA MACHADO) ដែលមាន​លោក THIAGO ជនជាតិ​ប្រេ​ស៊ី​ល សញ្ជាតិ​ប្រេ​ស៊ី​ល កើត​ថ្ងៃទី​ ២៨ ខែកក្កដា ឆ្នាំ ១៩៨៨ នៅ​រដ្ឋ Sao Paulo សាធារណរដ្ឋ​សហ​ព័ន្ធ​ប្រេ​ស៊ី​ល​។

​ចំណែក​លោក​ស្រី រ៉ូ​ម៉ា ម៉ា​រៀ​រ៉​ហ្សា​ន​ស្តា ស្តេ​ហ្វ​ហ្វែ​ន (ROMA MARIA ROZANSKA STEFFEN) ជនជាតិ​ប៉ូឡូញ សញ្ជាតិ​អា​​មេ​រិ​ក កើត​ថ្ងៃទី​ ២១ ខែមេសា ឆ្នាំ​ ១៩៨៣ នៅ​សាធារណរដ្ឋ​ប៉ូឡូញ ដែលជា​ប្រពន្ធ​របស់លោក Thiago ក៏ត្រូវ​បាន​ត្រាស់​បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​ដូចគ្នា ហើយ​ការ​ត្រាស់បង្គាប់​នេះ បញ្ជាក់ថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​​ចក្រ​កម្ពុជា ត្រូវ​ទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់​ពីថ្ងៃ​ឡាយព្រះហស្ថលេខា​តទៅ​។​


​ជាមួយ​ការផ្តល់​សញ្ជាតិ​ខ្មែរ ដល់​ប្តី​ប្រពន្ធ Thiago នេះ បានធ្វើឱ្យ​ប្រជាជន​កម្ពុជា ជាពិសេស​អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់គុន​ខ្មែរ បានបង្ហាញ​ការ​សាទរ​ខ្លាំង ដល់ Thiago និង​ប្រពន្ធ​របស់លោក ខណៈ​ការផ្តល់​សញ្ជាតិ​ឱ្យ​ប្តី​ប្រពន្ធ​កីឡាករ Thiago នេះ ត្រូវបាន​ធ្វើឡើង តាម​សំណើ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​លោក​បាន​ថ្លែង​បែបនេះ​ថា​៖ «​ប្រសិនបើ​មិន​ខុស​​ទាស់​ផ្នែក​ផ្លូវច្បាប់​ណាមួយ​របស់​ប្រេ​ស៊ី​ល ខ្ញុំ​នឹង​ស្នើ​ទៅ​ព្រះ​មហាក្សត្រ ដើម្បី​ផ្តល់​សញ្ជាតិ​​ខ្មែរ​ជូន​កីឡាករ Thiago»​។​

ការ​ថ្លែង​បែបនេះ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​ធ្វើឡើង ស្របពេល​លោក​បានប្រកាស​ផ្តល់​ឧបត្ថម្ភ​ដល់ Thiago ចំនួន​២​ម៉ឺន​ដុល្លារ កាលពី​ថ្ងៃទី​​​ ៨ ខែមេសា ហើយ​ការស្នើ​ទៅ​ព្រះមហាក្សត្រ សុំ​ផ្តល់​សញ្ជាតិ​ខ្មែរ​ជូន Thiago របស់លោក ហ៊ុន សែន ដោយ​សារ​តែ​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ បាន​ប្រកួត​តំណាងឱ្យ​កម្ពុជា ក្នុងពេល​រូបគេ​បានឈ្នះ​ខ្សែ​ក្រវាត់​ពិភពលោក WMO នៅ​សង្វៀន Apex Fight Series ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី​ ១ ខែមេសា ឆ្នាំ​ ២០២៣​។​


​ប៉ុន្តែ​ខ្សែក្រវាត់ WMO នោះ ត្រូវបាន​សមាគម​ប្រដាល់ Muay Thai ពិភពលោក ហៅ​កាត់​ថា WMO ដកយក​ទៅវិញ ដោយបាន​ចោទប្រកាន់ Thiago ថា មិន​ប្រកួត​តំណាងឱ្យ Muay Thai តែ​បែរជា​ទៅ​ប្រកួត​តំណាងឱ្យ​ក្បាច់គុន​ផ្សេង (​គុន​ខ្មែរ​) ទៅវិញ ហើយ​ហេតុការណ៍​នេះ បានធ្វើឱ្យ Thiago មានការ​ខូចចិត្ត​ខ្លាំង ខណៈ​ការព្យាយាម​យ៉ាង​លំបាក​របស់គេ ត្រូវបាន​រលាយបាត់​ទាំង​មិន​សម​ហេតុផល​បែបនេះ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ​ប្រេ​ស៊ី​ល Thiago បាន​អះអាងថា រូបគេ គ្មាន​ការ​សោក​​ស្តាយ ចំពោះ​ការដើរ​ចេញពី​ប្រ​ដាល់ Muay Thai ដែល​រូបគេ​បាន​ហ្វឹកហាត់ និង​ប្រកួត​តាំងពី​អាយុ​ ១៦ ​ឆ្នាំ​មក​នោះទេ ព្រោះ WMO មិន​ផ្តល់​តម្លៃ និង​គាំទ្រ​ដល់​ការព្យាយាម​របស់លោក ក្នុង​ការជួយ​ផ្សព្វផ្សាយ​ប្រដាល់ Muay Thai អស់​រយៈពេល​ជាង​ ១៧ ​ឆ្នាំ​មកហើយ​នេះ​។

​ជាមួយ​ការដក​ចិត្ត​ចេញពី​ប្រដាល់ Muay Thai របស់​ថៃ​នេះ Thiago បាននិងកំពុង​ដាក់​ចិត្តខ្លាំង​មកលើ​ប្រដាល់​គុន​ខ្មែរ ហើយ​បានចាត់ទុក​កម្ពុជា ជា​ផ្ទះ​របស់លោក​រួចទៅហើយ ហើយ​លោក​ធ្លាប់បាន​បញ្ជាក់ថា លោក​ឈប់​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​ទៀតហើយ ព្រោះ​កម្ពុជា ជា​ម្ចាស់​ក្បាច់គុន​ដ៏​ពិតប្រាកដ អ៊ីចឹង​ការព្យាយាម​របស់លោក​ជាប​ន្ត​ទៅមុខទៀត គឺ​ត្រៀម​ប្រ​កួត​តែ​ជាមួយ​កីឡាករ​បរទេស ដើម្បី​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ ទៅកាន់​ពិភពលោក ព្រោះ​ប្រជាជន​កម្ពុជា បានផ្តល់​តម្លៃ​ដល់​រូប​​លោក​ដ៏​ពិតប្រាកដ ហើយ​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​កម្ពុជា ក៏បាន​គាំទ្រ​លោក​ផងដែរ​។​ «​ខ្ញុំ​មាន​អារម្មណ៍ល្អ សម្រាប់​ការ​ស្នាក់នៅ​កម្ពុជា ហើយ​ខ្ញុំ​ចង់​រស់នៅ​ទីនេះ​រហូត ដោយ​ខ្ញុំ​បានចាត់ទុក​កម្ពុជា ជា​ផ្ទះ​របស់ខ្ញុំ​។ ខ្ញុំ​មានការ​តាំងចិត្ត​ថា នឹង​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​គុន​ខ្មែរ ទៅកាន់​ពិភពលោក​»​។

​នេះ​ជា​អ្វីដែល Thiago បានបង្ហាញ​ពី​អារម្មណ៍​ពិត​របស់ខ្លួន ក្នុង​ស​ន្និ​សីទ​កាសែត នៅ​សណ្ឋាគារ​សុខា កាលពី​ថ្ងៃទី ​៨ ខែមេសា គឺ​បន្ទាប់ពី​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ បាន​ចុះកិច្ចសន្យា​ចូលរួម​ជា​​មួយ​ក្លិប​គុន​ខ្មែរ​ជើងឯក​ពិភព​​លោក ដែលមាន​លោក ស្រី ចាន់ថន ជា​ប្រធាន​។​

​ចំពោះ​ការបន្ត​អាជីព​ចាស់ នៅលើ​ទឹកដី​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ Thiago ក៏មាន​គម្រោង​នាំយក​កីឡាករ​បរទេស​ផ្សេងៗ​ទៀត មក​ចូលរួម​ជាមួយ​ក្លិប​គុន​ខ្មែរ​ជើងឯក​ពិភពលោក នេះ​ផងដែរ ហើយ​កាលពី​ថ្ងៃទី​ ១១ ខែមេសា Thiago ក៏បាន​ចូលរួម ក្នុង​កម្មវិធី​បញ្ចុះ​បឋម​សាលា​សាងសង់​ពហុ​កីឡដ្ឋាន​គុន​ខ្មែរ​ជើងឯក​ពិភពលោក នៅលើ​ទឹកដី​វិហារ​សួគ៌ ក្នុង​សួន​កម្សាន្ត Jets Garden Park ផងដែរ​។​

​ជាមួយគ្នា​នោះ លោក ស្រី ចាន់ថន បាន​អះអាងថា នេះ​ជា​ពហុ​កីឡដ្ឋាន​គុន​ខ្មែរ ដែលមាន​រចនាប័ទ្ម​ខ្មែរ​ទាំងស្រុង ដំបូង​គេ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹងត្រូវ​ប្រើប្រាស់ សម្រាប់​លើកកម្ពស់ និង​ផ្សព្វផ្សាយ​គុន​​ខ្មែរ ទៅកាន់​ពិភពលោក ហើយ​លោក ស្រី ចាន់ថន ប្រធាន​ក្លិប​គុន​ខ្មែរ​ជើងឯក​ពិភពលោក ជា​មនុស្ស​ដ៏​សំខាន់ ក្នុងការ​ជំរុញ​ឱ្យ Thiago ប្រកួត​តំណាងឱ្យ​ខ្មែរ​នោះ ក៏បាន​ចូលរួម​អបអរ​សាទរ ចំពោះ​ការទទួលបាន​សញ្ជាតិ​ខ្មែរ​របស់​ប្តី​ប្រពន្ធ Thiago ផងដែរ​។

​អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ លោក ស្រី ចាន់ថន បាន​បង្ហោះ​សារ​បែបនេះ កាលពី​ថ្ងៃទី​ ១១ ខែមេសា​ថា ៖ «​ដំណឹង​ល្អ​ថ្ងៃនេះ កីឡាករ Thiago និង​គ្រួសារ​របស់គាត់ ទទួល​បាន​សញ្ជាតិ​ខ្មែរ​ហើយ​។ តំណាងឱ្យ​កីឡាករ Thiago និង​គ្រួសារ​របស់គាត់ ខ្ញុំបាទ​សូម​គោរព​ថ្លែង​អំណរគុណ​សម្តេច​ពុក យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​។ បើ​មិនមាន​សម្តេច​ពុក ស្នើសុំ​សញ្ជាតិ​ឱ្យ​កីឡាករ ​Thiago ​ទេ មកដល់​ម៉ោង​នេះ​កីឡាករ Thiago របស់​យើង និង​មិនអាច​ទទួលបាន​សញ្ជាតិ​ខ្មែរ​ឡើយ​»៕