ភ្នំពេញៈ លោកស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​អំពាវនាវ​ដល់​កីឡាការិនីជម្រើស​ជាតិ​កម្ពុជា​ឱ្យ​មាន​សាមគ្គីភាព​ល្អ​ជាមួយ​កីឡាករ និង​កីឡាការិនី​បរទេស ដែល​នឹង​មក​ចូលរួម​ប្រកួត​កីឡា ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​កម្ពុជា​នៅ​ខែក្រោយ និង​រក្សា​ឱ្យ​បាន​នូវ​ក្រមសីលធម៌​ល្អ​ក្នុង​ការ​ប្រកួត។

លោកស្រី​អំពាវនាវ​ដូច្នេះ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​គ្រូបង្វឹក គ្រូ​ជំនួយ​ជានារី និង​កីឡា​ការិនី​ជម្រើសជាតិ​កម្ពុជា ដែល​ត្រូវ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ៣២ និង​ អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី១២ ឆ្នាំ ២០២៣ កាល​ពី​ថ្ងៃទី​២១ ខែ​មេសា។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា ក៏​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ផងដែរ។


ហ្វេសប៊ុក​ក្រសួង​អប់រំ បញ្ជាក់​នា​ថ្ងៃទី​២១ ខែ​មេសា ថា៖ «សម្តេច​កិត្តិសង្គហ​បណ្ឌិត [លោកស្រី ម៉ែន សំអន] បាន​ផ្តាំផ្ញើ​លោក លោកស្រី​ជា​គ្រូបង្វឹក គ្រូ​ជំនួយ​ជា​នារី និង​ក្មួយៗ​កីឡា​ការិនី​ជម្រើសជាតិ​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ប្រឹងប្រែង​ប្រកួត តែ​ត្រូវ​ចៀសវាង​ការ​បំពាន​ច្បាប់ គោរព​លក្ខខណ្ឌ​ប្រកួត ត្រូវ​ខិតខំ​ហ្វឹកហាត់ គោរព​វិន័យ មាន​សាមគ្គីភាព​ផ្ទៃក្នុង និង​មាន​សាមគ្គីភាព​ល្អ​ជាមួយ​កីឡាករ កីឡាការិនី​បរទេស​ទាំងអស់ ដែល​មក​ចូលរួម​ប្រកួត និង​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​ក្រមសីលធម៌​ល្អ​ក្នុង​ការ​ប្រកួត»។

ហ្វេសប៊ុក​ក្រសួង​បាន​ដកស្រង់​សម្ដី​លោកស្រី​ថ្លែង​ក្នុង​ពិធី​នេះ​ថា វិស័យ​កីឡា​មាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ ដោយ «កន្លងមក កីឡាករ កីឡាការិនី យើង​បាន​ដណ្តើម​យក​នូវ​មេដាយ​ជាច្រើន ជូន​ជាតិ​មាតុ​ប្រទេស​វិញ និង បាន​ធ្វើ​ឱ្យ​យើង​មាន​ឈ្មោះ​បោះសំឡេង​នៅ​ក្នុង​តំបន់ ​និង​ពិភព​លោក»៕