ភ្នំពេញៈ អ្នកលេងកណ្តាប់ដៃ លាភ រដ្ឋា បានក្លាយជាបេក្ខភាពទី២ ដែលនឹងត្រូវឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក IPCC Kun Khmer World Champion បន្ទាប់ពីរូបគេ បានឈ្នះពានពីការប្រកួតម៉ារ៉ាតុង ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ប៉ុន្តែជើងខ្លាំង ធឿន ធារ៉ា របស់កម្ពុជា ត្រូវបានអ្នកប្រដាល់លំដាប់ A របស់ថៃ Krongchak Por.Paoin Sor Jor Pheakuothai ទាត់ឱ្យខូចដៃស្តាំ កាលពីថ្ងៃអាទិត្យ។
សម្រាប់ការប្រកួតនៅលើសង្វៀនផ្សេងគ្នានេះ លាភ រដ្ឋា មិនត្រឹមតែអាចសងសឹកទៅលើកីឡាករប្រេស៊ីល Alexsandro បានសម្រេចប៉ុណ្ណោះទេ ប៉ុន្តែរូបគេក៏បានបន្តយកឈ្នះកីឡាកររបស់ថៃ Kamlayok Kor.Romsthong ដើម្បីក្លាយជាម្ចាស់ជើងឯកពានអន្តរជាតិ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ដែលរៀបចំដោយសង្វៀនថោន នៅខេត្តរួមខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៍ផងដែរ។
តាមពិត លាភ រដ្ឋា ធ្លាប់បានចាញ់ពិន្ទុ កីឡាករ Alexsandro ដែលជាកូនសិស្សអ្នកប្រដាល់ប្រេស៊ីល មានសញ្ជាតិខ្មែរ Thiago ម្តងហើយ ហើយលទ្ធផលនេះ បានធ្វើឱ្យ Alexsandro មានទំនុកចិត្តខ្ពស់ថា រូបគេ នឹងអាចក្លាយជាម្ចាស់ជើងឯក ដើម្បីកត់ត្រាជាស្នាដៃ លើកដំបូង សម្រាប់ការវិលមកចូលរួមហ្វឹកហាត់គុនខ្មែរជាមួយ Thiago ជាគ្រូរបស់គេ នៅប្រទេសកម្ពុជា នាបច្ចុប្បន្ន។
តែទោះបីជាយ៉ាងណា តាមការចាប់ឆ្នោតជួបគ្នានៅវគ្គជម្រុះ៣ទឹក នារាត្រី ដែលមានភ្លៀងធ្លាក់មិនដាច់នោះ លាភ រដ្ឋា បានបង្ហាញពីសមត្ថភាពប្រកួតយ៉ាងល្អ ជាពិសេសកណ្តាប់ដៃវាយចេញរបស់គេ គឺចំគោលដៅធ្ងន់ៗ ដែលធ្វើឱ្យរូបគេ អាចយកឈ្នះលើ Alexsandro វិញ ដោយពិន្ទុដាច់ ៥-០ ខណៈកីឡាករថៃ Kamlayok ក៏បានយកឈ្នះអ្នកប្រដាល់ជប៉ុន Sinosokok Jitimauy ក្នុងការប្រកួតជម្រុះ៣ទឹកដូចគ្នា។
លទ្ធផលនេះ បានជួយឱ្យ លាភ រដ្ឋា និង Kamlayok ត្រូវឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវបានធ្វើឡើង ក្នុងថ្ងៃតែមួយនោះ ហើយតាមរយៈការប្រកួតយ៉ាងស្វិតស្វាញនោះ លាភ រដ្ឋា បានយកឈ្នះ Kamlayok ដោយចៅក្រមទាំង៥នាក់ សម្រេចឱ្យឈ្នះ ដោយពិន្ទុមិនឯកច្ឆន្ទ ៣-២។
លាភ រដ្ឋា បានបង្ហាញការរីករាយខ្លាំង ចំពោះការឈ្នះតំណែងជើងឯកនេះ ព្រោះជ័យជម្នះ វាមិនត្រឹមតែជួយឱ្យរូបគេ បានឈ្នះពានកម្រិតអន្តរជាតិ អមដោយប្រាក់រង្វាន់១០លានរៀលប៉ុណ្ណោះទេ ប៉ុន្តែ រដ្ឋា ក៏បានក្លាយជាបេក្ខភាពទី២ ដែលត្រូវឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់ពិភពលោក IPCC Kun Khmer World Champion ក្នុងទម្ងន់៦០គីឡូក្រាមនេះ ជាមួយបេក្ខភាពម្ចាស់ពានចំនួន៣នាក់ទៀតផងដែរ ហើយក្នុងនោះក៏មានជើងខ្លាំង ឃីម បូរ៉ា ម្នាក់ដែរ ព្រោះ បូរ៉ា បានឈ្នះពាននេះមុនគេ ចំណែក២នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយទេ។
លោក គឹម ស្រ៊ុនកុសល ហៅ Tommy Kim ដែលជាទីប្រឹក្សាទូរទស្សន៍ថោន បានឱ្យដឹងថា ការប្រកួតម៉ារ៉ាតុងដណ្តើមពានរង្វាន់នៃព្រឹត្តិការណ៍ WURKZ World Kun Khmer ដែលសង្វៀនថោន បានរៀបចំនៅតាមខេត្តនេះ ក៏មានការប្រកួតដណ្តើមពាន ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាមផងដែរ ដើម្បីរកអ្នកឈ្នះពាន ក្នុង១ប្រភេទទម្ងន់ចំនួន៤នាក់ សម្រាប់ឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ IPCC Kun Khmer World Champion ខណៈព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ ត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក។
លោក Tommy Kim ដែលជាតំណាង IPCC ប្រចាំប្រទេសកម្ពុជា ផងនោះ បានបញ្ជាក់ថា៖ «នេះជាព្រឹត្តិការណ៍ថ្មី ហើយប្លែកជាងមុនៗ ដោយយើងមានការរៀបចំឱ្យប្រកួតដណ្តើមពាន ចំនួន២ប្រភេទទម្ងន់តែម្តង គឺក្នុង១សប្តាហ៍ៗ យើងដាក់កីឡាករជាតិម្នាក់ និងបរទេស៣នាក់ ឱ្យប្រកួតដណ្តើមពាន តាមទម្ងន់ អ៊ីចឹងទាំង២គីឡូនេះ យើងត្រូវការកីឡាករជាតិ និងអន្តរជាតិ ៣២នាក់ (កម្ពុជា៨នាក់) ចំណែកអ្នកឈ្នះ ត្រូវឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក IPCC Kun Khmer World Champion ហើយអ្វីដែលយើងធ្វើនេះ ដើម្បីផ្សព្វផ្សាយគុនខ្មែរឱ្យបានកាន់តែធំទូលាយជាងមុន ទៅកាន់ពិភពលោក»។
ដោយឡែកកំណត់ត្រាមិនធ្លាប់ចាញ់សោះរបស់ជើងខ្លាំង ធឿន ធារ៉ា ក្នុងរយៈពេលជិត៥ខែ កន្លងមកនេះ ត្រូវបានបំផ្លាញ ដោយអ្នកប្រយុទ្ធជើងខ្លាំងរបស់ថៃ Krongchak Por.Paoin Sor Jor Pheakuothai ត្រឹមការប្រកួតមិត្តភាពអន្តរជាតិ ដែលរៀបចំនៅលើសង្វៀនបាយ័ន កាលពីថ្ងៃអាទិត្យ។
តាមរយៈការប្រកួត ដែលមានអ្នកទស្សនាផ្ទាល់ជាង៤ពាន់នាក់នោះ ធឿន ធារ៉ា ត្រូវបានគេមើលឃើញថា អាចនឹងដណ្តើមបានជ័យជម្នះលើជើងខ្លាំងលំដាប់ A របស់ថៃ Krongchak បន្ថែមទៀត ដើម្បីធ្វើឱ្យកំណត់ត្រាប្រកួតរបស់គេ កាន់តែប្រសើរ បន្ទាប់ពីរូបគេ បានបុកកែងឆ្វេង រួចដួលសង្កត់ពីលើ បណ្តាលឱ្យ Krongchak វង្វេងវង្វាន់ ហើយត្រូវបានអាជ្ញាកណ្តាលរាប់ នៅចុងទឹកទី២នោះ។
បន្ថែមលើនេះ ធឿន ធារ៉ា ក៏បានម៉ាត់ចូលពេញៗ បណ្តាលឱ្យ Krongchak ដួលទាំងជំហរ នៅដើមទឹកទី៣ ផងដែរ។
បើទោះបីជាលោកអាជ្ញាកណ្តាល មិនបានចាប់រាប់ជាលើកទី២ តែ Krongchak ពិតជាធ្លាក់កម្លាំងខ្លាំង ប៉ុន្តែអ្វីដែលគ្រប់គ្នានឹកស្មានមិនដល់ គឺគេ ពិតជាមានភាពស៊ូខ្លាំង ដោយបានព្យាយាមតាមចាប់បុកជង្គង់ រហូតធ្វើឱ្យ ធារ៉ា អស់ថាមពលនៅចុងទឹកនេះវិញ ហើយនៅទឹកទី៤ ការទាត់ឆ្វេងផ្ទួនៗរបស់គេ បានបណ្តាលឱ្យ ធារ៉ា គ្រេចកែងដៃស្តាំ និងបានចុះចាញ់ ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ដែលនេះជាការចាញ់លើកដំបូង បន្ទាប់ពី ធារ៉ា បានឈ្នះខ្សែក្រវាត់ Thai Fight តាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២៕