ភ្នំពេញៈ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក សៅ សុខា បានប្រកាសថា លោក​នឹង​លាឈប់​ពី​តំណែង​មួយ​នេះ ប្រសិនបើ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ២២ ​ឆ្នាំ មិនអាច​ឆ្លង​ផុត​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល ​A នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី ​៣២ ឆ្នាំ​ ២០២៣ ដើម្បី​ឡើងកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។​

​ការប្រកាស​ពី​ដំណឹង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់លោក សៅ សុខា នេះ ធ្វើឡើង បន្ទាប់ពី​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​បាន​ប្រកួត​ស្មើគ្នា​ ១១ ជាមួយ​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​យប់​ថ្ងៃទី​ ២ ខែឧសភា ដែល​លទ្ធផល​នេះ បានធ្វើឱ្យ​ក្រុម​កម្ពុជា និង​អ្នកគាំទ្រ​នៅ​ទូទាំងប្រទេស​មានការ​ខកចិត្ត​ខ្លាំង ខណៈ​ការព្យាយាម​រក្សា​គ្រាប់​បាល់​នាំមុខ ​១០ ​បានអូសបន្លាយ​ពេល​ដ​ល់​នាទី​ទី​ ៩២​ ទៅហើយ ប៉ុន្តែ​បែរជា​ហ្វីលីពីន អាច​រកបាន​គ្រាប់​បាល់​តាម​ស្មើ នៅ​នាទី​ទី ៩០+៣ នោះ​។​

​ជាមួយ​ការទទួលខុសត្រូវ ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក សៅ សុខា ​បានឱ្យដឹង តាមរយៈ​ការ​បង្ហោះ​សារ​របស់លោក​ថា បន្ទាប់ពី​ប្រទេស​កម្ពុជា​សម្រេចចិត្ត​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី៣២ ឆ្នាំ​ ២០២៣ ​នេះ លោក​បាន​ប្រឹងប្រែង​លះបង់​គ្រប់បែបយ៉ាង​ដោយ​ប្រើពេល​ជាង​ ១០ ​ឆ្នាំ​ ដើម្បី​លើក​កិត្តិយស​ជាតិខ្មែរ​តាមរយៈ​វិស័យ​កីឡាបាល់ទាត់​។​


យ៉ាងណាក៏ដោយ លោក​បាន​បញ្ជាក់ថា​៖ «​បើ​ការប្រកួត​ក្នុង ​group ចែក​ពូ​ល​វិញ្ញាសា​កីឡាបាល់ទាត់​បុរស​អាយុ​ ២២ ​ឆ្នាំ​ មិនអាច​ឆ្លង​ផុត​ដើម្បី​ឈានទៅ​បន្ត​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទេនោះ ខ្ញុំបាទ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ដែល​កំពុងកាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​(FFC)​ សូម​លាឈប់​ពី​ប្រធាន​កីឡាបាល់ទាត់​ភ្លាម​»​។​

«​ក្នុងករណីនេះ​កើតឡើង​ខ្ញុំ​ស្នើសុំ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​និង​អគ្គលេខាធិការដ្ឋាន​រៀបចំ​បើក​ធ្វើ​មហាសន្និបាត​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ថ្មី​ដើម្បី​បន្ត​ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ ខ្ញុំ​សូមទោស​ប្រិយមិត្ត​អ្នក​ស្រឡាញ់​កីឡាបាល់ទាត់​មេត្តា​អភ័យទោស​ដែល​រូបខ្ញុំ​អសមត្ថភាព​មិនអាច​ដឹកនាំ​វិស័យ​កីឡា​មួយ​នេះ ទទួលបាន​ជោគជ័យ​ជូន​ជាតិ​»​។ លោក សៅ សុខា បានបញ្ជាក់​បន្ថែម​។​


​ជាមួយគ្នានេះ លោក ភា សុ​ភ័​ក្ត្រា គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ចែករំលែក ​(Share)​ បន្ដ ការប្រកាស​លាឈប់​ពី​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​រប​ស់លោក​សៅ សុខា នេះ ហើយ​លោក​សុ​ភ័​ក្ត្រា បាន​សរសេរ​បញ្ជាក់​ពី​គោលជំហរ​ខ្លួនឯង​ដែរ​ថា​៖ «​ហើយ​ខ្ញុំ​ក៏​គ្មាន​សមត្ថភាព​នៅ​បន្ត​ជាមួយ​ក្រុម​ជម្រើសជាតិ​ទៀត​ដែរ​»​។​

​សម្រាប់​ការប្រកួត​រវាង​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា និង​ហ្វីលីពីន​កាលពី​យប់​ថ្ងៃទី ​២ ឧសភា​នោះ ខ្សែប្រយុទ្ធ គី រី​ណា បាន​ស៊ុត​បាល់​ដែល​ភ្លាត់​ចេញពី​ជើង​របស់​ប្រធាន​ក្រុម សៀង ច​ន្ធា បញ្ចូល​ទី​បាន​យ៉ាង​ល្អ​ដើម្បី​ជួយ​ឱ្យ​កម្ពុជា​នាំមុខ​ ១០​ នៅ​នាទី​ទី​ ២៦ ហើយ​កម្ពុជា បាន​រក្សា​ការពារ​គ្រាប់​បាល់​នាំមុខ​នេះ​រហូតដល់​នាទី​៩០+២ ស្របពេល​លោក​អាជ្ញាកណ្តាល បាន​ថែម​ម៉ោង​ចំនួន ​៥​ នាទី​ទៅលើ​ការប្រកួត​ ៩០ ​នាទី​ពេញ​។​

​តាមរយៈ​ការ​នៅសល់​ត្រឹម​ ៣ ​នាទី​នេះ បានធ្វើឱ្យ​ក្រុម​អ្នកគាំទ្រ​ទាំង​នៅ​ពហុ​កីឡដ្ឋាន​ផ្ទាល់ និង​អ្នកតាមដាន​ការផ្សាយ​បន្ត​ផ្ទាល់​មានការ​ជឿជាក់ថា កម្ពុជា នឹង​អាច​រក្សា​ការពារ​លទ្ធផល​ ១០ នេះ រហូតដល់​ចប់​ការប្រកួត ដើម្បី​បាន​ ៣ ​ពិន្ទុ​បន្ថែម​។ ប៉ុន្តែ​ក្តីសង្ឃឹម​នេះ បាន​រលាយបាត់ បន្ទាប់ពី​ខ្សែប្រយុទ្ធ ទើប​ដាក់ឱ្យចូល​លេង​នៅ​នាទី​ទី ​៨៣ CARIÑO DOV ANTHONY MISAELSANTICO បានតែ​ត​បញ្ចូល​ទី​នៅ​នាទី​ទី​៩០+៣ នោះ​។​

ជាមួយគ្នានេះ លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​បង្ហោះ​សារ​ថា​៖ «​វា​ងាយស្រួល​និយាយថា​យើង​អាច​ឈ្នះ​ការប្រកួត​នេះ​។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​កីឡាករ​របស់ខ្ញុំ​ដែល​ទទួលបាន​ ១ ​ពិន្ទុ​យប់​នេះ​។ យើង​នឹង​ផ្លាស់ប្តូរ​ចិត្តគំនិត​យើង​ឆាប់ៗ​នេះ ហើយ​យើង​នឹង​រៀបចំ​សម្រាប់​ការប្រកួត​បន្ទាប់​!​សូម​អរគុណ​»៕