ភ្នំពេញ: កីឡាករ អេវីរៈ ខាំឈិតភូថង ដែលគេស្គាល់ថា ជា ម៉ឺន មេឃា នោះ នៅតែអាចរកឃើញជ័យជម្នះដ៏សំខាន់ជូនប្រទេសជាតិ បន្ទាប់ពីរូបគេ បានឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាវ៉ូវីណាម នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅមុននេះបន្តិច។
សម្រាប់ការប្រកួត ក្នុងទម្ងន់ ៦៥ គីឡូក្រាម ដែលធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃសៅរ៍នេះ ម៉ឺន មេឃា បានទម្លាក់កីឡាករម្ចាស់ក្បាច់គុនរបស់វៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយការឡើងទៅជួបកីឡាករថៃ Chainarong Yawanophat នៅវគ្គផ្តាច់ព្រ័ត្រ មេឃា បានយកឈ្នះដោយពិន្ទុ ៤-៣ ដើម្បីទទួលបានមេដាយមាសយ៉ាងរំភើបបំផុត។
តាមរយៈការឈ្នះបានមេដាយមាសនេះ បានបញ្ជាក់ឱ្យឃើញថា កូនប្រុសរបស់លោក អេ ភូថង រូបនេះ នៅតែអាចការពារមេដាយមាស ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាមនេះ បានសម្រេច បន្ទាប់ពីរូបគេ បានឈ្នះមេដាយមាសនេះ ជាលើកដំបូង ក្នុងការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២។
ជាមួយការឈ្នះមេដាយមាសរបស់ ម៉ឺន មេឃា នេះដែរ បានបញ្ជាក់ថា ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា បានឈ្នះមេដាយមាសចំនួន៣ហើយ ពីការប្រកួតស៊ីហ្គេម លើកទី៣២ ក្នុងនាមជាម្ចាស់ផ្ទះនេះ ខណៈមេដាយមាសដំបូងរកបានដោយកីឡាករ លី បូរ៉ាមី លើការប្រកួតសម្តែងមេគុន ដោយរូបគេ ធ្វើបាន ២៧២ ពិន្ទុ រីឯមេដាយមាសទី២ រកបានដោយការប្រកួតសម្តែងជាក្រុមរបស់កីឡាករ ម៉េត សារី, នី ទីហ្សា, ម៉ែន សុវិច្ឆិកា និង អ៊ឹម លាំងឈុង ហើយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានដាក់សម្ទុះមេដាយ ត្រូវដណ្តើមមេដាយមាសឱ្យបានយ៉ាងតិចចំនួន៩ ពីការប្រកួតស៊ីហ្គេម ក្នុងនាមជាម្ចាស់ផ្ទះលើកនេះ៕