ភ្នំពេញ៖ ប្រភេទកីឡាអត្តសញ្ញាណជាតិរបស់កម្ពុជា (គុនខ្មែរ) បានចាប់ដំណើរការប្រកួតបើកឆាករបស់ខ្លួន ជាមួយនឹងភាពរីករាយ ដោយពួកគេ ដណ្តើមបានយកមេដាយមាសទាំង២ លើវិញ្ញាសា សម្តែងគុនគ្រូ ចំណែកក្រុមសីដក់ និងក្រុមកីឡាជឺជីតស៊ូ ក៏បានឈ្នះមេដាយមាសជាថ្មី ជូនប្រទេសជាតិ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះផងដែរ។
សម្រាប់ការប្រកួតលើវិញ្ញាសា សម្តែងគុនគ្រូនេះ កីឡាករ កាន់ ម៉េងហុង និងកីឡាការិនី ម៉ឺយ ស៊ឹង បានឈ្នះមេដាយមាសរៀងៗខ្លួន សម្រាប់ការប្រកួតនេះ ដោយពួកគេ បានបង្ហាញពីការថ្វាយបង្គំគ្រូ ឬ គុនគ្រូ បានយ៉ាងល្អ ដើម្បីទទួលបានពិន្ទុខ្ពស់ជាងអត្តពលិកមកពីតាមបណ្តាប្រទេសផ្សេងទៀត។
កីឡាករ កាន់ ម៉េងហុង បានទទួលចំណាត់ថ្នាក់លេខ១ ដោយមានពិន្ទុខ្ពស់ជាងកីឡាកររបស់ឡាវ ដែលទទួលបានលេខ២ និងកីឡាករម៉ាឡេស៊ី ដែលបានចំណាត់ថ្នាក់លេខ៣។ ចំណែក ម៉ឺយ ស៊ឹង បានទទួលលេខ១ ដោយមានពិន្ទុច្រើនជាងកីឡាការិនីលេខ២របស់វៀតណាម និងកីឡាការិនីឡាវ ដែលទទួលបានលេខ៣។
ដោយឡែក ក្រុមកីឡាករជម្រើសជាតិសីដក់កម្ពុជា បានឈ្នះមេដាយមាស លើវិញ្ញាសាសីឈិនឡូន បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមកីឡាករថៃ វគ្គផ្ដាច់ព្រ័ត្រ ដោយពិន្ទុ ៣៤០ទល់នឹង៣១០ពិន្ទុ សម្រាប់ការប្រកួត ដែលធ្វើនៅកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃសៅរ៍នេះ។ ចំណែកក្រុមកីឡាការិនីសីដក់កម្ពុជា ក៏ដណ្តើមបានមេដាយមាស លើវិញ្ញាសាប្រកួតជាក្រុមផងដែរ។
ទន្ទឹមនឹងនេះ កីឡាករ គង់ ម៉ូណាមិថុរ៉ា និង ទូច ពីរកក្កដា បានបន្តឈ្នះមេដាយមាស ជាលើកទី២ លើការប្រកួតវិញ្ញាសាសម្តែងបុរស (Men''s Show) នៃប្រភេទកីឡាជឺជីតស៊ូកម្ពុជា ខណៈការប្រកួត កាលពីថ្ងៃទី៤ ខែឧសភា ពួកគេ បានឈ្នះមេដាយមាស លើវិញ្ញាសា Men''s DUO ម្តងរួចហើយ ហើយប្រភេទកីឡាមួយចំនួនទៀត ក៏ដណ្តើមបានមេដាយឱ្យកម្ពុជាផងដែរ ដោយគិតត្រឹមព្រឹកថ្ងៃទី៧ ខែឧសភា នេះក្រុមអត្តពលិកកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន៤០ ក្នុងនោះមានមេដាយមាស១៩ ប្រាក់១១ និងសំរឹទ្ធ ១០៕