ភ្នំពេញ៖ វីរកីឡាការិនី ខាន់ ចេសា មិនបានធ្វើឱ្យខ្លួនឯង ជួបការខូចចិត្តជាលើកទី ២ នោះទេ ដោយជើងខ្លាំងផ្នែកកីឡាជឺជីតស៊ូរូបនេះ បានយកឈ្នះលើដៃគូប្រកួត ដោយប្រើក្បាច់ក្លេ ជាបន្តបន្ទាប់ ដើម្បីឈ្នះបានមេដាយមាស លើវិញ្ញាសា Ne-Waza-NOGI ទម្ងន់ក្រោម៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកំពុងដំណើរការ នៅក្នុងប្រទេសកម្ពុជា។
បើទោះបីជា ខាន់ ចេសា ទើបតែជួបការឈឺចាប់ខ្លាំង ដោយបានប្រកួតចាញ់កីឡាការិនីរបស់ហ្វីលីពីន Jenna Kaila Napolis សម្រាប់ការប្រកួតវិញ្ញាសា Ne-Waza-GI កាលពីថ្ងៃទី៤ ខែឧសភា ដោយបានត្រឹមមេដាយប្រាក់ ប៉ុន្តែ ចេសា មិនបានធ្វើឱ្យទឹកភ្នែករបស់នាង ហូរធ្លាក់ចុះ ដោយភាពកម្សត់ ជាលើកទី២នោះទេ សម្រាប់ការប្រកួតវិញ្ញាសា Ne-Waza-NOGI នៅថ្ងៃអាទិត្យនេះ ហើយអ្វីដែលសំខាន់នោះ គឺកញ្ញា បានយកឈ្នះកីឡាការិនីរបស់ហ្វីលីពីន បានវិញ។
សម្រាប់ការប្រកួត ដែលធ្វើនៅសាលនៃមជ្ឈមណ្ឌល OCIC នេះ ខាន់ ចេសា ត្រូវបានអាជ្ញាកណ្តាល សម្រេចឱ្យឈ្នះកីឡាការិនី Phung Thihue តាមរយៈការចាប់ក្លេ ទៅលើគូប្រកួតបានយូរជាង ចំណែកការប្រកួតលើកទី២ ចេសា បានក្លេកីឡាការិនីសិង្ហបុរី Yong May ដោយយកជើងទាំង២ ទៅគាបកសង្កត់ពីលើ រហូត Yong May សុំចុះចាញ់ ខណៈការប្រកួតទើបដំណើរការបាន ១:៥៦ នាទី។
ចំណែកការប្រកួតលើកទី៣ ជាមួយកីឡាការិនីថៃ Phumthong Benyatip គឺ ខាន់ ចេសា បានប្រើក្បាច់ក្លេ ត្រឹមចង្កេះ រួចកាច់មួលជើងស្តាំ រហូតកីឡាការិនីថៃម្នាក់នេះ ស្រែកសុំចុះចាញ់ ខណៈការប្រកួតទើបចាប់ផ្តើមបាន៤២វិនាទី។
យ៉ាងណាមិញ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ជាមួយកីឡាការិនីហ្វីលីពីន Margarita Prado ដែលជាមិត្តរួមជាតិរបស់កីឡាការិនីម្ចាស់មេដាយមាស Jenna Kaila Napolis នោះ ខាន់ ចេសា បានប្រើភាពប៉ិនប្រសព្វរបស់ខ្លួន ក្នុងការបង្វិលចាប់កាច់ជើងឆ្វេងដៃគូម្នាក់នេះ រហូតស្រែកយំ សុំចុះចាញ់ នៅត្រឹមនាទី ១:៥៨ នៅក្នុងការប្រកួតសរុបចំនួន៥នាទី។
ការយកឈ្នះកីឡាការិនី Margarita Prado វាបានក្លាយជាការសងសឹកមួយ ចំពោះ ខាន់ ចេសា ដែលបានចាញ់កីឡាការិនីហ្វីលីពីនដូចគ្នា ក្នុងការប្រកួតវិញ្ញាសា Ne-Waza-GI កាលពីថ្ងៃទី៥ ខែឧសភា ហើយជាមួយការឈ្នះបានមេដាយមាស លើវិញ្ញាសា Ne-Waza-NOGI នេះ ខាន់ ចេសា ក៏បានយំផងដែរ ប៉ុន្តែទឹកភ្នែកហូរពេលនេះ ព្រោះរំភើបខ្លាំងពេក ដោយមានអ្នកគាំទ្រយ៉ាងច្រើន ហើយនេះក៏ជាការប្រកួតចុងក្រោយរបស់ ចេសា ក្នុងស៊ីហ្គេម លើកនេះ ផងដែរ មុនពេលនាង ត្រូវត្រឡប់ទៅសហរដ្ឋអាមរិកវិញជាមួយឪពុក និងជីដូនរបស់ខ្លួន បន្ទាប់ពីព្រឹត្តិការណ៍នេះ បានបញ្ចប់៕