ភ្នំពេញ៖ ក្រុមជម្រើសជាតិបាល់ទះ​ក្នុងសាល​របស់​កម្ពុជា បានបង្កើត​រឿង​ដ៏អស្ចារ្យ និងរំភើបបំផុត ដែល​គ្រប់គ្នា​មិននឹក​​ស្មាន​ដល់ ដោយពួកគេ អាច​វាយ​បក​យក​ឈ្នះ​លើ​ក្រុមជម្រើសជាតិ​ថៃ ក្នុងលទ្ធផល ៣-២ ដើម្បីឡើង​ទៅដណ្តើម​យក​មេដាយមាស ជាមួយ​គូ​សត្រូវ​ចាស់ ឥណ្ឌូនេស៊ី សម្រាប់ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដែល​នឹង​ត្រូវ​ធ្វើ​នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក នា​យប់​ម៉ោង ៧:៣០ ថ្ងៃចន្ទ​នេះ។


តាម​រយៈការ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ កាលពី​យប់​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា បានធ្លាក់ទៅ​ដល់មាត់​ជ្រោះ​នៃការ​បរាជ័យ​ទៅ​ហើយ ខណៈពួកគេ បានចាញ់​ក្រុមជម្រើសជាតិ​ថៃ ២សិតជាប់ៗគ្នា ជាមួយ​គ្រាប់បាល់ ២៥-១៨ និង ២៥-២១ នោះ ព្រោះថៃ ត្រូវការ​ឈ្នះ​តែ១សិតទៀតប៉ុណ្ណោះ នឹងទទួលបានជ័យជម្នះ ដើម្បីឡើង​ទៅ​កាន់​​វគ្គ​ផ្តាច់​ព្រ័ត្រ។

ជាមួយការ​នាំ​មុខ ២-០ នេះ ក្រុមជម្រើសជាតិ​ថៃ អាចគ្រប់គ្រង​ការ​ប្រកួត​បាន​ល្អជាង​ក្រុម​ម្ចាស់​ផ្ទះកម្ពុជា ដែល​អ្នកគាំ​ទ្រ​កម្ពុជា គិត​ថា ពួកគេ នឹង​អាច​យក​ឈ្នះ​១សិត​ទៀត ដើម្បី​ទទួលបានជ័យជម្នះ ដោយគ្មាន​អ្វី​ត្រូវសង្ស័យ​ឡើយ។ ប៉ុន្តែ​អ្វីៗ បានប្រែ​ប្រួល​ខ្លាំង ខុសពីការ​គិត​នេះ​ដាច់តែ​ម្តង បន្ទាប់ពី​ក្រុមកម្ពុជា អាច​កែ​ប្រែ​ស្ថាន​ប្រកួត​វិញ​បាន​យ៉ាង​ល្អ និងបាន​យក​ឈ្នះ​ក្រុមថៃ នៅសិតទី​ ៣ ជាមួយ​គ្រាប់បាល់ ២៥-២១ នោះ។


ការ​ប្រកួត​រវាង​ក្រុមបាល់​ទាត់​កម្ពុជា (ស) និងក្រុមជម្រើសជាតិ​ថៃ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពី​ថ្ងៃអាទិត្យ។ រូប​ថត ហុង មិនា


តាម​រយៈការដណ្តើម​បានជ័យជម្នះ ១សិត​មក​វិញនេះ ក្រុម​បាល់​ទះកម្ពុជា កាន់តែ​មានទំនុកចិត្ត​ប្រកួត​ខ្លាំង ហើយ​អ្នកគាំទ្រផ្ទាល់​រាប់​ពាន់នាក់ ក៏បាននាំគ្នាស្រែក​លើក​ទឹក​ចិត្ត យ៉ាង​កងរំពង ពេញកីឡដ្ឋាន ហើយរឿង​ដែល​នាំ​ស្មាន​មិន​ដល់ ក៏បាន​កើត​មានឡើងជា​បន្ត​ទៀត ដោយកម្ពុជា បាន​បន្ត​យក​ឈ្នះ​ក្រុម​ថៃ ២៥-១៦ នៅសិតទី​៤។


សម្រាប់ការ​ប្រកួត​នៅសិតទី​ ៥ ដែលកំណត់​ការ​ឈ្នះចាញ់​ត្រឹម ​១៥ ​គ្រាប់នោះ ក្រុមម្ចាស់​ផ្ទះ​កម្ពុជា អាច​រកបាន​គ្រាប់បាល់នាំមុខ ជាបន្តបន្ទាប់ រហូត​យក​ឈ្នះ ១៥-១០។ ជាមួយជ័យជម្នះនេះ គេ​មើលឃើញ​ថា ក្រុមកម្ពុជា បានបង្ហាញការ​លេង​ និងគ្រប់​ស្ថាន​ភាព​​ប្រកួតបាន​ល្អ សម្រាប់​៣សិតចុងក្រោយ។

ផ្ទុយពីនេះ​ក្រុម​ថៃ បែរជា​បង្ហាញ​ទម្រង់​លេង​ធ្លាក់​ចុះ ទាំង​ការលោតគប់ ការលោតបាំង និងការ​ទទួល​បាល់ពី​​កម្ពុជា​ ហើយនេះការឈឺចាប់​លើកទី​២ របស់​ក្រុមបាល់​ទះ​ជម្រើសជាតិ​​ថៃ ក្រោម​ដៃកម្ពុជា ព្រោះ​កាលប្រកួតដណ្តើម​យក​មេដាយ​សំរឹទ្ធ នៅស៊ីហ្គេម ប្រទេស​វៀតណាម កាលពី​ខែឧសភា ឆ្នាំ​២០២២ ក៏​ក្រុមថៃ បានចាញ់ កម្ពុជា ដោយ​លទ្ធផល ៣-២ ដូចគ្នា​នេះផងដែរ។

ជាមួយ​លទ្ធផលនេះ ក្រុមជម្រើសជាតិ​ថៃ ត្រូវ​ធ្លាក់​ទៅ​ប្រកួតដណ្តើម​យកមេដាយសំរឹទ្ធ ជាមួយ​ក្រុម​វៀតណាម ដែល​ត្រូវ​ធ្វើនៅម៉ោង ៥ ថ្ងៃចន្ទ​នេះ ខណៈការ​ប្រកួតជម្រុះ​ក្នុងពូល​B កន្លងមក ថៃ បាន​យក​ឈ្នះ វៀតណាម ដោយ​លទ្ធផល ៣-១ ម្តង​ហើយ ហើយការ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ កាលពី​ម្សិលមិញ​នេះ ក្រុម​វៀតណាម បានចាញ់ ឥណ្ឌូនេស៊ី ៣-០ ដាច់តែ​ម្តង។

យ៉ាងណាមិញ ​ក្រុមកម្ពុជា នឹង​ត្រូវ​ឡើង​ទៅ​ប្រកួតដណ្តើម​យកមេដាយមាស ជាមួយ​គូសត្រូវចាស់ ឥណ្ឌូនេស៊ី ដែលត្រូវ​ធ្វើ​នៅយប់ម៉ោង ៧:៣០ ដើម្បី​រក​ក្រុមត្រូវឈ្នះមេដាយមាស និងមេដាយ​ប្រាក់ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកនេះ ខណៈការជួបគ្នា នៅ​ក្នុង​វគ្គជម្រុះ​ក្នុង​ពូល​A កាល​ពីថ្ងៃទី៦ ខែឧសភា ក្រុមម្ចាស់​ផ្ទះ បានចាញ់ ឥណ្ឌូនេស៊ី ដោយលទ្ធផល ៣-០ ដាច់​ម្តង​ហើយ។

តាម​រយៈ​ការចាញ់ ៣-០ ជាមួយគ្រាប់បាល់ ២៥-១៨ ២៥-២១ និង ២៥-១៦ នៅ​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​នោះ ត្រូវបានគេ​គិត​ថា ក្រុមម្ចាស់​កម្ពុជា នៅតែ​មានការ​លំបាក​ខ្លាំង ចំពោះការ​ប្រឈម​ជាមួយ​ក្រុមឥណ្ឌូនេស៊ី ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ព្រោះ​ទម្រង់លេង​របស់​ឥណ្ឌូនេស៊ី ពិតជា​ល្អខ្លាំងណាស់។

យ៉ាង​ណាក៏ដោយ ការ​យក​ឈ្នះក្រុមថៃ ៣-២ កាលពី​ម្សិលមិញ វា​បាន​ក្លាយជា​កម្លាំង​ចិត្ត​ដ៏សំខាន់​មួយ​ទៀត សម្រាប់ក្រុមកម្ពុជា ក្នុង​ការ​ប្រកួតប្រជែងជាមួយ​ក្រុមឥណ្ឌូនេស៊ី នៅវគ្គ​ផ្តាច់​ព្រ័ត្រ​​នេះ ព្រោះ​ទាំងថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡាបាល់​ទះកម្ពុជា អ្នកគាំ​ទ្រ ជាពិសេស​ក្រុម​បាល់​ទះ​កម្ពុជា ផ្ទាល់តែម្តង បានបង្ហាញ​ក្តីរំភើប​ឡើង​ស្រក់ទឹក​ភ្នែក ឯ​​អ្នកខ្លះ បានយំ​តែម្តង ដោយ​សារមានអារម្មណ៍រំភើប​ខ្លាំងពេក ហើយ​កម្លាំង​ចិត្ត​ដ៏​ធំនេះ ក៏នឹង​អាចធ្វើ​ឱ្យ​អ្វីៗ មានការ​ប្រែប្រួល ក្នុង​ការ​ប្រកួតដណ្តើម​យក​មេដាយមាស នៅយប់នេះ​ផងដែរ៕