ភ្នំពេញ៖ កីឡាការិនីជើង​ខ្លាំង​ផ្នែក​កីឡា​ស្នូកឃ័រ និងប៊ីយ៉ា ស្រួង ភាវី បានសម្រេចគោលដៅ​​ដ៏ធំសម្រាប់ការ​ប្រកួត​តំណាង​ឱ្យ​ជាតិ ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម ជា​លើកដំបូង របស់​ខ្លួន​បាន​ហើយ បន្ទាប់ពី​​ស្រ្តី​មានដើម​កំណើត​ នៅ​ខេត្តត្បូង​ឃ្មុំ​រូបនេះ បាន​ឈ្នះមេដាយមាស ក្នុង​ការ​ប្រកួតវិញ្ញាសា​​​​ប៊ី​​យ៉ាការ៉ុម៣បាំង (3 Cushion) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កំពុងដំណើរ​ការ លើ​ទឹក​ដី​កម្ពុជា។

សម្រាប់​ការ​ប្រកួតផ្តាច់​ព្រ័ត្រ ដែល​ធ្វើ​នៅផ្សារទំនើប AEON2 ជាន់ទី៣ កាលពីព្រលប់ ថ្ងៃទី​៨ ខែឧសភា ស្រួង ភាវី បាន​យក​ឈ្នះកីឡាការិនី​របស់វៀតណាម Hoang Yen Nhi Nguyen ដោយ​ពិន្ទុ ២៥-២០ ដើម្បី​ឈ្នះ​បានមេដាយមាស​យ៉ាង​រំភើបបំផុត ហើយនេះជា​ជ័យជម្នះ​លើក​ទី​៣ជាប់ៗ​គ្នា ដែល ភាវី ធ្វើ​បាន បន្ទាប់ពីស្រ្តី​រូបនេះ បាន​យក​ឈ្នះ​ កីឡាការិនី វៀតណាម Kien Tuong Phung ដោយពិន្ទុ ២៥-១០ ក្នុង​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ឈ្នះ​កីឡាការិនី​ហ្វីលីពីន​ Chezka Luy Centrno ២៥-៦ នៅ​វគ្គជម្រុះ​៨នាក់​ដំបូង។

អ្នកទស្សនាផ្ទាល់ និងប្រជាជនកម្ពុជាស្ទើរមួយ​ប្រទេស ដែល​បានមើល​​ការ​ប្រកួតនេះ តាម​​រយៈការ​ផ្សាយ​ផ្ទាល់ បាន​បង្ហាញ​ការអបអរសាទរយ៉ាង​ខ្លាំង និងមាន​មោទនភាព​ចំពោះ ស្រួង ភាវី ដែល​បាននាំ​យក​កិត្តិយសជូនជាតិ ទៅតាមការប្តេជ្ញាចិត្ត​ ព្រោះ​នៅមុន​ការ​ប្រកួតចាប់ផ្តើម ភាវី បាន​សន្យាថា នឹ​ងយក​បទពិសោធន៍ និងភាព​ជោគជ័យពី​ការប្រកួត​នៅប្រទេសកូរ៉េ ដើម្បី​ដណ្តើម​មេដាយមាស នៅស៊ីហ្គេម​នេះ​ឱ្យបាន។


ជាមួយការ​ឈ្នះ​បានមេដាយមាស ជា​លើកដំបូង ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា បាន​ធ្វើ​ជាម្ចាស់​ផ្ទះ ជាប្រវត្តិសាស្រ្តនេះ ស្រួង ភាវី បាន​អះអាង​ថា នេះជា​ការ​សម្រេច​ក្តីសុបិន ដែលនាង​បាន​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​១០​ឆ្នាំមក​​ហើយ ហើយ​ស្ត្រីខ្មែរ បានទៅរស់​នៅ​ប្រទេស​កូរ៉េខាងត្បូង​រូបនេះ ​បានឧទ្ទិស​លទ្ធផល​ដ៏​ធំធេង​នេះ ជូនចំពោះមហាបុព្វបុរស​ខ្មែរ និង​ប្រជាជនខ្មែរ​គ្រប់រូប ដែលបាន​ផ្តល់​កម្លាំង​ចិត្ត​យ៉ាងសំខាន់ដល់​នាង សម្រាប់ការ​ឈ្នះ​បានមេដាយមាស​នេះ។


​«​ក្តីសុបិន១០​ឆ្នាំ យក​មេដាយមាស​ជូនជាតិ ឥឡូវ​នេះ ខ្ញុំ​ធ្វើបានហើយ ហើយ​ជា​ដំបូង​កូន​ស្រី​កម្ពុជា​ម្នាក់​នេះ​ សូម​គោរព​ឧទ្ទិស​លទ្ធផល​នេះ​ ជូន​ចំពោះ​មហា​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ ​គោរព​ជូន​ថ្នាក់​ដឹកនាំ​ និង​ប្រជាជន​ខ្មែរ​គ្រប់​រូប​ ដោយ​ក្ដី​មោទនភាព​ដ៏​ខ្ពង់ខ្ពស់​ក្រៃ​លែង​របស់​នាង​ខ្ញុំ»។ នេះ​ជាអ្វី ដែល ស្រួង ភាវី បាន​បង្ហោះ​នៅ​លើ​ផេចហ្វេសប៊ុក ក្រោយ​នាង​ឈ្នះ​បាន​មេដាយ​មាស​ស៊ីហ្គេម ជា​លើកដំបូង​នេះ។

​​ស្រ្តី ដែល​មាន​ប្តីជាជន​ជាតិកូរ៉េ ស្រួង ភាវី បានបន្ថែម​ថា៖ «សារ​ជូន​ពរ​របស់​ពុក​ម៉ែ​បងប្អូន​ ពិតជា​មាន​តម្លៃ​មហាសាល​ និង​មិន​អាច​កាត់​ថ្លៃ​បាន​។ ប្រជាជន​ស្រុះស្រួល​ សាមគ្គី​គ្នា​ ​ នោះ​នាវា​កម្ពុជា​ប្រាកដ​ជា​លឿន​លយ​ឆ្ពោះ​ទៅ​មុខ​ប្រកបដោយ​ភាព​ជឿជាក់​បំផុត​។ កម្លាំង​ចិត្ត​ពុក​ម៉ែ​បងប្អូន​ ក្ដី​ស្រឡាញ់​របស់​ពុក​ម៉ែ​បងប្អូន​ ការ​លើក​​ទឹក​ចិត្ត​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​ គឺ​ពិត​ជា​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ក្ដី​ស្រមៃ​របស់​កម្ពុជា​។ សូម​ពុក​ម៉ែ​បងប្អូន​ទទួល​នូវ​ការ​គោរព​ស្រឡាញ់​អំពី​នាង​ខ្ញុំ​»។

បន្ទាប់ពី​ឈ្នះ​បានមេដាយមាស លើ​​វិញ្ញាសា 3 Cushion នេះ កីឡាការិនី នឹង​ត្រូវ​ប្រកួត​​វិញ្ញាសា 1 Cushion មួយ​ទៀត​ ដែល​វិញ្ញាសា​ចុងក្រោយ​នេះ មានអត្តពលិកចូលរួម​ចំនួន​៧នាក់ មកពី​៤​ប្រទេស​ ដោយ​ក្នុង​នោះ ថៃ វៀតណាម និង ហ្វីលីពីន បានដាក់​កីឡាការិនី​ចំនួន​២នាក់ ឱ្យ​ចូលប្រកួត​ដូចគ្នា ចំណែក​កម្ពុជា មាន​តែ ស្រួង ភាវី ម្នាក់​ទេ ហើយ​សម្រាប់ការ​ប្រកួតជម្រុះ​បើក​ឆាក​វគ្គ​៨នាក់ដំបូង ភាវី ត្រូវ​ជួប​ថៃ Vutthiphan Kongkaket ​​ដើម្បី​យក​ឈ្នះ​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ៕