ភ្នំពេញៈ ប្រភេទ​កីឡា​អត្ត​សញ្ញាណ​ជាតិ ​«​គុន​ល្បុក្កតោ​» ​និង​ «​អុកចត្រង្គ​»​ ដែល​ត្រូវ​បានរៀបចំ​ប្រកួត​ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ​ឆ្នាំ ២០២៣ ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើកដំបូង​នេះ​សុទ្ធតែ​បានបង្ហាញ​ពី​ភាពជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ​នេះ ដោយ​ប្រភេទ​កីឡា​ទាំង ​២ ​ដណ្តើមបាន​មេដាយមាស​ជូន​ជាតិ​ដូចគ្នា ជាពិសេស​គឺ​ក្រុម​ជម្រើសជាតិ​គុន​​ល្បុក្កតោ ដែល​បានឈ្នះ​មេដាយ​​មាស​រហូតដល់​៨​។​

​សម្រាប់​ការធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​នេះ ក្រុម​ជម្រើស​ជាតិ​គុន​ល្បុក្កតោ បានធ្វើឱ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ​ឃើញ​ក្រុម​នេះ អាច​ដណ្តើមបាន​មេដាយមាស​ចំនួន​ ៤ សម្រាប់​ការប្រកួត​បើក​ឆាក កាលពី​ថ្ងៃទី​ ៤ ខែឧសភា ហើយ​សម្រាប់​ការប្រកួត​ ៣ ​ថ្ងៃ​ទៀត​ពីថ្ងៃ​ទី ​៦ ដល់​ថ្ងៃទី​៨ ខែឧសភា ក្រុម​នេះ​ដណ្តើមបាន​មេដាយមាស​ចំនួន​ ៤ ​បន្ថែមទៀត ដែល​ធ្វើឱ្យ​ចំនួន​មេដាយមាស​បាន​កើន​ដល់​ ៨ រួមជាមួយ​មេដាយប្រាក់ ​៧ និង​សំរឹទ្ធ​ ៣​ ទៀតផង​។​

​រាល់​ការ​ឈ្នះ​មេដាយមាស​ទាំង​ការប្រកួត​លើ​វិញ្ញាសា​​សម្តែង និង​ប្រយុទ្ធ គឺ​ក្រុម​អត្ត​ព​លិ​ក​គុន​ល្បុក្កតោ បានបង្ហាញ​អារម្មណ៍​រំភើប​រហូត​ស្រក់​ទឹក​ភ្នែក​មិនដឹង​ខ្លួន ព្រោះ​ជ័យជម្នះ ដែល​ពួកគេ​ដណ្តើមបាន​នេះ សុទ្ធតែជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដោយ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អស់​រយៈ​ពេល​រាប់​ឆ្នាំ​ដើម្បី​នាំយក​កិត្តិ​យស​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ​។​


​កីឡាករ ពន្លឺ ពេជ្រ​មរកត ដែល​បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​សម្តែង​ឯកត្តជន បាន​ថ្លែង​ទាំង​អួល​ដើម ក ក្រោយ​ការប្រកួត​នៅ​មជ្ឈមណ្ឌល OCIC ថា​៖ «​ការ​ឈ្នះ​មេដាយ​មាស​នេះ វា​ពិតជា​មានន័យ​ខ្លាំងណាស់ មិនអាច​យក​អ្វី​មក​ប្រៀបផ្ទឹម​បានទេ ព្រោះនេះ​ជា​លើក​ដំបូង​ដែល​គុន​ល្បុក្កតោ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ស៊ី​ហ្គេម ហើយ​យើង​ដណ្តើមបាន​មេដាយ​មាស​ជូន​ប្រទេសជាតិ​ទៀត​»​។

​ពន្លឺ ពេជ្រ​មរកត ដែល​បាន​ហ្វឹក​ហាត់គុន​ល្បុក្កតោ​អស់ពេល​ជិត ​១០ ​ឆ្នាំ បាន​បញ្ជាក់ថា​៖ «​នេះ​ជា​មោទនភាព សម្រាប់​ប្រទេសជាតិ និង​គុន​ល្បុក្កតោ ហើយ​តាមរយៈ​ជោគជ័យ​លើក​នេះ វា​នឹង​ធ្វើឱ្យ​ពួកយើង​កាន់​តែមាន​កម្លាំងចិត្ត និង​ការតាំង​ចិត្ត​ខ្ពស់​ក្នុងការ​រួមគ្នា​ផ្សព្វផ្សាយ​កីឡា​អត្តសញ្ញាណ​ជាតិ​របស់​យើង​នេះ​ឱ្យមាន​ភាពល្បីល្បាញ​ថែមទៀត ទៅកាន់​តំបន់​អឺរ៉ុប និង​នៅលើ​ពិភពលោក​»​។​


​ជាមួយគ្នានេះ ក្រុម​អត្ត​ព​លិ​ក​តំណាងឱ្យ​ប្រទេស​ចំនួន​ ៥ ក៏បាន​បង្ហាញ​មោទនភាព​ចំពោះ​ជ័យជម្នះ​ដែល​ពួកគេ​ដណ្តើមបាន​លើ​ប្រភេទ​កីឡា​អត្តសញ្ញាណ​ខ្មែរ​ «​គុន​ល្បុក្កតោ​» ​នេះ​ផងដែរ ព្រោះ​គ្រប់​ប្រទេស​ដែល​បាន​ចូលរួម សុទ្ធតែ​ដណ្តើមបាន​មេដាយមាស​ត្រឡប់​ទៅវិញ​ដូច​គ្នា ដោយ​ក្នុងនោះ វៀតណាម បាន​ឈរ​នៅ​លេខ​ ២ បន្ទាប់ពី​កម្ពុជា ជាមួយ​ការ​ឈ្នះ​បាន​មេដាយមាស​ ៦ និង​សំរឹទ្ធ​ ៣​។​

​ចំណែក​ក្រុម​អត្ត​ព​លិ​ក​ឥណ្ឌូ​នេ​ស៊ី ឈរ​នៅ​លេខ​ ៣ ដោយ​បានឈ្នះ​មេដាយមាស​ចំនួន​ ៣ ប្រាក់ ​៥ សំរឹទ្ធ​ ១២ ហ្វីលីពីន ឈ្នះ​មេដាយមាស​ ២ ប្រាក់​ ៦ សំរឹទ្ធ​ ៨ រីឯ​ក្រុម​ប្រទេស​មី​យ៉ាន់​ម៉ា បានឈ្នះ​មេដាយមាស ​១ ប្រាក់​ ២ សំរឹទ្ធ​ ៦ ខណៈ​ក្រុម​អត្ត​ព​លិ​កឡាវ​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៦ ​ក្រោយ​គេ បានឈ្នះ​មេដាយមាស ​១ ប្រាក់​ ១ និង​សំរឹទ្ធ ​១០​។​

​ដោយឡែក​ក្រុម​អុកចត្រង្គ មិន​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ ​១ ក្នុងនាម​ជា​ម្ចាស់ផ្ទះ សម្រាប់​ការប្រកួត​ស៊ី​ហ្គេម លើកដំបូង​នេះ​ដូច​ក្រុម​គុន​ល្បុក្កតោ ទេ ដោយ​ពួកគេ​បាន​ឈរ​នៅត្រឹម​លេខ​ ៣ ជាមួយ​ការ​ឈ្នះ​បាន​មេដាយមាស​ ១ ប្រាក់​ ៤ និង​សំរឹទ្ធ ​១ ខណៈ​ថៃ​ឈរ​នៅ​លេខ​ ១ ដោយបាន​មេដាយ​​មាស​ ៤ សំរឹទ្ ធ​១ និង​វៀតណាម ឈរ​នៅ​លេខ ​២ បាន​មេដាយមាស​ ២ ប្រាក់​ ១ សំរឹទ្ធ​ ៧ ចំណែក​ហ្វីលីពីន​បាន​មេដាយប្រាក់​ ២ សំរឹទ្ធ ​៣ និង​ក្រុម​មី​យ៉ាន់​ម៉ា​បាន​មេដាយ​សំរឹទ្ធ​ ២​។​

​យ៉ាងណាក៏ដោយ កីឡាករ សុខ លឹម​ហេង ដែល​ដណ្តើមបាន​មេដាយមាស​ជូន​កម្ពុជា​លើ​វិញ្ញាសា​រយៈពេល​ ៥​ នាទី​ឯកត្តជន​នោះបាន​និយាយថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់​សម្រាប់​ការ​ឈ្នះ​បាន​មេដាយ​មាស​នេះ ព្រោះនេះ​ជា​ប្រភេទ​កីឡា ដែល​ខ្ញុំ​ស្រឡាញ់​តាំងពី​តូច​។ ខ្ញុំ​ធ្លាប់បាន​គិតថា ខ្ញុំ​នឹង​អាច​យក​ប្រទេស​កម្ពុជា​ដាក់​ក្នុង​ឆាក​អន្តរជាតិ និង​ប្រាប់​ទៅកាន់​ពិភពលោក​ថា នៅទីនេះ កម្ពុជា​អាចធ្វើ​បាន ហើយ​ឥឡូវនេះ ខ្ញុំ​ធ្វើបាន​មែន ដើម្បី​លើកមុខ​មាត់​ប្រទេសជាតិ​យើង​»​។​

​ជាមួយគ្នានេះ​លោក​ឧ​ប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ទៀ បាញ់ ជា​ប្រ​ធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ ​២០២៣ (CAMSOC)​ បាន​ប្រាប់ឱ្យដឹង ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​អុកចត្រង្គ​នៅ​សាល​ដំបូលទូក​នៃ​សាកល​​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​ ៩ ខែឧសភា​ថា អុក​ចត្រង្គ ត្រូវបាន​ចាត់​ចូល​ជា​ប្រភេទ​កីឡា​ធម្មនុញ្ញ​របស់​ស៊ី​ហ្គេម​ហើយ គឺ​ដូចគ្នា​ទៅនឹង​កីឡា​គុន​ល្បុក្កតោ និង​គុន​ខ្មែរ​ផងដែរ អ៊ីចឹង​ប្រភេទ​កីឡា​អត្ត​សញ្ញាណ​របស់​កម្ពុជា​ទាំង​ ៣​ នេះ សុទ្ធតែ​នឹង​អាច​រៀប​ចំការ​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ក្រោយៗ​ទៀត​បាន​។​

​លោក ​ទៀ បាញ់ បាន​បញ្ជាក់ថា​៖ «​កម្ពុ​ជាមាន​គោលបំណង​យ៉ាង​ធំធេង​ក្នុងការ​ធ្វើឱ្យ​កីឡា​អុកចត្រង្គ​នេះ មានការ​រីកចម្រើន ព្រោះនេះ​ជា​លើកដំបូង ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង​បាន​បញ្ចូល​អុកចត្រង្គ​ទៅក្នុង​ស៊ី​​ហ្គេម ហើយ​ចាប់ពីពេលនេះ​ទៅ ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ បាន​បញ្ចូល​ប្រភេទ​កីឡា​នេះ​ទៅក្នុង​ធម្មនុញ្ញ​ស៊ី​ហ្គេម​ហើយ អ៊ីចឹង​នេះ​ជា​មោទនភាព​ដែល​កម្ពុជា បាន​បញ្ចូល​អុក​ចត្រង្គ ជា​ប្រភេទ​កីឡា​នៅក្នុង​តំបន់​របស់​យើង​រួចជាស្រេច​ហើយ​នាពេលនេះ​»៕