ភ្នំពេញៈ ​បន្ទាប់​ពីជោគជ័យ​លើ​វិញ្ញា​សាកីឡា​​ជឺជិតស៊ូ សហព័ន្ធ​កីឡា​ជឺជីត​ស៊ូ​កម្ពុជា (Ju-Jitsu Federation of Cambodia )​ បាន​ប្រកាស​ពី​ការ​បញ្ចេញ​លក់​អាវ​​ប្រកួត​កីឡា​ជឺជីតស៊ូ (Rashguard) ដែល​រចនា​​ដោយ​មាន​សំអាង​ពី​ចម្លាក់បុរាណ និង​​​​ពាក់​​​​​ចូលប្រកួត​ដោយ​​អត្តពលិក​កម្ពុជា កញ្ញា​ ខាន់​ ចេសា​​ (Khan Jessa) ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ដោយ​​​សន្យា​យក​​ប្រាក់​ចំណេញ​ពីការ​លក់​អាវ​ទាំង​អស់​បញ្ចូល​ក្នុង​មូល​និធិ​សហព័ន្ធ​ Ju-Jitsu កម្ពុជា។ ​

បណ្តាញ​សង្គមហ្វេសប៊ុករបស់​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជានៅ​ថ្ងៃ​ទី ​១០​ ខែ​ឧសភា​ ​បានសរសេរថា៖​«ប្រាក់​ចំណេញ​ពីការ​លក់អាវ​ទាំងអស់​នឹងត្រូវ​បញ្ចូល​ក្នុង​មូលនិធិសហព័ន្ធ Ju-Jitsu កម្ពុជា​របស់​យើង ក្នុង​គោល​បំណង​ប្រើប្រាស់​ដើម្បី​ពង្រីក​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​មន្ត្រី​សហព័ន្ធ​និង​លើក​កម្ពស់​ អភិវឌ្ឍសមត្ថភាព​កីឡាករ​កីឡា​ការិនី ឱ្យ​បាន​កាន់តែ​ប្រសើ​រ១កម្រិតទៀត»​។

​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ ក៏បាន​​​លើកឡើង​ផងដែរថា ការបំផុស​គំនិត​លើអាវ​ប្រកួត​(Rashguard)​សម្រាប់​ក្រុមជាតិ​ Ju-Jitsu របស់​យើង​ផ្អែក​លើ​ចម្លាក់​ជញ្ជាំង​ដែល​រក​ឃើញ​នៅត្រើយ​ខាង​កើត​នៃ​ប្រាសាទ​អង្គរវត្ត ដែល​បាន​ច្នៃប្រឌិត ដោយ​វិចិត្រករ​ផ្សេងៗ​គ្នា ហើយ​ទីបំផុត​បានច្នៃ​ទៅជា​​អាវ​​ប្រកួត ​Rashguard ​ដ៏​អស្ចារ្យ​ដែល​រចនា​ដោយ​វិចិត្រករ Chifumi។


សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បាន​លើក​ឡើង​បន្តថា​​ អាវប្រកួត​ត្រូវ​បាន​ពាក់​ចូល​ទីលាន​ប្រកួត​ ដោយ​កីឡាការិនី ​ ខាន់​ ចេសា​​ ​ដែល​​ប្រកួត​ដណ្តើម​បាន​មេដាយ​មាស​​​​​ពី​ប្រភេទ​កីឡា​ ជឺជិតស៊ូ​ប្រភេទ​​៥២គីឡូក្រាម​ផ្នែកនារី​ ដោយ​ផ្តួល​គូប្រកួត​តំណាង​ប្រទេសហ្វីលីពីន​ គឺ​កីឡា​ការិនី Mar​garita Prado សម្រាប់ការ​ប្រកួត​វិញ្ញាសា Ne-Waza-NOGI នៅថ្ងៃអាទិត្យ ​ទី​៧ ​ខែ​ឧសភា​ ក្នុងការ​ប្រកួតកីឡា​ស៊ីហ្គេម​លើក​ទី៣២​ នៅ​កម្ពុជា។

​សហព័ន្ធ​លើកឡើងថា៖​«សប្តាហ៍​ក្រោយ ពួក​យើង​នឹង​ចាប់ផ្តើម​លក់ ​អាវពណ៌​ខ្មៅ​សម្រាប់​អ្នក​គាំទ្រ​ សូម​រង់ចាំ​ព័ត៌មាន​លម្អិត»។


​ភ្នំពេញ​ប៉ុស្តិ៍​ព្យាយាម​ទាក់​ទង​ទៅ​​​សហព័ន្ធ​កីឡា​​ជីជិត​ស៊ូកម្ពុជាដើម្បី​ទទួល​​​បាន​ព័ត៌មាន​បន្ថែម​អំពី​តម្លៃ និង​ទីតាំង​ដែល​ត្រូវ​លក់​ជាដើម ប៉ុន្តែ​គ្មាន​​អ្នក​ឆ្លើយ​តប​។

​​ឆ្លើយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍តាមបណ្តាញ​សង្គម វិចិត្រករ Chifumi ​ដែល​ជាអ្នក​រចនាអាវ​ប្រកួត​ បានលើក​ឡើងថា ក្រុមរបស់លោក​បានប្រើ​ពេល​​ប្រហែល​១សប្តាហ៍​ដើម្បី​​រចនាចេញ​ជារូបរាង​នោះ ដោ​យ​មាន​ការ​ពិភាក្សា​មួយ​ចំនួន​ពីសហព័ន្ធ​​កីឡាជឺជិតស៊ូ។

​​​វិចិត្រករ Chifumi បញ្ជាក់​ថា៖​«យុវជន​​កម្ពុជា​​កំពុង​​ស្វែង​រក​​អត្តសញ្ញាណ​និង​​វីរបុរស​​ដែល​​ពួក​គេ​អាច​កំណត់​​អត្ត​សញ្ញាណ​​បាន​។ គ្មាន​អ្វីគួរ​ឱ្យសង្ស័យ​ទេ​ដែល​ ចេសា នឹង​ក្លាយ​ជា​តំណាង​ទំនើប​នៃ​រឿង​នេះ»។

Chifumi ​​បន្ថែមថា ​ជ័យ​ជម្នះ​​របស់​ចេសា នឹង​ចូលរួម​​​បំផុសគំនិតយុវជនឱ្យបន្តការសិក្សា Ju-Jitsu និង​កីឡា​ផ្សេង​ទៀត។ ភាព​ជោគជ័យ​របស់​ ចេសា ក៏​អាច​ដើរ​តួជា​និមិត្ត​រូប​នៃការផ្តល់​អំណាច និង​តំណាង​ឱ្យ​យុវជន​កម្ពុជា។

តាម​រយៈ​ការ​សម្រេច​បាន​នូវ​ភាព​ល្អ​ឥត​ខ្ចោះ​ក្នុង​កីឡា​របស់​ចេសា ​ គឺ​​​កំពុង​​ទម្លាយ​​នូវ​ឧបសគ្គ ​និង​ទម្រង់​លេង ​ហើយ​បង្ហាញ​ថា ​អ្នកណាក៏ដោយ​ ដោយ​មិន​គិត​ពី​ប្រវត្តិ​របស់​ពួកគេ អាច​សម្រេច​បាន​នូវភាព​អស្ចារ្យ​ជាមួយ​នឹង​ការខិត​ខំប្រឹង​ប្រែង និង​ការលះបង់។

​​Chifumi បញ្ជាក់​ថា៖​«សមិទ្ធផលរបស់ Jessa អាច​ជំរុញ​ទឹក​ចិត្ត​យុវជន​កម្ពុជា​ឱ្យ​ប្រកាន់​យក​វប្បធម៌​ និង​មរតករ​បស់​ពួកគេ​ ហើយ​ស្វែង​រក​ផ្លូវ​ឆ្ពោះ​ទៅ​រកភាព​ជោគជ័យ​​​ផ្ទាល់របស់ពួកគេ​ ​​ដោយ​​ភ្ជាប់​ការ​ពិត​ទៅ​នឹង​​ឫសគល់​របស់ពួកគេ»៕