ភ្នំពេញ៖ ក្រុមជម្រើសជាតិ​កីឡាចំបាប់​កម្ពុជា នឹង​ចាប់​ដំណើរ​ការ​ប្រកួត​ប្រជែង ក្នុង​ព្រឹត្តិការណ៍​​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ ពីថ្ងៃ​អាទិត្យនេះ​ទៅ រហូត​ដល់​ថ្ងៃទី​ ១៦ ខែឧសភា ហើយ​ក្នុង​នាមជា​ម្ចាស់​ផ្ទះ សហព័ន្ធ​កីឡាចំបាប់​កម្ពុជា បានដាក់​គោលដៅ និងក្តី​សង្ឃឹម ដណ្តើម​មេដាយ​មាស​ឱ្យ​​បាន​ចំនួន ៣។

ការដាក់​គោលដៅ និងក្តី​រំពឹង​យ៉ាង​មុតមាំ ក្នុងការ​ដណ្តើម​​យកមេដាយមាស​ឱ្យ​បាន​ ៣ អមដោយមេដាយ​ប្រាក់ ​៣ និងសំរឹទ្ធ ​៣ ​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ព្រោះ​នាយកវិទ្យាស្ថានខេមអេដ​រូប​​នេះ បាន​មើលឃើញ​ថា ក្រុមចំបាប់​កម្ពុជា មានការ​ត្រៀម​ខ្លួនបាន​ល្អ ទាំង​ការ​ប្រកួត និង​ការ​ចេញ​ទៅ​ហ្វឹក​ហាត់ នៅ​​ប្រទេស​ចិន និងអ៊ីរ៉ង់។

លោក ខេស៊ី បាណេត ​បញ្ជាក់​ថា៖​ «យើង​មានសង្ឃឹមយ៉ាងមុតមាំថា កីឡាករ កីឡាការិនី​របស់​យើង នឹងដណ្តើមបានមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៣ ពីការ​ប្រកួត ស៊ីហ្គេម នេះ ព្រោះ​ការខិតខំប្រឹងប្រែងកន្លងមក​របស់កីឡាករ កីឡាការិនី តាមរយៈការចូលរួម​ប្រកួតជើងឯកទាំងក្នុងប្រទេស និងថ្នាក់តំបន់ គឺជាជំហានត្រៀមខ្លួនយ៉ាងសំខាន់ ដើម្បីត្រៀមបេសកកម្មចំពោះមុខ ក្នុងការដណ្តើមមេដាយជូនប្រទេសជាតិខ្មែរ ក្នុងព្រឹត្តិការណ៍​ជាប្រវត្តិសាស្រ្ត​នេះ»។


កីឡាករខ្មែរ-អ៊ីរ៉ង់ ស៊ូ បាលី និង​ ម៉ូ សារី បានថត​ជាមួយ​គ្រូ​បង្វឹកជម្រើសជាតិ​ចំបាប់​កម្ពុជា ដែលជាជនជាតិអ៊ីរ៉ង់ ក្នុងការ​ប្រកួត​ចំបាប់ជើងឯក​អាស៊ាន ឆ្នាំ​២០២២។ រូប​ថត CAMSOC

គួររំឭក​ថា សម្រាប់​ការ​ប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ​​ ២០២១ នៅ​ប្រទេស​វៀតណាម កាលពី​ខែឧសភា ឆ្នាំ ២០២២ ​ក្រុម​កីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយ​សរុបចំនួន ៦ ក្នុងនោះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៤។ កីឡាករ ស៊ូ បាលី ជាអ្នក​ឈ្នះ​មេដាយមាស ក្នុងការ​ប្រកួត​ចំបាប់សេរី ទម្ងន់ ១២៥ គីឡូក្រាម និង​កីឡាករ ម៉ូ សារី ជាអ្នក​ឈ្នះ​បានមេដាយ​ប្រាក់ លើ​ទម្ងន់ ៩៧ គីឡូក្រាម ហើយ​កីឡាករ​ខ្មែរ-អ៊ីរ៉ង់​ទាំង​២នាក់នេះ ក៏ជា​ក្តីសង្ឃឹម ក្នុង​ការ​ដណ្តើម​បានមេដាយមាស​ជូនកម្ពុជា ក្នុងស៊ីហ្គេម លើកនេះ។


សម្រាប់​ការ​ប្រកួតស៊ីហ្គេម ឆ្នាំ​ ២០២៣​ នេះ កីឡាករ ស៊ូ បាលី និង ម៉ូសារី នឹង​ត្រូវ​​ប្រកួត​ទាំង​លើចំបាប់​សេរី និងចំបាប់​ក្រិច​កូរ៉ូម៉ាំង ខណៈ​ការ​ប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដើម្បី​ត្រៀមស៊ីហ្គេម​នេះ កាលពីខែធ្នូ ស៊ូ បាលី បាន​ឈ្នះមេដាយមាស​ទាំង​២ លើ​វិញ្ញាសា​ចំបាប់​ក្រិចកូរ៉ូម៉ាំង ទម្ងន់​១៣០​គីឡូក្រាម និង​ចំបាប់​​សេរី​ទម្ងន់ ​១២៥​ គីឡូក្រាម រី ម៉ូ សារី បាន​ឈ្នះ​មេដាយមាស លើ​វិញ្ញាសា​​ចំបាប់​​សេរី ​ទម្ងន់ ​៩៧ គីឡូក្រាម និងបាន​មេដាយសំរឹទ្ធផ្នែក​​​​ចំបាប់ក្រិចកូរ៉ូម៉ាំង។

ទន្ទឹម​នឹង​នេះ សម្រាប់ការ​ធ្វើ​ជាម្ចាស់​ផ្ទះស៊ីហ្គេម ជា​លើកដំបូង​នេះ សហព័ន្ធ​កីឡាចំបាប់​កម្ពុជា បានដាក់​ឱ្យ​មានការ​ប្រកួត​រហូត​ដល់ ​៣០ ​ប្រភេទ​ទម្ងន់ ហើយ​នៅថ្ងៃ​អាទិត្យនេះ ជា​ការ​​ប្រកួតចំបាប់​ក្រិចកូរ៉ូម៉ាំងបុរស ចំនួន​ ១០ ​ប្រភេទទម្ងន់ មាន​ទម្ងន់៥៥គីឡូក្រាម ៦០, ៦៣, ៦៧, ៧២, ៧៧, ៨២, ៨៧, ៩៧ និងទម្ងន់​១៣០គីឡូក្រាម ដោយ​ប្រកួតជម្រុះ រហូត​រក​ឃើញ​អ្នក​ឈ្នះមេដាយមាស នាល្ងាច​ថ្ងៃនេះ​តែម្តង។ ចំណែក​នៅ​ថ្ងៃទី ១៥ ជាការ​ប្រកួតចំបាប់​សេរី​ផ្នែកនារី​ទាំង ​១០ ​ប្រភេទទម្ងន់ ហើយ​ថ្ងៃទី ១៦ ខែឧសភា ជាការ​ប្រកួត​ចំបាប់សេរី​បុរសទាំង ​១០​ ប្រភេទទម្ងន់៕

លោក ខេស៊ី បាណេត ពេល​ថតជាមួយ​ក្រុម​អត្តពលិកចំបាប់ឥណ្ឌូនេស៊ី នៅក្រោយបញ្ចប់ការ​ប្រកួត​ជើងឯក​អាស៊ាន ឆ្នាំ​២០២២។ រូប​ថត សហការី