ភ្នំពេញ៖ កីឡាករកូនកាត់ខ្មែរ-អ៊ីរ៉ង់ ស៊ូ បាលី និង ម៉ូ សារី សុទ្ធតែដណ្តើមបានមេដាយមាស សម្រាប់ការប្រកួតចំបាប់ក្រិចកូរ៉ូម៉ាំង ហើយជាមួយគ្នានេះ ក្រុមចំបាប់កម្ពុជា ក៏ដណ្តើមបានមេដាយប្រាក់ ១ និងសំរឹទ្ធ ៤ ទៀត សម្រាប់ការប្រកួតបើកឆាករបស់ពួកគេ ទាំង ១០ ប្រភេទទម្ងន់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នេះផងដែរ។
តាមរយៈការប្រកួត ដែលធ្វើនៅមជ្ឈមណ្ឌល OCIC កាលពីថ្ងៃអាទិត្យ ម្សិលមិញ កីឡាករ ស៊ូ បាលី បានឈ្នះមេដាយមាសជូនកម្ពុជាមុនគេ លើវិញ្ញាសាក្រិចកូរ៉ូម៉ាំង ទម្ងន់ ១៣០ គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាករថៃ Nanthawat Panphuek ដោយលទ្ធផល ៤-១ និងបន្តឈ្នះសិង្ហបុរី Yu Timothy Loh ៤-០ ដើម្បីមាន ២៥ ពិន្ទុ ខ្ពស់ជាងគេ ខណៈកីឡាករថៃ មាន ២០ ពិន្ទុ និងសិង្ហបុរី មានត្រឹម ១៥ ពិន្ទុ។
ចំណែកកីឡាករ ម៉ូ សារី ដណ្តើមបានមេដាយមាស ក្នុងប្រភេទទម្ងន់ ៩៧ គីឡូក្រាម ដោយ រូបគេ បានយកឈ្នះកីឡាករឡាវ Vansalong Phiathep ដោយលទ្ធផល ៤-០ និងបន្តឈ្នះថៃ At Thaphol Sirithahan ដើម្បីមាន ២៥ ពិន្ទុខ្ពស់ជាងកីឡាករលេខ ២ របស់ថៃ ដែលមាន ២០ ពិន្ទុ និងអ្នកបានមេដាយសំរឹទ្ធរបស់ឡាវ ដែលមានត្រឹម ១៥ ពិន្ទុ ជាមួយការចាញ់ទាំង ២ លើក។
ជាមួយគ្នានេះ កីឡាករ យុន ប៊ុនណា បានឈ្នះមេដាយប្រាក់ សម្រាប់ការប្រកួតចំបាប់ក្រិចកូរ៉ូម៉ាំង ទម្ងន់ ៦០ គីឡូក្រាម ហើយជាមួយគ្នានេះ កីឡាករចំបាប់កម្ពុជា ចំនួន ៤ នាក់ទៀត ក៏ឈ្នះបានមេដាយសំរឹទ្ធរៀងៗខ្លួនដែរ រួមមានកីឡាករ ឆាំ ពិសិន ទម្ងន់៧៧គីឡូកក្រាម កែវ សុភ័ក្ត ទម្ងន់ ៨២ គីឡូក្រាម ថាច់ សុជាតិ ទម្ងន់៥៥គីឡូក្រាម និង ឈឿង វាសនា ទម្ងន់ ៨៧ គីឡូក្រាម។
យ៉ាងណាមិញ នៅថ្ងៃចន្ទនេះ ជាការប្រកួតចំបាប់សេរី ផ្នែកនារី ចំនួន ១០ ប្រភេទទម្ងន់ រួមមានទម្ងន់ ៥០, ៥៣, ៥៥, ៥៧, ៥៩, ៦២, ៦៥, ៦៨, ៧២ និងទម្ងន់ ៧៦ គីឡូក្រាម ដោយត្រូវប្រកួតពីវគ្គជម្រុះ រហូតរកឃើញម្ចាស់មេដាយ ទាំង ១០ ប្រភេទទម្ងន់ នៅក្នុងថ្ងៃចន្ទនេះតែម្តង៕