ភ្នំពេញៈ​ សហ​ព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជាបាន​បញ្ចេញ​លក់​អា​វប្រ​កួត​កីឡា​ជឺ​ជី​តស៊ូ (Rashguard) ដែល​មាន​ក្នុង​សន្និ​ធិ​ស្រាប់​ដែល​បាន​បោះពុម្ព​កាល​ពីមុន​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ (​SEA GAME) លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ និង​ត្រៀម​បញ្ជាបោះ​ពុម្ព​បន្ថែម ក្រោយ​ទទួល​បាន​ការ​បញ្ជា​ទិញ​ពី​អ្នក​កក់​ទុក​មុន​។

​អាវ​កីឡា​ជឺ​ជី​តស៊ូ​នឹងត្រូវ​លក់​ក្នុង​តម្លៃ​ ៣៥​ ដុល្លារ​ ដែល​រចនា​ដោយ​ក្រុម​រចនា​ Chifumi ដោយ​យោង​ទៅលើ​​ចម្លាក់​បុរាណ​ដែល​មាន​ឆ្លាក់​នៅ​ជញ្ជាំង​ប្រាសា​ទអ​ង្គរវត្ត នឹងត្រូវ​បាន​ដាក់​លក់​នៅ​២កន្លែង​ផ្សេង​គ្នា គឺ​នៅ​ក្លិប KIRI Jiu Jitsu ជិត​ផ្សារ​ទូល​ទំ​ពូង និង​នៅ​ក្លិប ​Kingd​om Fight Gym នៅក្រោ​យ​ព្រះ​បរមរា​ជវាំង​ ស្រប​ពេល​ដែល​សហ​ព័ន្ធ​សន្យា​យក​ប្រាក់​ចំណេញ​ទាំង​អស់ពី​​ការលក់​អាវ​ទាំង​នេះ​បញ្ចូល​ក្នុង​មូល​និធិ​សហ​ព័ន្ធ Ju-Jitsu ​កម្ពុជា​ ដើម្បី​អភិ​វឌ្ឍ​អត្ត​ព​លិ​ក​ប្រភេទ​កីឡា​នេះ​។

​លោក​ Jasper Paas អនុ​ប្រធាន​សហ​ព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា (Vice-President Ju-Jitsu Federation of Cambodia) បាន​ថ្លែង​ថា ក្រោយ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ជឺ​ជី​តស៊ូ​នោះ​ចប់​រហូត​មក​ទល់​ពេល​នេះ ​អាវ​ដែល​រចនា​ឡើង​ដូច​អាវ​ដែល​ពាក់​ចូល​ប្រកួត​ដោយ​អត្ត​ព​លិ​ក​កម្ពុជា ​កញ្ញា​ ខាន់ ចេ​សា ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ គឺ​នៅ​សល់​ប្រហែល​ ៥០ ​ទៅ ​៦០ ​ប៉ុណ្ណោះ​។


​លោក Jasper Paas បាន​ឱ្យ​ដឹង​ថា អាវ​នោះ​ត្រូវ​បាន​ប្រកាស​ដាក់​លក់​ត​ម្លៃ​ ៣៥ ​ដុល្លារ ​ក្នុង​​ ១​ អា​វ ដែល​បច្ចុប្បន្ន​នេះ​មាន​លេខ S M និង L ព្រម​ទាំង​មាន​ពណ៌​ខ្មៅ ​ខៀវ និង​ក្រហម​ ប៉ុន្តែ​សម្រាប់​ទំហំ​និង​ពណ៌ ​គេ​អាច​បញ្ជា​ទិញ​តាម​អន​ឡាញ​បាន​ដែល​ទំនិញ​នឹង​មក​ដល់​ក្នុង​រយៈ​ពេល​២​ទៅ​៣​សប្ដាហ៍​ក្រោយ​។

​លោក ​Jasper Paas បាន​ថ្លែង​ថា​៖«​ពីព្រោះ​ឥឡូវ​យើង​មាន​អាវ​តិច ​យើង​មិន​មាន​ការ​លក់​តាម​អន​ឡាញ​នោះ​ទេ ​ហើយ​បើ​មាន​អ្នក​ត្រូ​វការ​ទិញ ​ត្រូវ​ទៅរក​ដល់ទី​កន្លែង​ខាង​លើ​។ អាវ [​ដែល​នៅ​សល់​]​ទាំង​នេះ ​យើង​ផលិត​វា​នៅ​មុន​ស៊ី​ហ្គេម​។ យើង​មិន​ដឹង​ថា​ វា​មាន​ប្រជា​ប្រិយ​ភាព​ដល់​ថ្នាក់​នេះ​។ ពេលនេះ​យើង​នឹង​កុម្ម៉ង់​បន្ថែម​ទៀត​ ប៉ុន្តែ​វា​ត្រូវ​ការ​ពេល​៣​ខែ​»​។


​នៅ​ពេល​សួរ​ថា ហេតុអ្វី​អាវ​នេះ​ហាក់​ដូច​ជា​ថ្លៃ​ដែល​ទំនងជា​យុវជន​ទូទៅ​មិន​មាន​លទ្ធ​ភាព​ក្នុង​ការ​ទិញ​ពាក់​នោះ ​លោក ​Jasper Paas បាន​ឆ្លើយ​ថា ​ទោះបី​មាន​ការ​លក់​ថ្លៃ​បន្តិច​មែន ប៉ុន្តែ​ប្រាក់​ចំណេញ​នឹង​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​ភាព​រីក​ចម្រើន​របស់​អត្ត​ព​លិ​ក​កីឡា​ជឺ​ជី​តស៊ូ​ដែល​អាច​មាន​លទ្ធភា​ព​ប្រកួត​ជា​អន្ត​រជាតិ​។

លោក​បន្ថែ​មថា​៖«​ប្រាក់​ចំណេញ​ទាំង​អស់​​នឹង​ចូលទៅ​សហ​ព័ន្ធ​របស់​យើង​ ដែល​អាចធ្វើ​អត្ត​ព​លិ​ក​របស់​យើង​រីក​ចម្រើន​ ដើម្បី​ប្រកួត​ជា​អន្ត​រជាតិ ដូច​នេះ យើង​អាច​ទទួល​បាន​លទ្ធ​ផល​កាន់តែ​ប្រសើរ​ក្នុង​ពេល​អនា​គត​»​។

​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់​ទងលោក វ៉ា​ត់ ចំរើន អគ្គ​លេខា​ធិការគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដើម្បី​សាកសួ​រ​បន្ថែម​លើ​ប្រភេទ​អាវឬ​ឯក​សណ្ឋាន​នៃ​វិញ្ញា​សា​ដែល​កម្ពុជា​ទទួល​បាន​មេដា​យមា​សនិង​កំពុង​មាន​ប្រជាប្រិ​យភា​ព​ក្នុង​ចំណោម​មហា​ជនជុំវិញលទ្ធ​ភាព​នៃ​ការបោះ​ពុម្ព​អាវ​សម្រាប់​លក់​ដល់​អ្នក​គាំទ្រ​ទេនៅថ្ងៃទី១៥ ឧសភា ។

​ក៏ប៉ុន្ដែ​កាលពី​សប្តាហ៍​មុន សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជាបាន​លើកឡើងថា ការ​បំផុសគំនិត​លើ​អាវ​ប្រកួតសម្រាប់​ក្រុម​ជាតិJu-Jitsuគឺ​ផ្អែកលើ​ចម្លាក់​ជញ្ជាំង​ដែល​រកឃើញ​នៅ​ត្រើយ​ខាងកើត​នៃ​ប្រាសាទអង្គរវត្តដែល​បាន​ច្នៃប្រឌិតដោយ​វិចិត្រករ​ផ្សេងៗ​គ្នា ហើយ​ទីបំផុត​បាន​ច្នៃ​ទៅជា​អាវ​ប្រកួត ​Rashguard ដ៏​អស្ចារ្យ​ដែល​រចនា​ដោយ​វិចិត្រករ Chifumi​។​

​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា បានបន្តថា អាវ​ប្រកួត​ត្រូវបាន​ពាក់​ចូល​ទីលាន​ប្រកួតដោយ​កីឡាការិនី ខាន់ ចេ​សា ដែល​ប្រកួត​ដណ្តើមបាន​មេដាយមាស​ក្នុង​វិញ្ញាសាកីឡាជឺ​ជិត​ស៊ូប្រភេទ​៥២​គីឡូក្រាម​ផ្នែក​នារី ដោយ​ផ្តួល​អត្ត​ព​លិ​ក​ហ្វីលីពីនគឺ​កីឡាការិនី Margarita Prado សម្រាប់​ការប្រកួត​វិញ្ញាសា Ne-Waza-NOGI កាលពី​ថ្ងៃអាទិត្យ​ទី​៧​ ខែឧសភា ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា​៕