ភ្នំពេញ៖ កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា បឺត សង្ឃឹម ដែលមានឈ្មោះ​ក្នុង​បញ្ជីជាតិ​​ថា ទូច រ៉ាឆាន់ នោះ បាន​បន្ត​ឈ្នះមេដាយមាស ជូនប្រទេសជាតិ ជាថ្មីម្តង​ទៀត សម្រាប់ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ ​២០២៣ ចំណែក​ សុខ រិទ្ធ ក៏​បានរក​ឃើញ​ជ័យ​ជម្នះ​​ដ៏ធំ សម្រាប់អាជីព​របស់​ខ្លួន​ផងដែរ ដោយ​រូបគេដណ្តើម​បានមេដាយមាស​ ជូនកម្ពុជា​​ដូចគ្នា។

សម្រាប់ការ​ប្រកួតប្រភេទ​កីឡាឃីកបុកស៊ីង ដែល​ធ្វើ​នៅសាល​ដំរី នៃ​ពហុកីឡដ្ឋានជាតិ​មរតកតេជោ​នេះ បឺត សង្ឃឹម បាន​យក​ឈ្នះ​កីឡាករ​ថៃ នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយ​ការ​ជួប​កីឡាករ​វៀតណាម Quang Huy Nguyen នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃចន្ទ បឺត សង្ឃឹម បាន​យក​ឈ្នះ​ដោយពិន្ទុ ២-១។

ជាមួយជ័យជម្នះ​ដ៏​មាន​ន័យនេះ បានជួយ​ឱ្យ បឺត សង្ឃឹម ដណ្តើម​បាន​មេដាយមាស ក្នុង​ប្រភេទ​ទម្ងន់៥៧គីឡូក្រាម លើជំនាញ Men’s low Kick ហើយ​នេះក៏ជាការ​ឈ្នះ​បាន​មេដាយមាស ជា​លើកទី​២ ជូន​កម្ពុជា ផងដែរ ព្រោះ​កាលប្រកួតស៊ីហ្គេម លើក​ទី​៣១ នៅប្រទេស​វៀតណាម គឺ បឺត សង្ឃឹម ដណ្តើម​បានមេដាយមាសដូចគ្នា។


ចំណែក​ជើង​ខ្លាំង​ទម្ងន់​ស្រាល សុខ រិទ្ធ ក៏បង្កើត​បាន​នូវ​កំណត់ត្រា​ថ្មី សម្រាប់​ខ្លួនឯង ផងដែរ គឺ​ការឈ្នះ​បានមេដាយមាស ក្នុង​ប្រភេទ​ទម្ងន់​៥១គីឡូក្រាម ជាលើកដំបូង បន្ទាប់​ពី​រូប​គេ បាន​យកឈ្នះ​កីឡាករ​វៀតណាម Van Tuan Huynh លើជំនាញ Men’s low Kick ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃចន្ទ​នោះ​ដែរ។


បន្ថែម​ទៅលើការឈ្នះ​បានមេដាយមាស​របស់ បឺត សង្ឃឹម និង សុខ រិទ្ធ នេះ ក្រុម​ប្រដាល់ឃីកបុកស៊ីងកម្ពុជា ក៏​ដណ្តើមបានមេដាយ​ប្រាក់​១ និងមេដាយ​សំរឹទ្ធ​ចំនួន​២ ផង​ដែរ ហើយ​នៅរសៀល​ថ្ងៃ​អង្គារ​នេះ កីឡាករ​កម្ពុជាចំនួន​៤នាក់ រួមមាន ឈឿង ល្វៃ, រិន ដាវីដ, លន បញ្ញា និង ឡៅ សៃណេត នឹង​ត្រូវ​ប្រកួតផ្តាច់​ព្រ័ត្រ ដណ្តើម​យកមេដាយមាស ទៅតាមប្រភេទ​ទម្ងន់​រៀងៗ​ខ្លួន។

សម្រាប់ការ​ប្រកួត​ផ្តាច់ព្រ័ត្រ ថ្ងៃ​ចុងក្រោយនេះ ឡៅ សៃណេត ត្រូវ​​ជួប​កីឡាករ​ឥណ្ឌូនេស៊ី លើ​វិញ្ញាសា Men K1 ទម្ងន់​៥១គីឡូក្រាម រីឯ លន បញ្ញា ត្រូវ​ប៉ះ​អ្នកប្រដាល់​របស់​ឥណ្ឌូនេស៊ី​ដែរ លើ​វិញ្ញាសា Men’s Full Contact ទម្ងន់​៦០គីឡូក្រាម ចំណែក រិន ដាវីដ ត្រូវ​ប្រឈម​ជាមួយ​កីឡាករ​ថៃ លើ​វិញ្ញាសា​ Men’s Light Contact ទម្ងន់​៦៣គីឡូក្រាម ហើយ ឈឿង ល្វៃ ត្រូវប៉ះ​ថៃ លើ​ការ​ប្រកួត Men’s Kick Light ទម្ងន់​៦៩​គីឡូក្រាម​ដូចគ្នា៕