ភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ថិប កាសាន់ទ្រី នីកូល (Cassandre Nicole Tubbs) ហៅ ខេស៊ី បានរកឃើញ​ជ័យជម្នះ​យ៉ាងសំខាន់ នៅ​ក្នុងអាជីព​របស់​ខ្លួនបាន​ហើយ បន្ទាប់​កីឡាការិនី​កូនកាត់ខ្មែរ-អាមេរិក​រូបនេះ បាន​ឈ្នះមេដាយមាស ជា​លើកដំបូង ក្នុងការ​ប្រកួត​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​ ២០២៣។

ការ​ឈ្នះ​បានមេដាយមាស ក្នុងប្រភេទ​ទម្ងន់៦៧​គីឡូក្រាមរបស់ Cassandre Nicole Tubbs បាន​កើត​មាន​ឡើង កាលពីព្រលប់​ថ្ងៃទី​១៥ ខែឧសភា បន្ទាប់កញ្ញា បាន​យក​ឈ្នះ​​​កីឡាការិនី​ហ្វីលីពីន Laila Rimbawa Delo ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​លទ្ធផល ២-១ និង​បន្ត​ឈ្នះកីឡការិនី​វៀតណាម Thi Khiem Bac ២-០ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ សម្រាប់ការ​ប្រកួត​នៅមជ្ឈមណ្ឌល OCIC។

លោក​រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា ហង់ជួន ណារ៉ុន ជា​ប្រធានខេមរសហព័ន្ធ​តេក្វាន់ដូ និង​ថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀត ព្រមទាំង​អ្នកគាំ​ទ្រ ដែលបាន​ចូលរួមការ​ប្រកួត​នោះ​ផ្ទាល់ បានបង្ហាញការ​សាទរ​ខ្លាំង​ដល់​ជ័យជម្នះ​របស់​កីឡាការិនី ខេស៊ី ចំណែក​លោកគ្រូ ឆយ យ៉ុងសុខ និង ខេស៊ី ផ្ទាល់ បានកាន់​ទង់ជាតិ​កម្ពុជា រត់​នៅលើ​ទីលាន​យ៉ាងរំភើប ដើម្បី​បង្ហាញ​ពី​មោទនភាព ចំពោះការឈ្នះបានមេដាយមាស​ដ៏មាន​តម្លៃ​នេះ ព្រោះទម្រាំមាន​ថ្ងៃនេះ ខេស៊ី បានជួបការ​ខក​ចិត្ត ចំនួន​៣​លើកមក​​ហើយ។


ការ​ប្រកួតសម្តែង​កាតា​របស់កីឡាករតេក្វាន់ដូ​ WTកម្ពុជា ក្នុងការ​ប្រកួតស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ ។ រូប​ថត ហុង មិនា

ទាំងទឹកមុខញញឹម​ ខេស៊ី បាន​និយាយ​ក្រោយដណ្តើម​បានមេដាយ​មាស៖ «ខ្ញុំពិតជាសប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែលមានឱកាស​ប្រកួត​តំណាង​ឱ្យកម្ពុជា និង​​បានធ្វើ​ឱ្យប្រទេសជាតិ មាន​មោទនភាព ចំពោះការ​ឈ្នះបានមេដាយមាស ជាលើកដំបូង​របស់​ខ្ញុំ។​ ជាមួយគ្នានេះ ខ្ញុំសូមអរគុណ​ដល់អ្នកគាំ​ទ្រទាំងអស់ និងថ្នាក់ដឹកនាំ ដែល​បាន​លើក​ទឹក​ចិត្ត និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​រូបខ្ញុំ សម្រាប់​ការ​ឈាន​ទៅ​ដណ្តើម​បានមេដាយមាស ឱ្យ​ម្ចាស់​ផ្ទះកម្ពុជា ដ៏មាន​ន័យ​នៅពេលនេះ»។


គួររំឭកថា នៅមុន​ការឈ្នះបានមេដាយមាសស៊ីហ្គេម នៅពេលនេះ កីឡាការិនី ខេស៊ី ធ្លាប់​ដណ្តើម​បានត្រឹម​មេដាយ​ប្រាក់​១ និងសំរឹទ្ធ​២ សម្រាប់​ការ​ចូលរួម​ប្រកួតស៊ីហ្គេម ចំនួន​៣​លើក​កន្លង​មក ពោលគឺស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ខេស៊ី បានមេដាយសំរឹទ្ធ រីឯ ​ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន នាង​ទទួលបាន​មេដាយប្រាក់ និងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម កាលពី​ខែឧសភា ឆ្នាំ​៣២០២២ កីឡាការិនី​របស់​កម្ពុជា​រូបនេះ ដណ្តើម​បានមេដាយ​សំរឹទ្ធ។

យ៉ាងណា​ក៏ដោយ ការ​ឈ្នះបានមេដាយមាស​របស់ Tobbs Casande Nicole គឺបាន​កើត​ឡើង បន្ទាប់ពី​​វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បាន​​ឈ្នះ​មេដាយមាស ​ប្រភេទ​ទម្ងន់​លើ​៧៣គីឡូក្រាម ដែលនេះ​ក៏ជាមេដាយមាស​ស៊ីហ្គេម​ទី៤ របស់ សៀវម៉ី ផងដែរ។ ជាមួយ​គ្នានេះ ​ក្រុម​តេក្វាន់ដូ WT របស់​កម្ពុជា ក៏​ដណ្តើម​បានមេដាយ​ប្រាក់​៤ និងសំរឹទ្ធ​ចំនួន​១០ទៀត​ផងដែរ សម្រាប់ការ​ធ្វើ​ជាម្ចាស់​ផ្ទះ ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣នេះ ហើយនេះ​ជាចំនួនមេដាយ​ដ៏​ច្រើន​ ដែលក្រុមតេក្វាន់ដូ មិន​ធ្លាប់​ធ្វើបាន​ សម្រាប់ការ​ប្រកួតស៊ីហ្គេម កន្លង​មក​នោះ​ទេ៕