ភ្នំពេញ៖ ក្រុមជម្រើសជាតិ​ចំបាប់កម្ពុជា បានរួមគ្នា​បង្កើត​​នូវកំណត់​ត្រា​ឈ្នះ​មេដាយ​ច្រើនបំផុត ដែល​ពួកគេ មិន​ធ្លាប់ធ្វើ​បាន ក្នុងប្រវត្តិ​ស៊ីហ្គេម កន្លងមក​​ ហើយ​ការ​បំបែក​ឯតទគ្គកម្ម​ចាស់​របស់​ខ្លួន​ឯងនេះ បាន​កើត​មាន​ឡើង ក្នុង​ការ​ប្រកួតស៊ីហ្គេម លើកទី​៣២ ឆ្នាំ ​២០២៣ នៅលើ​ទឹក​ដី​ខ្លួនឯង ដែល​ត្រូវ​រៀបចំពិធីបិទ នៅយប់​នេះ។

តាម​រយៈ​ការ​ចូលរួមប្រកួតស៊ីហ្គេម ជា​ច្រើន​ឆ្នាំកន្លង​មកនេះ ក្រុមចំបាប់កម្ពុជា ធ្លាប់ដណ្តើម​បាន​មេដាយមាស​ ៤ ប្រាក់​ ២ និងមេដាយសំរឹទ្ធ ​៤ ក្នុងការ​ប្រកួតស៊ីហ្គេម ឆ្នាំ​ ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា ហើយ​នោះជា​ជោគជ័យធំបំផុត សម្រាប់​ក្រុមចំបាប់កម្ពុជា ដែល​ត្រូវបានចារជាកំណត់​ត្រា​របស់ពួកគេ។

ដោយឡែក សម្រាប់​​ការប្រកួត​ស៊ីហ្គេម ចំនួន​ ៤ ​លើក​ក្រោយ​មក​ទៀត គឺ​ប្រភេទកីឡាចំបាប់​ មិនត្រូវបាន​ដាក់បញ្ចូល ក្នុងស៊ីហ្គេម ឆ្នាំ​ ២០១៥ និង​ឆ្នាំ ​២០១៧ នោះទេ ចំណែក​ការ​ចូលរួម​ប្រកួតវិញ នៅ​ស៊ីហ្គេម ឆ្នាំ​ ២០១៩ ក្នុង​ប្រទេស​ហ្វីលីពីន ក្រុមចំបាប់​កម្ពុជា ដណ្តើមបាន​ត្រឹមមេដាយសំរឹទ្ធ​ ៥ ហើយ​ស៊ីហ្គេម លើក​ចុងក្រោយ នៅប្រទេស​វៀតណាម កាលពី​ខែឧសភា ឆ្នាំ​ ២០២២ ក្រុមចំបាប់ បាន​ឈ្នះមេដាយមាស​១ ប្រាក់​១ និងសំរឹទ្ធ​៤ គឺ​មានន័យ​ថា ពួកគេ មិនអាច​រក្សា​ការ​ឈ្នះ​បានមេដាយមាស​ច្រើន ដូចស៊ីហ្គេម ឆ្នាំ ២០១៣ ​នោះ​ទេ។


តែទោះបីជា​យ៉ា​ងណា សម្រាប់ការ​ធ្វើ​ជាម្ចាស់​ផ្ទះ​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ នៅលើ​ទឹក​ដីកម្ពុជា ដែល​នឹង​រៀបចំពិធីបិទ​ជា​ផ្លូវ​ការ នៅ​យប់​ថ្ងៃទី​ ១៧ ខែឧសភា នេះ ក្រុមចំបាប់​កម្ពុជា បានបញ្ចប់​ការ​ប្រកួតទាំង​៣០​ប្រភេទ​ទម្ងន់ ជាមួយការ​ឈ្នះ​បានមេដាយ​ចំនួន ​៥ ប្រាក់ ​៤ និងសំរឹទ ​១១ ហើយ​លទ្ធផល​ដ៏​ធំ​នេះ បានជួយ​ឱ្យ​ក្រុមចំបាប់​កម្ពុជា អាច​បំបែក​ឯតទគ្គកម្មចាស់ និង​បង្កើត​បាននូវកំណត់​ត្រាថ្មី យ៉ាង​រំភើប​បំផុត។

ជាមួយការឈ្នះបាន​មេដាយសរុបចំនួន​ ២០ នេះ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បាន​ថ្លែង​ថា៖​ «នេះជា​ការ​បំបែក​កំណត់ត្រាប្រវត្តិសាស្រ្ត ដែល​មិន​ធ្លាប់មាន សម្រាប់​ក្រុមចំបាប់កម្ពុជា នោះ​ទេ។ យើងមិន​ធ្លាប់ឈ្នះបានមេដាយមាស ​៥ ហើយ​​ក៏មិន​ធ្លាប់​បានមេដាយសរុប​ដល់​ ២០ នោះដែរ អ៊ីចឹងនេះជាជោគជ័យ​ដ៏ធំ​ណាស់ សម្រាប់​ក្រុម​ចំបាប់​ និងសម្រាប់ប្រទេស​កម្ពុជា ដែល​យើងបង្កើត​បាន​នូវកំណត់​ត្រាថ្មី មិន​ធ្លាប់មាន នៅលើទឹក​ដី​ខ្លួនឯង»។


ក្រុមចំបាប់ បាននាំគ្នាចាប់ លោក ខេស៊ី បាណេត បោះឡើង​លើ ដើម្បី​បង្ហាញការដឹងគុណ​ដល់​បុរសខ្មែរ-អាមេរិក​ម្នាក់នេះ ដែលបានជួយក្រុម​ចំបាប់ ឱ្យ​រីកចម្រើន​ដូចពេលនេះ។ រូប​ថត សហការី

សម្រាប់ការ​ឈ្នះ​បានមេដាយមាស​៥ ប្រាក់​៤ និងសំរឹទ្ធ​១១​នេះ បានជួយ​ឱ្យក្រុមចំបាប់​កម្ពុជា ឈរ​នៅលេខ​៣ បន្ទាប់ពីក្រុមចំបាប់​វៀតណាម ដែល​ឈ្នះ​បានមេដាយមាស​ ១៣ ប្រាក់ ៤ សំរឹទ្ធ ១ និងឥណ្ឌូនេស៊ី បានមេដាយមាស​ ៦ ប្រាក់ ៦ សំរឹទ្ធ​២ រីឯ​ហ្វីលីពីន ឈរ​នៅលេខ​៤ ដោយបានឈ្នះមេដាយមាស ​៤ ប្រាក់ ៧ សំរឹទ្ធ ៥ ថៃ បានមាស ១ ប្រាក់ ៥ សំរឹទ្ធ ៦ សិង្ហបុរី បានមាស​១ ប្រាក់ ៣ សំរឹទ្ធ​៥ និង​ឡាវ បាន​ប្រាក់​១ និងមេដាយ​សំរឹទ្ធ​៧។

សម្រាប់​មេដាយ​មាស​ទាំង ​៥ ដែលក្រុមចំបាប់​កម្ពុជា ដណ្តើម​បាន ក្នុង​ស៊ីហ្គេម ឆ្នាំ​២០២៣​នេះ គឺ​កីឡាករ​ខ្មែរ-អ៊ីរ៉ង់ ម៉ូ សារី បានឈ្នះមេដាយមាស២​ ទាំង​ការ​ប្រកួតក្រិចកូរ៉ូម៉ាំង និងចំបាប់សេរី ទម្ងន់​៩៧គីឡូក្រាម ហើយ​កីឡាករខ្មែរ-អ៊ីរ៉ុង ស៊ូ បាលី បាន​ឈ្នះមេដាយ​មាស លើ​វិញ្ញាសា​ចំបាប់ក្រិចកូរ៉ូម៉ាំង ទម្ងន់​១៣០គីឡូក្រោម រីឯ ហេង វុទ្ធី បាន​ឈ្នះមេដាយ​មាស ចំបាប់​សេរី ទម្ងន់​៨៦គីឡូក្រាម ខណៈ​ ជា កញ្ញា បាន​ក្លាយជា​កីឡាការិនីចំបាប់​កម្ពុជា តែម្នាក់​គត់ ដែល​ឈ្នះ​បានមេដាយមាស ក្នុងប្រភេទទម្ងន់​៧២គីឡូក្រាម៕