ភ្នំពេញ៖ កីឡាការិនីជម្រើសជាតិ​កម្ពុជា ប៉ាល់ ឆរស្ម៊ី និង​កីឡាការិនី​ជើង​ខ្លាំង​របស់សិង្ហបុរី Ting Wen Quah ត្រូវបាន​គណៈកម្មាធិការជាតិ​រៀបចំការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) ជ្រើសរើសជាអត្តពលិកឆ្នើមផ្តាច់​គេ ដែល​ទទួល​បាន​ពាន​ ប្រចាំ​ព្រឹត្តិការណ៍ជា​ប្រវត្តិសាស្តលើក​ដំបូង ក្នុង​រយៈពេល​ ៦៤ ​ឆ្នាំ នៅ​កម្ពុជា​មួយនេះ។

ការ​ជ្រើស​រើស​នេះ ក៏​ព្រោះ​តែ​កីឡាការិនី​ដ៏ឆ្នើម​ទាំង​២​នេះ បាន​បង្ហាញ​សមត្ថ​ភាព​ប្រកួត​តំណាង​ឱ្យប្រទេស​របស់ខ្លួនបាន​យ៉ាង​ល្អ និង​ដណ្តើម​បានមេដាយ​មាស​ច្រើន ពីការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣​ ដោយ​ក្នុង​នោះ កីឡាការិនី​ហែល​ទឹក​ Ting Wen Quah បាន​ឈ្នះមេដាយមាស ​៦ និងប្រាក់​ ២ រីឯ​កីឡាការិនីវ៉ូវីណាម​របស់​កម្ពុជា ប៉ាល់ ឆរស្ម៊ី បាន​ឈ្នះមេដាយមាស​ ៤ ប្រាក់ ​១ និងសំរឹទ្ធ​ ១។

តាម​រយៈការ​ប្រកួតស៊ីហ្គេម​ លើក​ទី​៣២ នេះ កីឡាការិនី Ting Wen Quah បានឈ្នះមេដាយមាស​ទាំង ​៦ ទៅលើ​វិញ្ញាសា​ហែលបណ្តាក់​គ្នា Mixed 4 x 100m Medley, Women’s 4 x 100m Medley, Women’s 4 x 100m Freestyle, Women’s 4 x 200m Freestyle, ព្រមទាំង​ការ​ប្រកួតឯកត្តជន​ហែលរបៀបសេរី ចម្ងាយ ​១០០ ម៉ែត្រ និង​ចម្ងាយ​ ៥០ ម៉ែត្រ ចំណែក​មេដាយ​ប្រាក់​ទាំង​ ២ Ting Wen Quah រកបាន​លើ​ការ​ហែល​របៀប​មេអំបៅ ចម្ងាយ​ ១០០ ម៉ែត្រ និង​ ៥០ ម៉ែត្រ។


ចំណែកកីឡាការិនី​វ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្ម៊ី បានឈ្នះមេដាយមាស ​៤ ប្រាក់ ​១ និងសំរឹទ្ធ ​១ ដោយ​ក្នុង​នោះ មេដាយមាសទាំង ​៤ ​របស់​នាង រកបាននៅលើ​វិញ្ញាសា​ប្រកួតសម្តែង​ការពារ​ខ្លួន​នារី​ ៣ បុរស ​៣, Women’s Dual Knife Form, Aspect Broadsword Single Form, និង​សម្តែង​ជា​ក្រុម Ying-Yang Sword Form 4x ចំណែក​មេដាយ​ប្រាក់ ឆរស្ម៊ី ដណ្តើម​បាន​លើ​វិញ្ញាសា Women’s Multiple Training និងមេដាយសំរឹទ្ធ លើ​វិញ្ញាសា Women’s Self-Defence។


ចំពោះ​ការ​ទទួលបានពានជា​អត្តពលិក​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ​នេះ បាន​ក្លាយជា​មហាកិត្តិយស​ សម្រាប់ ប៉ាល់ ឆរស្ម៊ី និង Ting Wen Quah ហើយ​​ពាន​​នេះ បានប្រគល់​ដោយ​ផ្ទាល់ពីសំណាក់​លោក​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងការពារជាតិ ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិ CAMSOC អបដោយ​លោក ថោង ខុន ជាអនុប្រធានអចិន្រ្តៃយ៍ និង​លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ CAMSOC នៅក្នុង​ពិធី​បិទស៊ីហ្គេម កាលពី​យប់​ថ្ងៃទី​ ១៧ ខែឧសភា នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ៕