ភ្នំពេញ៖ ក្រុមអ្នកស្ម័គ្រចិត្ត ប្រមាណ​ ៦ ពាន់នាក់ ត្រូវបាន​ថ្នាក់ដឹកនាំ កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះការ​បំពេញ​ការងារបាន​យ៉ាង​ល្អ​របស់ពួកគេ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​ ២០២៣ ដែល​ទើប​បានរៀបចំពិធីបិទជា​ផ្លូវការ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពី​យប់ថ្ងៃទី​ ១៧ ខែឧសភា។

រដ្ឋ​មន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ជាប្រធានគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា និងជាប្រធានក្រុមប្រឹក្សា​សហព័ន្ធ​កីឡាអាស៊ីអាគ្នេយ៍ បាន​ធ្វើការវាយ​តម្លៃខ្ពស់ ទៅលើ​ការ​បំពេញការងារ​របស់ក្រុម​អ្នកស្ម័គ្រ​ចិត្ត ដែល​បាន​ធ្វើឱ្យ​ការបដិសណ្ឋារកិច្ច​ទទួល​ភ្ញៀវ ព្រមទាំង​ការ​រៀបចំ​ការ​ប្រកួត និងពិធីបើក-បិទ​ស៊ីហ្គេម អាចដំណើរទៅ​ដោយ​រលូន និងមានសណ្តាប់ធ្នាប់​ល្អ។

លោក ថោង ខុន ដែលជាអនុប្រធានអចិន្រ្តៃយ៍ CAMSOC ផង​នោះ បាន​ថ្លែង​នៅក្នុង​ពិធី​បិទស៊ីហ្គេម ​បែបនេះ​ថា៖​ «ជូនចំពោះ​អ្នកស្ម័គ្រ​ចិត្តរាប់ពាន់នាក់ ដែល​បានខិតខំ ដើម្បី​ធ្វើ​យ៉ាងណាឱ្យ​គណៈប្រតិភូ និង​អ្នកទស្សនាទទួលបានបទពិសោធន៍​ដ៏​ល្អ ពីការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា បាន​ផ្តល់ជូន ខ្ញុំសូម​អរគុណ​ដ៏ស្មោះ​ចេញពី​បេះដូង។ អ្នកគឺពិតជា​កោសិការស្នូល (DNA) នៃ​ព្រឹត្តិការណ៍កីឡារបស់​យើង។ ខ្ញុំសូមអរគុណអ្នកទាំងអស់​គ្នា»។


ជាមួយគ្នានេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ក៏បាន​សម្តែងការអរគុណ​ ចំពោះ​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​អស់ ដែលបានចូលរួមជួយ​ នៅក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣នេះ ដែល​បានជំរុញ​ឱ្យ​ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៅលើ​ទឹក​ដី​កម្ពុជា ជាលើកដំបូង​នេះ បាន​បញ្ចប់ ប្រកបដោយ​ថាម​ពល និង​ទទួល​បានជោគជ័យ ដ៏​ត្រចះត្រចង់។


ចំណែក​លោក សុខ សប្បាយណា ប្រធានគណៈកម្មការអ្នក​ស្ម័គ្រ​ចិត្ត​នៃគណៈកម្មាធិការជាតិ CAMSOC បានឱ្យ​ដឹង​ថា ​អ្នកស្ម័គ្រ​ចិត្តចំនួន​៦ពាន់នាក់ ដែលបានចូលរួមបំពេញការងារ ក្នុងស៊ីហ្គេម លើកទី​៣២​នេះ បានប្រតិបត្តិការងាររបស់ខ្លួន ​តាំង​ពីថ្ងៃទី​២៦ ខែមេសាមក ដោយ​បានបែង​ចែក​កម្លាំង បំពេញការងារ ទាំង​​នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​តាម​ខេត្តកំពត កែប ព្រះសីហនុ និង​ខេត្តសៀម​រាប ដែល​មានរៀបចំ​ការ​ប្រកួតស៊ីហ្គេម។

លោក​បានបញ្ជាក់ថា៖ «យើងមានវត្តមាន នៅ​គ្រប់​ទី​តាំង ហើយ​ខ្ញុំពិតជាសូមថ្លែង​អំណរគុណ​ដល់​ប្អូនៗ និងបងៗ ជាអ្នក​ស្ម័គ្រ​ចិត្តមែន​ទែន ដោយពួកគាត់ ទទួល​បានការ​​កោតសរសើរ​ខ្លាំង​។ ទាំង​កីឡាករ កីឡាការិនី ប្រតិភូកីឡា ក៏ដូចជាអ្នកសារព័ត៌មានអន្តរជាតិ បាន​​កោតសរសើរ​ពី​ភាព​ទន់​ភ្លន់ ម៉ឺងម៉ាត់ រួសរាយរាក់ទាក់ និងឆន្ទៈ​នៃ​ប្រតិបត្តិការ​ការស្ម័គ្រ​ចិត្ត​របស់​គាត់។ ដូចបងប្រធាន ហ៊ុន ម៉ានី តែងតែ​លើក​ឡើងថា ពួកគាត់​បានធ្វើលើសពីភារកិច្ច គឺ​ធ្វើ​ចេញពី​បេះដូងតែម្តង ដើម្បី​បង្ហាញ​ភាសាបេះ​ដូង​របស់កម្ពុជា ទៅកាន់ពិភព​លោក​»៕