ភ្នំពេញៈ ក្នុងនាម​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​ឱ្យ​ក្រុម​កីឡាករ កីឡាការិនី​បាល់ទះ​ទាំងអស់ ត្រូវ​បន្ដ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ដើម្បី​ឈានទៅ​ដណ្ដើម​ជោគជ័យ​នៅ​ថ្ងៃ​ខាងមុខ។ ជាមួយ​គ្នានេះ លោក​ក៏បាន​រំឭក​ដល់​គ្រូបង្វឹក​ផងដែរ ត្រូវ​បន្ដ​ខិតខំ​ប្រឹងប្រែង​ការងារ​របស់​ខ្លួន ដើម្បី​លើកកម្ពស់​សមត្ថភាព​ក្រុម​កីឡាករ។​

​លោក​នេ​ត សាវឿន បានធ្វើ​ការណែនាំ​បែបនេះ កាលពី​រសៀល​ថ្ងៃទី ១៨ ឧសភា​ក្នុងពេល​ជួប​សំណេះសំណាល និង​ផ្តល់​ថវិកា​លើក​ទឹកចិត្ត​ដល់ គ្រូបង្វឹក ក្រុម​កីឡាករ កីឡាការិនី​បាល់ទះ​ឆ្នេរខ្សាច់ និង​ក្រុម​កីឡាការិនី​បាល់ទះ​ក្នុង​សាល​ជម្រើសជាតិ​កម្ពុជា ដែល​ទើប​បញ្ចប់​បេសកកម្ម​ចូលរួម​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើកទី ៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ នៅក្នុង​ជំនួប​សំណេះសំណាល​នេះ​លោក នេត សាវឿន ក៏បាន​បង្ហើប​ពី​គម្រោង​ក្នុងការ​បង្កើន​កា​រលីក​កម្ពស់​បាល់ទះ​នៅ​ពេល​អនាគត​ផងដែរ សំដៅ​ចម្រាញ់​យក​កីឡាករ​ដែលមាន​សមត្ថភាព​ខ្ពស់ សម្រាប់​ចូល​ប្រកួត​ជម្រើសជាតិ។ ប៉ុន្ដែ​ករណីនេះ លោក​បាន​សង្កត់ធ្ងន់​ថា នឹងត្រូវ​ប្រើប្រាស់​ពេលវេលា​យូរ​ដើម្បី​សម្រេច​បាន​ជោគជ័យ។ ទោះជា​យ៉ាងណា លោក​បាន​បង្ហាញ​ការប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្នុងការ​អនុវត្ត​ការងារ​នេះ។​


ជាមួយគ្នានេះ​លោក នេ​ត សាវឿន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​គ្រូបង្វឹក ក្រុម​កីឡាករ កីឡាការិនី​បាល់ទះ​ទាំងអស់ ដែល​បាន​ចំណាយ​ពេល​ផ្ទាល់ខ្លួន និង​ខិតខំ​យក​អស់ពី​កម្លាំងកាយ​ចិត្ដ​ក្នុងការ​ចូលរួម​ប្រកួត​រយៈពេល​កន្លងមក។

ដើម្បី​ជាការ​លើកទឹកចិត្ត លោក នេត សាវឿន បាន​ឧបត្ថម្ភ​ថវិកា ១ ០០០ ដុល្លារ ដល់​គ្រូបង្វឹក​ម្នាក់ៗ និង​កីឡាករ កីឡាការិនី​បាល់ទះ ម្នាក់ៗ ១ ០០០ ដុល្លារ​ផងដែរ។


ដោយឡែក ពាក់ព័ន្ធ​ជាមួយ​ក្រុម​កីឡាករ​បាល់​ទះ​បុរស​ក្នុង​សាល ដែល​ទទួលបាន​មេដាយ​ប្រាក់​វិញ​នោះ លោក នេត សាវឿន នឹង​ធ្វើការ​ជួប​សំណេះសំណាល លើក​ទឹកចិត្ត​ដោយ​ផ្ទាល់​នៅ​ពេល​ក្រោយ៕