កុមារកម្ពុជា សម្រេចក្ដីស្រមៃដើរជាមួយកីឡាករបាល់ទាត់លំដាប់ពិភពលោកចូលទីលាន

ភ្នំពេញៈ នៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យរំភើប កុមារ ៤ នាក់ មកពីអង្គការផ្កាយសមុទ្រ (ISF) បានសម្រេចក្ដីសុបិនដោយបានក្លាយជាកុមារដើរកាន់ដៃកីឡាករបាល់ទាត់លំដាប់ពិភពលោកនៃក្របខ័ណ្ឌ Premier League ដែលរំពឹងទុកយ៉ាងខ្លាំងរវាងTottenham Hotspur និង Brentford FC នាថ្ងៃទី ២០ ខែឧសភា កន្លងមក។
ក្មេងប្រុស២នាក់ និងក្មេងស្រី២នាក់ដែលមានអាយុចន្លោះពី១១ ទៅ ១៣ឆ្នាំ ដែលធ្លាប់បានលេងបាល់ទាត់នៅលើស្មៅនៃផ្ទៃរាបនៅក្នុងភូមិរបស់ពួកគេត្រូវបានផ្តល់ដ៏កម្របំផុតមួយក្នុងជីវិតដើម្បីឈានជើងទៅលើសមរភូមិវាលស្មៅនៃការប្រកួតលីកPremier League លំដាប់ពិភពលោក។
បទពិសោធន៍ដ៏វិសេសវិសាលនេះគឺជាបទពិសោធន៍មួយដែលអ្នកលេងបាល់ទាត់វ័យក្មេងរាប់មិនអស់នៅជុំវិញពិភពលោកបានស្រមៃចង់បាន ប៉ុន្តែមានតែមនុស្សមួយចំនួនដែលមានសំណាងប៉ុណ្ណោះដែលអាចទទួលបានមានឱកាសនេះ។
អ្នកស្រីជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្របានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖«នៅពេលដែលសិស្សរបស់យើងបានដើរនៅលើទីលានជាមួយនឹងកីឡាករបាល់ទាត់ក្រុមTottenham Hotspur វាពិតជាអស្ចារ្យណាស់ដែលបានឃើញនូវឱកាសដ៏មិនគួរឱ្យជឿនេះ។ វាជាបទពិសោធន៍មួយក្នុងជីវិតដែលលុយមិនអាចទិញបាន»។
អ្នកស្រីបន្តថា៖«សេចក្ដីរំភើបនៅលើមុខរបស់ពួកគេគឺមិនអាចកាត់ថ្លៃបាន ហើយវាជាអ្វីដែលពួកគេនឹងស្រឡាញ់ពេញមួយជីវិតរបស់ពួកគេ»។
អ្នកស្រីវិច្ឆិកា ដែលដឹកនាំកុមារទាំង៤នាក់ហោះទៅកាន់ទីក្រុងឡុងដ៍ដើម្បីទស្សនាការប្រកួតផ្ទាល់នោះបានរៀបរាប់ថា សម្រាប់ក្មេងៗដែលស្រឡាញ់កីឡាបាល់ទាត់ ឱកាសបានដើរលើទីលានជាមួយកីឡាករដែលពួកគេចូលចិត្ត ហើយក្លាយជាផ្នែកនៃសកម្មភាពពិតជាសុបិនក្នុង១ឆាកជីវិតរបស់ពួកគេ។
នៅពេលដែលកុមារទាំងនេះបានឈានជើងចូលទៅលើទីលានវាលស្មៅនៃកីឡដ្ឋានបាល់ទាត់លំដាប់ពិភពលោកទឹកមុខរបស់ពួកគេបានបញ្ចេញពន្លឺដោយក្តីរីករាយ។
ពេលដឹងថា ពួកគេហៀបនឹងក្លាយជាផ្នែកមួយនៃការប្រកួតក្របខ័ណ្ឌ Premier League ដែលហ៊ុមព័ទ្ធដោយក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់ពួកគេចាប់ផ្ដើមមានអារម្មណ៍រំភើប។
អង្គការISF ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាប្តេជ្ញាផ្តល់ឱ្យកុមារក្រីក្រទទួលបានការអប់រំ និងកម្មវិធីកីឡាប្រកបដោយគុណភាព។ បេសកកម្មរបស់ពួកគេគឺផ្តល់អំណាចដល់កុមារទាំងនេះ និងបំពាក់ឱ្យពួកគេនូវឧបករណ៍ចាំបាច់ដើម្បីកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ពួកគេ និងសហ គមន៍របស់ពួកគេ។
ឱកាសក្លាយជាអ្នកដើរអមក្នុងការប្រកួតនៅPremier League គឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងទេពកោសល្យ និងចំណង់ចំណូល ចិត្តដ៏អស្ចារ្យសម្រាប់កីឡារបស់កុមារទាំង៤។
អ្នកស្រីវិច្ឆិកា បានបន្ថែមអំពីឥទ្ធិពលនៃបទពិសោធន៍នេះដោយលើកឡើងថា៖«វាពិតជាការបំផុសគំនិតដែលឃើញសិស្សរបស់យើងសម្រេចបាននូវក្តីសុបិនរបស់ពួកគេតំណាងឱ្យប្រទេសកម្ពុជាប្រកបដោយកិត្តិយស ភាពរីករាយ និងបន្តនូវចំណង់ចំណូលចិត្តរបស់ពួកគេដោយការខិតខំប្រឹងប្រែងបែបនេះ»។
អ្នកស្រីបានបញ្ជាក់ថា៖«បទពិសោធន៍នេះពិតជានឹងជំរុញទឹកចិត្តពួកគេបន្តការខិតខំដើម្បីឧត្តមភាពក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ»។
តាមរយៈការរួមបញ្ចូលគ្នានៃការអប់រំកីឡានិងការបង្ហាត់បង្រៀនពួកគេផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់យុវជនក្រីក្រដើម្បីដឹងពីសក្តានុ ពលរបស់ពួកគេ និងរួមចំណែកដល់សង្គមប្រកប ដោយភាពវិជ្ជមាន។
ខណៈដែលសំឡេងផ្លុំកញ្ចែចុងក្រោយបានបន្លឺឡើងនៅកីឡដ្ឋានTottenham Hotspur កុមារទាំង៤នាក់នេះបានត្រឡប់ទៅអង្គុយទស្សនារហូតដល់បញ្ចប់ការប្រកួត។ ជាអ្នកដើរអមកីឡាករបាល់ទាត់ជានិមិត្តសញ្ញានៃក្តីសង្ឃឹមការបំផុសគំនិត និងសមិទ្ធផលដ៏អស្ចារ្យដែលអាចទទួលបានដោយការតាំងចិត្ត និងការគាំទ្រ៕