អ្នកប្រដាល់រុស្ស៊ី អ៊ុយក្រែន ឡាវ និងថៃ សុទ្ធតែត្រូវបានអ្នកលេងគុនខ្មែរ វ៉ៃឱ្យសន្លប់

ភ្នំពេញ៖ អ្នកប្រដាល់មកពី ៤ ប្រទេសផ្សេងគ្នា រួមមានរុស្ស៊ី អ៊ុយក្រែន ថៃ និងឡាវ សុទ្ធតែត្រូវបានកីឡាករកម្ពុជា វ៉ៃឱ្យសន្លប់ដូចគ្នា ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅលើសង្វៀនថោន ហើយការចាញ់ដោយផុយស្រួយរបស់អ្នកទាំង៤នេះ បានធ្វើឱ្យកីឡាករម្ចាស់ផ្ទះ ហាក់មិនទាន់អស់ចិត្ត នៅឡើយទេ។
សម្រាប់ការប្រកួត កាលពីថ្ងៃទី២១ ខែឧសភា កន្លងមកនេះ អ្នកលេងស្នៀតជើង អេលីត សុខហ៊ុច ហាក់មិនទាន់អស់ចិត្តនោះទេ បន្ទាប់ពីរូបគេ បានបុកកែងស្តាំ បណ្តាលឱ្យកីឡាកររុស្ស៊ី Mazin Egor ដួលទាំងបែកមាត់ ក្នុងនាទីដំបូង សម្រាប់ការប្រកួត Mas Fight ១ ទឹក មាន ៩ នាទីនោះ។
បើទោះបីជាកីឡាកររុស្ស៊ីម្នាក់នេះ បានខំប្រឹងក្រោកឈរឡើង ប៉ុន្តែអ្នកឱ្យទឹករបស់គេ បានបោះកន្សែងសុំចុះចាញ់តែម្តង ព្រោះ Mazin Egor នៅមានសភាពវង្វេង មិនអាចប្រកួតបានទៀតទេ ហើយការផ្តួលដៃគូឱ្យសន្លប់ ដោយប្រើពេលមិនដល់ ១ នាទី នេះ អេលីត សុខហ៊ុច ក៏សឹងមិនជឿផងដែរ។
អេលីត សុខហ៊ុច បាននិយាយថា៖ «ខ្ញុំមិននឹកស្មានថា វាលឿនដល់ថ្នាក់ហ្នឹងដែរ តែការប្រកួតមើលមិនឃើញទេ។ គាត់បានព្យាយាមចូលម៉ាត់មកលើខ្ញុំដែរ ដល់អ៊ីចឹងខ្ញុំមានតែចូលប្តូរកែង គឺខ្ញុំបានបត់កែង ក្នុងពេលគាត់ចូលម៉ាត់មកដល់ខ្ញុំ ហើយបើទោះបីជាគាត់ ក្រោកឈរឡើងបានវិញ ប៉ុន្តែគាត់បានវង្វេងស្មារតីហើយ មិនអាចបន្តការប្រកួតទៀតបានឡើយ»។

ចំណែក ធន់ អៀនឡៃ ក៏សឹងតែមិនជឿលើខ្លួនឯង ដែលអាចផ្តួលកីឡាករឡាវ Kharharith Chopchai ឱ្យសន្លប់នៅក្នុងទឹកទី ១ ដោយការប្រកួតនេះ អៀនឡៃ បានម៉ាត់ចូលពោះ បណ្តាលឱ្យឡាវម្នាក់នេះ ដួលចុករមួល ត្រូវបានអាជ្ញាកណ្តាលរាប់ម្តងហើយ មុនពេលរូបគេ ទាត់ចូលកន្លែងរបួសចាស់នេះ នាំឱ្យ Kharharith Chopchai សន្លប់ក្រោកលែងរួចតែម្តង។
ជាមួយលទ្ធផលនេះ ធន់ អៀនឡៃ បាននិយាយថា៖ «ការប្រកួតនេះ នៅមិនទាន់បានវ៉ៃគ្នាស្រួលផង ដោយគាត់ទាត់មកលើខ្ញុំ បាន២ទៅ៣ជើង ហើយនៅពេលឃើញគាត់ចំហក្រោម ខ្ញុំក៏ម៉ាត់ចូលពោះ និងចុងក្រោយ បានទាត់ចូលពោះម្តងទៀត ហេតុនេះខ្ញុំក៏មិនទាន់បានស្ទាបស្ទង់សមត្ថភាពរបស់គាត់អស់ដែរ ព្រោះវាដូចជាលឿនពេក»។
ស្រដៀងគ្នានេះ កីឡាករវ័យក្មេង កំពុងសាងបានភាពល្បី អេលីត ប៊ុនតុង បានវ៉ៃអ្នកប្រដាល់ថៃ Kitipon Bor.Muangubon ឱ្យចុះចាញ់ នៅទឹកទី២។ ថ្វីបើថៃម្នាក់នេះ មានភាពរឹងមាំខាងចូលចាប់បុកជង្គង់ ប៉ុន្តែ ប៊ុនតុង បានវាយកែងចូលផ្ទៃមុខ បណ្តាលឱ្យ Kitipon ដួល និងបានអាជ្ញាកណ្តាលរាប់ ចំនួន២ដង ក្នុងទឹកទី១ ហើយចូលទឹកទី២ ប៊ុនតុង បានវាយកែងបណ្តាលឱ្យថៃម្នាក់នេះ ដួលជាលើកទី៣ និងសុំចុះចាញ់តែម្តង។

ចំពោះជ័យជម្នះនេះ អេលីត ប៊ុនតុង បាននិយាយថា៖ «ដៃគូរបស់ខ្ញុំ គាត់រឹងខាងចាប់ តែគាត់ខ្សោយពោះ ហើយការប្រកួតនេះ ខ្ញុំបានផ្តួលគាត់ ដោយសារការវាយកែង។ នេះជាការប្រកួតអន្តរជាតិលើកទី៥ របស់ខ្ញុំ ខណៈការប្រកួត៤លើកកន្លងមក ខ្ញុំបានផ្តួលដៃគូឱ្យសន្លប់៣ និងឈ្នះពិន្ទុ ១ នាក់ ហើយតាមរយៈលទ្ធផលនេះ ខ្ញុំនឹងប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងជាងនេះទៀត»។
ផ្ទុយពីនេះ កីឡាករមុខរឹង ធន់ ចាន់តាក់ ត្រូវបានអ្នកប្រដាល់អ៊ុយក្រែន Oleksandr វាយឡើងចង់ពោរមុខទៅហើយ។ Oleksandr មិនត្រឹមតែមានកម្លាំងរឹងមាំ ក្នុងការចាប់កាច់ ធន់ ចាន់តាក់ ប៉ុណ្ណោះទេ ប៉ុន្តែការម៉ាត់ចូលពេញៗរបស់គេ ធ្វើឱ្យ ចាន់តាក់ ថមថយកម្លាំង និងបានដួលជាច្រើនលើកផងដែរ។ តែទោះបីជាយ៉ាងណា នៅទឹកទី២ ធន់ ចាន់តាក់ បានបុកកែងស្តាំ បណ្តាលឱ្យ Oleksandr សន្លប់ដ៏មិនគួរឱ្យចង់ជឿ។
យ៉ាងណា ធន់ ចាន់តាក់ បាននិយាយថា៖ «គាត់វាយចេញធ្ងន់ និងឆ្លាតទៀត មានន័យថា បើគាត់វ៉ៃចូលកន្លែងណា គឺគាត់វាយថែមកន្លែងហ្នឹងទៀត ហើយពេលនោះ ខ្ញុំមានអារម្មណ៍រាងខ្លាចដែរ នៅពេលគាត់វាយចូលមុខ និងពោះរបស់ខ្ញុំ ព្រោះវាឈឺ និងចុកដែរ ប៉ុន្តែខ្ញុំប្រមូលស្មារតីបានវិញ និងប្តូរយុទ្ធសាស្រ្តប្រកួត ដោយការប្រើកែងវិញម្តង»។

ចាន់តាក់ បានបន្ថែមថា៖ «នៅពេលគាត់ស្ទុះចូលវាយលុកមកលើខ្ញុំនោះ ខ្ញុំបានវាយកែងស្កាត់ ចូលគោលដៅពេញល្អណាស់ គឺឡើងឈឺកែងខ្លួនឯង។ តែទោះបីជាយ៉ាងណា បើសិនជាគ្មានករណីអាជ្ញាកណ្តាលបញ្ឈប់ ដោយសារវាយកែងនេះ គឺការប្រកួតនេះ អាចនឹងមានភាពតានតឹងខ្លាំង ហើយខ្ញុំក៏អាចនឹងមានបញ្ហាផងដែរ ព្រោះដៃរបស់គាត់ចេញបានលឿន»៕
