គុនល្បុក្កតោ ត្រៀមចេញទៅផ្សព្វផ្សាយពីសក្តានុពលនៅក្រៅប្រទេស បន្ទាប់ពីបានបង្កើតប្រវត្តិសាស្រ្តថ្មីនៅស៊ីហ្គេម

ភ្នំពេញៈ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បាននិងកំពុងរៀបចំពង្រឹងនូវធនធានគ្រូបង្វឹក និងមន្រ្តីច្ចេកទេសឱ្យបានកាន់តែច្រើន ដើម្បីបញ្ជូនអ្នកទាំងនេះចេញទៅផ្សព្វផ្សាយពីសក្តានុពល និងប្រវត្តិដ៏អស្ចារ្យនៃប្រភេទកីឡា «គុនល្បុក្កតោ» នៅក្រៅប្រទេស ខណៈកីឡាអត្តសញ្ញាណជាតិរបស់កម្ពុជាមួយនេះ ក៏ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូរួចហើយ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក។
ជាមួយគ្នានេះ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិគុនល្បុក្កតោកម្ពុជា ក៏ទើបតែបានរួមគ្នាបង្កើតបាននូវកំណត់ត្រាជាប្រវត្តិសាស្រ្ត សម្រាប់ការដណ្តើមបានមេដាយមាស ៨ ប្រាក់ ៧ និងសំរឹទ្ធ ៣ ពីការធ្វើម្ចាស់ផ្ទះ ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលទើបបានបញ្ចប់ កាលពីថ្ងៃទី ១៧ ខែឧសភា ផងដែរ ហើយសមិទ្ធផលជោគជ័យនេះ វាបានក្លាយជាផ្លែផ្កាថ្មី ដែលធ្វើឱ្យគុនល្បុក្កតោ កាន់តែមានភាពល្បាញល្បីខ្លាំង នៅក្នុងតំបន់ និងនៅលើពិភពលោក។
លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រាប់ថា៖ «គុនល្បុក្កតោ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ សម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ជាលើកទីដំបូងនេះ ហើយប្រទេសជាសមាជិក ដែលបានបញ្ជូនក្រុមអត្តពលិកមកប្រកួត ក៏ទទួលបានលទ្ធផលល្អដូចគ្នា ដោយក្នុងនោះ យើងឃើញថា វៀតណាម ជាប្រទេសមួយ ដែលមានសក្តានុពល នៅក្នុងប្រភេទកីឡាគុនល្បុក្កតោរបស់យើង បន្ទាប់មកមានប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ»។
តាមរយៈការចូលរួមប្រកួតកីឡាគុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នេះ ក្រុមអត្តពលិកវៀតណាម ដណ្តើមបានមេដាយមាស ៦ សំរឹទ្ធ ៣ ដើម្បីឈរនៅលេខ ២ បន្ទាប់ពីម្ចាស់ផ្ទះកម្ពុជា ខណៈឥណ្ឌូនេស៊ី ឈរនៅលេខ៣ ដោយឈ្នះបានមាស៣ ប្រាក់៥ សំរឹទ្ធ១២ តាមពីក្រោយដោយហ្វីលីពីន ដែលបានមាស២ ប្រាក់៦ សំរឹទ្ធ៨ ហើយមីយ៉ាន់ម៉ា ឈ្នះបានមាស ១ ប្រាក់ ២ សំរឹទ្ធ ៦ និងឡាវ ឈរនៅលេខ ៦ ក្រោយគេ ដោយឈ្នះបានមាស១ ប្រាក់១ និងមេដាយសំរឹទ្ធ១០ គឺមានន័យថា គ្រប់ប្រទេស ដែលបានចូលរួម សុទ្ធតែឈ្នះបានមេដាយមាសត្រឡប់ទៅវិញដូចគ្នា។
យ៉ាងណាក៏ដោយ លោក អ៊ួ តារា បានឱ្យដឹងថា បើទោះបីជា ប្រទេសជាសមាជិក បានជំរុញក្រុមអត្តពលិករបស់ខ្លួន ទាំងទៅលើការហ្វឹកហាត់ និងប្រកួត ក៏ប៉ុន្តែលទ្ធផលជារួម ក្រោយការប្រកួតស៊ីហ្គេម បានបញ្ចប់ វាស្តែងឱ្យឃើញពីលទ្ធផល ដែលមានទាំងចំណុចខ្លាំង និងចំណុចខ្សោយ គឺទាមទារឱ្យមានការអភិវឌ្ឍបន្ថែម ដើម្បីធ្វើឱ្យកម្រិតបច្ចេកទេសរបស់អត្តពលិក នៅតាមបណ្តាប្រទេសនីមួយៗ កាន់តែល្អថែមទៀត។
លោកបានបញ្ជាក់ថា៖ «សម្រាប់ជាលទ្ធផលរួម យើងឃើញមានទាំងចំណុចខ្លាំង និងចំណុចខ្សោយ អ៊ីចឹងប្រទេសជាសមាជិកទាំងអស់ និងម្ចាស់ផ្ទះកម្ពុជា បានដាក់ចេញនូវផែនការ ដើម្បីអភិវឌ្ឍកម្រិតបច្ចេកទេសបន្ថែម ដល់គ្រប់ប្រទេសជាសមាជិក ហើយសម្រាប់ការប្រកួតស៊ីហ្គេមនេះ ប្រទេសមួយចំនួនទៀត ដូចជាម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត ក៏បានចាប់អារម្មណ៍ និងចង់រួមជាមួយគុនល្បុក្កតោ»។
ជាមួយការទទួលបានការចាប់អារម្មណ៍ពីប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាននេះ លោក អ៊ួ តារា បានបន្ថែមថា៖ «យើងសង្ឃឹមថា ប្រទេសទាំង១១ នៅក្នុងតំបន់អាស៊ាន នឹងមានប្រភេទកីឡាគុនល្បុក្កតោទាំងអស់ ដែលអាចឱ្យយើងមានភាពងាយស្រួល ក្នុងការពង្រឹងបន្ថែមទៅលើកម្រិតបច្ចេកទេសអន្តរជាតិ ទាំងសម្រាប់នៅតំបន់អាស៊ាន និងនៅលើពិភពលោកតែម្តង»។
បន្ថែមទៅលើការទទួលបានជោគជ័យ ដែលធ្វើឱ្យ «គុនល្បុក្កតោ» ទទួលបានការគាំទ្រ នៅក្នុងតំបន់អាស៊ាន តាមរយៈការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ជាលើកដំបូងនេះ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក៏បាននិងកំពុងរៀបចំផែនការ ធ្វើការផ្សព្វផ្សាយ កីឡាអត្តសញ្ញាណជាតិនេះ ទៅកាន់ពិភពលោកផងដែរ ហើយជាការចាប់ផ្តើមនូវផែនការនេះ កម្ពុជានឹងបញ្ជូនមន្រ្តីបច្ចេកទេស លោក វី តារា និងលោក គង់ ប៉ូលីពីន ទៅផ្សព្វផ្សាយគុនល្បុក្កតោ នៅប្រទេសឥណ្ឌា ដោយពេលនេះ អ្នកទាំង២ កំពុងរត់ការសុំទិដ្ឋាការ (Visa) សម្រាប់ការចេញដំណើរ ក្នុងពេលឆាប់ៗខាងមុខនេះ។
ចំពោះផែនការទាំងអស់នេះ លោក អ៊ួ តារា បានបញ្ជាក់ថា៖ «ក្នុងពេលឆាប់ៗខាងមុខនេះ សហព័ន្ធ នឹងរៀបចំពង្រឹងបន្ថែមនូវគ្រូជំនាញ ដើម្បីចេញទៅផ្សព្វផ្សាយគុនល្បុក្កតោ នៅក្រៅប្រទេស ហើយយើងក៏នឹងបញ្ជូនមន្រ្តីបច្ចេកទេស២រូប ទៅប្រទេសឥណ្ឌា ដើម្បីចូលរួមផ្សព្វផ្សាយពីគុនល្បុក្កតោ និងរៀបចំជារចនាសម្ព័ន្ធសមាគម នៅប្រទេសឥណ្ឌានោះតែម្តង»៕