លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀល​ថ្ងៃ​ទី២៦ ខែឧសភានេះ នឹងអញ្ជើញ​ជួបសំណេះសំណាល ជាមួយ​កីឡាករ កីឡាការិនី អាស៊ានប៉ារ៉ាហ្គេម​លើក​ទី១២ ដើម្បី​ជាការលើក​ទឹកចិត្ត និងផ្តល់​ដំបូន្មាន​មួយចំនួន​ជូនដល់​អត្តពលិក​ពិការ មុនពេល​ដែលពួកគាត់​ត្រូវចូលរួម​ប្រកួត​នាដើម​ខែមិថុនា​ខាងមុខ​នេះ។ នេះបើតាម​គណនីហ្វេសប៊ុក​របស់​លោកនាយក​រដ្ឋមន្រ្តី។


លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានលើក​ឡើង​ថា៖«បន្ថែម​ពីអ្វី​ដែលជា​ភាពជោគជ័យ​នៃការរៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី៣២ (ASEAN GAMES) កម្ពុជា​ក៏នឹងត្រៀមខ្លួន​ក្នុងការធ្វើ​ជាម្ចាស់ផ្ទះ​នៃការរៀបចំ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២ ដែលនឹង​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី៣ ដល់ថ្ងៃ​ទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ​នេះ។


ពាក់ព័ន្ធ​អាស៊ាន​ប៉ារ៉ាហ្គេម​នេះ​ដែរ​លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានលើក​ឡើង​ថា អត្តពលិក​ពិការ​ត្រូវការ​គាំទ្រ និងការលើក​ទឹកចិត្ត​ពី​ពួកយើង។


លោកថា​៖« ហើយ​អាស៊ាន​ប៉ារ៉ាហ្គេម​គឺជាឱកាស​សម្រាប់​ពួកគាត់​ក្នុងការបង្ហាញ​សមត្ថភាព​របស់​ពួកគាត់។ ដូច្នេះ ​សូម​បងប្អូន​ជនរួម​ជាតិ​ទាំងអស់ បន្ត​ចូលរួម​ផ្តល់​កម្លាំង​ចិត្ត​ដល់​កីឡា​ករ កីឡា​ករិនី ជាអត្ត​ពលិក​របស់​យើង ក្នុងព្រឹត្តិការណ៍​ការប្រកួត​កីឡា​អាស៊ាន​ប៉ារាហ្គេម លើក​ទី ១២ ដែលរៀបចំ​នៅព្រះរាជាណា​ចក្រ​កម្ពុជា​យើង»។


ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម (ASEAN Para Games ) តែងតែ​ប្រារព្ធ​ឡើង​បន្ទាប់ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ និងដោយ​មានការចូលរួម​ប្រកួត​ពីប្រតិភូ​អត្តពលិក​ដែលមាន​ពិការភាព​ពីប្រទេស​ទាំង ១១ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។


សូមជម្រាប​ជូន​ថា កាលពី​ឆ្នាំ២០២២ កន្លងទៅ​នេះ ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១១ បានប្រព្រឹត្ត​ទៅនៅក្នុង​ទីក្រុង​សូឡូ ប្រទេស​ឥណ្ឌូនេស៊ី ដែល​ប្រទេស​កម្ពុជា បានបញ្ជូន​អត្តពលិក​ចំនួន ១១៥ នាក់​ដើម្បី​ចូលរួម​ប្រកួតលើ ១១ ប្រភេទ​កីឡា។ ក្នុង​ឆ្នាំ២០២៣​នេះ កម្ពុជា​បានត្រៀមខ្លួន​រួចជាស្រេច​ក្នុងនាមជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២ ដោយ​មានការប្រកួត​លើ១៣ ប្រភេទ​កីឡា៕