ថ្នាក់ដឹកនាំនគរបាលជាតិ ជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករកីឡាការិនីបាល់ទះអង្គុយ ដែលត្រៀមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី ២៥ ឧសភាបានជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី បាល់ទះអង្គុយ ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី ៤ ខែមិថុនា។
បើយោងតាមផេកហ្វេសប៊ុកក្រសួងមហាផ្ទៃ ពិធីជួបសំណេះសំណាលលើកទឹកចិត្តនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិនៃជនពិការ ដោយមានការអញ្ជើញចូលរួមពី លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ក្នុងនោះក៏មានកីឡាករ កីឡាការិនីបាល់ទះអង្គុយ ដែលត្រៀមចូលរួមប្រកួត សរុបចំនួន ២៥ នាក់ កីឡាករ ចំនួន ១៣ នាក់ និងកីឡាការិនី ចំនួន ១២ នាក់។
ក្រៅពីការសាកសួរសុខទុក្ខ ដល់គ្រូបង្វឹក កីឡាករ កីឡាការិនី បាល់ទះអង្គុយគ្រប់ៗរូប ដែលត្រៀមចូលរួមប្រកួត លោក ឡោ សុឡេង ក៏បានលើកយកបទពិសោធន៍ និងជោគជ័យកន្លងមករបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងសាលផ្នែកបុរស ដែលទទួលបានមេដាយប្រាក់ ជាប្រវត្តិសាស្ត្រសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ សំដៅឱ្យក្រុមកីឡាករ កីឡាការិនីបាល់ទះអង្គុយ ត្រូវតែព្យាយាមខិតខំប្រឹងប្រែង ដើម្បីទទួលបានជោគជ័យ។
លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង ក្នុងនាមជាតំណាង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីឈានទៅដណ្ដើមជោគជ័យ ក្រុមកីឡាករ កីឡាការិនីទាំងអស់ ត្រូវពង្រឹងស្មារតីក្រុម រក្សាសាមគ្គីភាព ហើយត្រូវចងចាំថា ការប្រកួតរបស់យើង តំណាងឱ្យប្រជាពលរដ្ឋកម្ពុជាជាង ១៧ លាននាក់ ដែលកំពុងទស្សនា។
ជាមួយគ្នានេះលោក ក៏បានកោតសរសើរផងដែរ ចំពោះការប្រកួតកន្លងទៅ ដែលក្រុមកីឡាបាល់ទះអង្គុយធ្វើបានល្អស្រាប់មកហើយ ដូច្នេះត្រូវបន្ដស្មារតីនេះបន្តទៀត៕