លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំ​ឱ្យ​កីឡាករ កីឡាការិនី​ដែលនឹង​ចូលរួម​ប្រកួតអាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២ នាពេលប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ គោរព​ក្រមសីលធម៌​ផ្នែក​កីឡា ទោះបីជា​ចាញ់​ឬឈ្នះ​ក៏ដោយ។


លោកបានមាន​ប្រសាសន៍​ដូចនេះ ក្នុងពេល​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ កីឡាករ កីឡាការិនី អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២ (12th ASEAN Para Games ) ធ្វើឡើង​នៅ​វិមានសន្តិភាព រាជធានី​ភ្នំពេញ កាលពីថ្ងៃទី​២៦ ខែឧសភា ឆ្នាំ ២០២៣។

លោក ហ៊ុន សែន បានបន្ត​ថា តាមរយៈ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី៣២ និងអាស៊ាន​ប៉ារ៉ាហ្គេម នៅ​កម្ពុជា គឺមាន​រឿងល្អៗ​ច្រើនណាស់​ដែលលោក​យល់​ថា កម្ពុជា​ត្រូវតែ​កត់ត្រា​ទុកនៅក្នុង​ប្រវត្តិ​នៃ​ស៊ីហ្គេម និងប៉ារ៉ាហ្គេម​នៅ​កម្ពុជា។


លោកបន្ថែម​ថា៖«ខ្ញុំបាន​ផ្តល់​នូវ​យោបល់​សម្រាប់​ការរៀបចំយើងត្រូវ​ធ្វើ​ជាវីដេអូ​តាមវិញ្ញាសា​នីមួយៗ ធ្វើ​ជាវីដេអូ​រួម ហើយយើង​ត្រូវ​ចម្លាក់​ទុក​នៅវិមាន​ឈ្នះឈ្នះ។ ចាស់ៗ​ជំនាន់​មុន​ឆ្លាក់​ទុក​សម្រាប់​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​មើល ឯយើង​ក៏ត្រូវ​ធ្វើ​ដូចគ្នា ដើម្បី​ទុក​ឱ្យអ្នកជំនាន់​ក្រោយ​មើល បានដឹង បានយល់ បាន​មោទនភាព អំពី​ដូនតា​របស់​ខ្លួន​ដែល​បានខិតខំ​ប្រឹងប្រែង​ធ្វើ​នូវកិច្ច​ការងារ​នេះ»។


សម្រាប់​លោក​គិត​ថា កម្ពុជា​បាន​ធ្វើ​កិច្ចការ​ដ៏ល្អ ហើយយើង​ឧទ្ទិស​នូវ​អ្វី​ដែលបាន​កើត​នៅក្នុង​ប្រទេស ជូន​ចំពោះ​ជនរួម​ជាតិ​ទាំងអស់ ដែលបាន​ផ្តល់​នូវ​ការគាំទ្រ លើកលែង​តែមនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែលមើល​មិនឃើញ​អំពី​សមិទ្ធផល​របស់​ជាតិ។


លោក​ថា៖«ប៉ុន្តែ​សម្រាប់​ប្រជាជន គឺមនុស្ស​ច្រើនណាស់​ដែលទទួល​បាន​ទទួល​នូវ​មោទនភាព​ជាតិ បើទោះបីជា​ក្រុម​ប្រឆាំង​មួយ​ចំនួន គាំទ្រ​ក្រុម​ប្រឆាំង​ក៏នៅតែ​ទទួល​ស្គាល់​ថា នេះ​ជាសមិទ្ធផល​របស់​ជាតិ​របស់​ខ្លួន»។

ទន្ទឹម​នេះ​ដែរ ក្នុងនាមជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម និងប៉ារ៉ាហ្គេម លោក ហ៊ុន សែន ណែនាំ​ឱ្យ​កីឡាករ គោរព​ក្រមសីលធម៌​ផ្នែក​កីឡា ទោះបីជា​ចាញ់​ឬឈ្នះ​ក៏ដោយ និង លើក​ទឹកចិត្ត​កីឡាករ កីឡាការនី ដែលនឹង​ចូលរួម​ប្រកួត​ប៉ារ៉ាហ្គេម​ថ្ងៃ​ឆាប់ៗ​ខាងមុខ​នេះ ខិតខំ​ប្រឹងប្រែង​យក​មេដាយ​មាស។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានណែនាំ​ឱ្យ​កីឡាករ កីឡាការិនី​ដែលនឹង​ចូលរួម​ប្រកួតអាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២។ រូបថត SPM

លោក​ថា៖«យ៉ាងណាក៏ដោយ ខ្ញុំ​នៅតែ​ផ្តល់​លទ្ធភាព​ការគិតគូរ​អំពី​សីលធម៌ ក្រម​សីលធម៌ វិធានការ​នៃការប្រកួត​ហើយ​មានទឹកចិត្ត​មួយ​ឱ្យ​ច្បាស់ ថា​យើង​ជាម្ចាស់ផ្ទះ ត្រូវ​ឱ្យ​គេត្រ​ឡប់​ទៅវិញ​នឹកដល់​យើង»។

បន្ថែមពី​នេះ លោកបាន​អបអរសាទរ​សាជាថ្មី​ទៀត ជាមួយ​កីឡាករ កីឡាការិនី​ដែល​ទទួលបាន​មេដាយ​ជូន​ជាតិ ហើយ​សង្ឃឹម​ថា​អ្នកដែល​មិនទាន់​ទទួល​មេដាយ នឹងប្រឹងប្រែង​ប្រែងបន្ត ដើម្បី​ទទួលបាន​មេដាយ​ជូន​ជាតិ។ លោក​ថា៖«ខ្ញុំ​មាន​សង្ឃឹម​ច្រើន កន្លង​ទៅ​យើងបញ្ជូន​អត្តពលិក​ទៅក្រៅ​ប្រទេស​តិច ប៉ុន្តែ​យើង​បាន​ទទួលបាន​មេដាយមាស​ច្រើន។ អ្នកមេដាយ​មាស​ត្រូវ​រក្សា​មេដាយមាស​ឱ្យ​បាន អ្នក​ដែលធ្លាប់​មាន​មេដាយ​ប្រាក់ ឬសំរឹទ្ធ ខិតខំ​ឈានទៅរក​មេដាយមាស ហើយ​អ្នកដែល​មិនធ្លាប់​មាន​មេដាយ ខិតខំ​ធ្វើឱ្យ​បាន​មេដាយ ហើយ​បើបាន​មេដាយមាស​តែម្តង​គឺល្អ»។

បើតាម​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ការរីក​ចម្រើន​ផ្នែក​កីឡា​នាពេល​នេះ​របស់​ជម្រើសជាតិ​កម្ពុជា បន្ទាប់ពី​រាជរដ្ឋាភិបាល បាន​ចាប់ផ្តើម​ផ្តល់​ប្រាក់​សម្រាប់​ការហ្វឹកហាត់​ក្នុងក្របខ័ណ្ឌ​ជម្រើស​ជាតិ​កីឡា​របស់​កម្ពុជា។

សូមជម្រាប​ថា ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២ ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់ផ្ទះ នឹងប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ​នេះ៕​