ភ្នំពេញ៖ ក្រុមណាហ្គាវើលដ៍ ពិតជា​ធ្វើ​បាន​យ៉ាង​ល្អ ក្នុងការការពារជ័យជម្នះ​របស់​ខ្លួន ដើម្បី​ទម្លាក់​ក្រុមវិសាខា ចេញ​ពីការ​ប្រកួត​ពាន​រង្វាន់​ខេមបូឌាន​លីគ​ខាប់ (Cambodian League Cup) ឆ្នាំ​២០២៣ ដើម្បី​ឡើង​ទៅកាន់វគ្គ​ផ្តាច់​ព្រ័ត្រ​ ជា​លើកដំបូង​យ៉ាងរំភើប​បំផុត។


ជ័យជម្នះ​របស់​ក្រុមណាហ្គាវើលដ៍ ពិតជា​បានបង្កើត​ឱ្យមានការ​ភ្ញាក់ផ្អើលខ្លាំង ចំពោះ​អ្នកគាំ​ទ្រ ហើយវាជា​លទ្ធផល​ដែល​ធ្វើ​ឱ្យ​ក្រុម​អ្នក​មានទ្រព្យ វិសាខា ​ខក​ចិត្ត​ខ្លាំងបំផុត ខណៈ​​ពួកគេ មិនអាច​គ្រប់គ្រង​ឱកាស​មាស ដើម្បី​រក​បានគ្រាប់បាល់ ទៅតាមស្ថាន​ភាព​ប្រកួត​ជាក់ស្តែង នា​ជំនួប​កាត់សេចក្តី​ជើងទី ​២ វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃសៅរ៍ កន្លង​មក​នេះ។

បើទោះបីជា វិសាខា បានចាញ់​ក្រុមណាហ្គាវើលដ៍ ១-០ ក្នុងការ​​ប្រកួត​ជើង​ទី ​១ នៅ​កីឡដ្ឋាន​​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​សម្រាប់ការ​ប្រកួត​ជើង​ទី ​២ នៅកីឡដ្ឋាន​ព្រីសន៍ ដែលជា​ទឹក​ដី​របស់​ពួកគេ កាលពី​យប់ថ្ងៃសៅរ៍​នោះ វិសាខា គួរណាស់ អាច​ដណ្តើម​បាន​ជ័យជម្នះមក​វិញ ដើម្បី​ឡើង​​ទៅកាន់វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ពួកគេ បាន​បង្កើតឱកាស​មាស ជាច្រើន​លើក​នោះ ប៉ុន្តែ​ពួកគេ ធ្វើ​មិន​បានសម្រេច។


កីឡាករ​មានកម្ពស់ ស៊ិន សុផាណាត់ គួរណាស់ អាច​តែត​បាល់បញ្ចូលទីឱ្យ វិសាខា តាំងពី​ដើម​តង់ទី​១ ប៉ុន្តែ​រូបគេ បានតែត​បាល់​ដាច់នោះ ផុត​របារទី ចំណែក ឡេង ណូរ៉ា ដែល​ឈរ​ចាំ​ស៊ុតបាល់ដាច់តែឯង ពីការ​បញ្ជូន​យ៉ាងស្អាត​របស់ ស៊ិន កក្កដា នោះ ក៏​ទាត់បាល់​ដាច់​នោះ ហើរ​ឡើង​ទៅលើ រីឯ​ខ្សែ​ប្រយុទ្ធ​របស់ជប៉ុន Takumu ក៏​មានឱកាស​ស៊ុតពេញ​ជើង នៅមុខ​ទី​ក្រុម​​ណាហ្គាវើលដ៍ ផងដែរ តែ​ការស៊ុត​របស់គេ គ្មានប្រសិទ្ធភាព។



ផ្ទុយ​ពីនេះ ការបញ្ជូន​​បាល់​កាត់ពីចំហៀង កាត់មុខ​ទី​​យ៉ាងស្អាត​របស់ម្ចាស់អាវ​លេខ​២៣ Cristian បានផ្តល់​ឱកាស​ឱ្យខ្សែ​ប្រយុទ្ធប្រេស៊ីល Marcio ជាមិត្ត​រួមជាតិ​របស់គេ អាច​រត់​ទៅ​ទាត់​បាល់​នោះ បញ្ចូលទី​យ៉ាងល្អបំផុត នៅនាទីទី​២២ ដើម្បី​ធ្វើ​ការ​នាំ​មុខ វិសាខា ជាបណ្តោះ​អាសន្ន ២-០ សម្រាប់ការ​ប្រកួតទាំង​២ជើង​នេះ។

ជាមួយ​លទ្ធផលជា​បណ្តោះអាសន្ន​នេះ ក្រុមវិសាខា បានព្យាយាមវាយសម្រុក​ទៅលើ​ក្រុម​ណាហ្គា កាន់តែ​ខ្លាំង ហើយក៏បានបង្កើតឱកាសជាបន្តបន្ទាប់ផងដែរ ប៉ុន្តែ​ពួកគេ បាន​រង់ចាំ​រហូត​​ដល់នាទីទី​ ៩០+៧ ​ទើប​អាច​រក​បាន​១​គ្រាប់ ដែលជា​ការស៊ុត​បញ្ចូល​ទី​របស់ ស៊ិន សុផាណាត់។

តែទោះបីជា​យ៉ាង​ណា គ្រាប់​បាល់​របស់ ស៊ិន សុផាណាត់ ​វាបាន​ធ្វើ​ឱ្យក្រុមវិសាខា កាន់តែ​មាន​​ភាពឈឺចាប់ ព្រោះពួកគេ មិនមាន​ពេល​វេលា​បន្ត ក្នុង​ការ​​លេង​ទៀត​នោះ​ទេ។ ​ជាមួយ​​ការ​ចាញ់ ណាហ្គា ២-១ ​នេះ កីឡាករ​របស់វិសាខា មួយចំនួន ជាពិសេស​កីឡាករ​ជប៉ុន Takumu បាន​យំ បង្ហាញការ​សោកស្តាយ​ខ្លាំង ចំពោះការ​ធ្លាក់ចេញពីការ​ប្រកួតពាន​រង្វាន់ Cambodian League Cup ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ។

ផ្ទុយពីនេះ ក្រុមណាហ្គាវើលដ៍ ពិតជា​មានការ​រីករាយខ្លាំង ចំពោះ​​ការ​ទម្លាក់ វិសាខា នេះ ។ ក្លិប​បាល់​ទាត់​ណាហ្គាវើលដ៍ បានបង្ហោះសារ ក្រោយទទួលបានជ័យជម្នះ​បែបនេះ​ថា៖ «យើង​ធ្វើ​បាន​ហើយ ពួកយើងនឹងបន្តទៅកាន់វគ្គផ្តាច់ព័ត្រនៃពានរង្វាន់ខេមបូឌានលីគខាប់។ អរគុណ​ដល់​ទាំង​អស់គ្នា ដែលតែងតែគាំទ្រ! រួមគ្នាដើម្បីកំពង់ស្ពឺ»។

ជាមួយ​គ្នា​នេះ ​ខ្សែ​ប្រយុទ្ធ Marcio ត្រូវ​បានជ្រើសរើសជា​កីឡាករ​លេង​ល្អជាង​គេ​ប្រចាំ​ការ​ប្រកួត​​នេះ ហើយ​​​ជាមួយ​នេះ កីឡាករ​ចាស់វស្សា គួច សុកុម្ភៈ ជា​ប្រធានក្រុម​ណាហ្គាវើលដ៍ បាន​​សរសើរ​ទៅដល់​មិត្តរួមគ្នា ដែល​បានរួមគ្នា សម្រេច​បានលទ្ធផលដ៏ប្រសើរ​នេះ តាម​រយៈ​ការ​លេង​​ប្រកប​ដោយអត់ធ្មត់ ផ្តោតអារម្មណ៍ លេងជា​ក្រុម និង​​​យក​ចិត្តទុកដាក់​សម្រាប់​ហ្គេម​ទាំង​មូល តាំងពីដើម​រហូតដល់ចប់៕