
ក្រុមកីឡាការិនីបាល់បោះរទេះកម្ពុជា ឈ្នះមេដាយមាស ដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម
ភ្នំពេញៈ ក្រុមកីឡាការិនីបាល់បោះរទេះកម្ពុជាបានឈ្នះមេដាយមាសដំបូងគេក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម បន្ទាប់ពីយកឈ្នះក្រុមកីឡាការិនីបាល់បោះរទេះថៃ នាថ្ងៃទី៣ ខែមិថុនា។

ហ្វេសប៊ុក Cambodia 2023 ដែលជាទំព័រហ្វេសប៊ុកផ្លូវការសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បញ្ជាក់នាថ្ងៃទី៣ ខែមិថុនា ថា៖ «អបអរសាទរ! កីឡាការិនីកម្ពុជា នៃប្រភេទកីឡាបាល់បោះរទេះ វិញ្ញាសា ៣ទល់៣ បានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣»។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានរាយការណ៍ នាថ្ងៃទី៣ ខែមិថុនា ថា ក្នុងវិញ្ញាសាបាល់បោះនារីជិះរទេះ ៣ទល់៣ វគ្គដណ្តើមមេដាយមាស រវាងក្រុមកីឡាការិនីម្ចាស់ផ្ទះកម្ពុជា និងក្រុមកីឡាការិនីថៃ ម្ចាស់ផ្ទះកម្ពុជាឈ្នះមេដាយមាស បន្ទាប់ពីផ្តួលថៃ ដោយលទ្ធផល ១១ ទល់ ៩។ ការប្រកួតនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងធ្វើឡើងនៅល្ងាចថ្ងៃទី៣ ខែមិថុនា៕

