
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបើកជាផ្លូវការនូវព្រឹត្តិការណ៍កីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាយប់ថ្ងៃទី ៣ ខែមិថុនា។ យូសុះ អាប់ឌុលរ៉ាហ៊ីម
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបើកជាផ្លូវការនូវព្រឹត្តិការណ៍កីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាយប់ថ្ងៃទី ៣ ខែមិថុនា ដែលពិធីបើក ធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីនេះថា ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មានមោទនភាពជាតិដែលបានរៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី ១២ ដើម្បីរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាពជនមានពិការភាព និងផ្តល់ឱកាសដល់អត្តពលិកជនពិការបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនក្នុងពិធីបុណ្យកីឡាជនពិការដ៏គគ្រឹកគគ្រេងនាពេលនេះ។
លោកថ្លែងថា៖ «សូមរួមគ្នាលើកកម្ពស់សិទ្ធិជនមានពិការភាព។ សូមចូលរួមគាំទ្រអត្តពលិកជនពិការគ្រប់ៗគ្នា។ ក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល គណៈកម្មការជាតិ ប៉ារ៉ាអូឡាំពិកកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ»។

ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីនាថ្ងៃទី៣ ខែមិថុនា បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-៩ ខែមិថុនា ដោយមានប្រភេទកីឡាចូលរួមចំនួន ១៣ ប្រភេទរួមមានអត្តពលកម្ម ប៊ូស្យា វាយសី បាល់ទាត់ ម្ខាង៧នាក់ អុកចក្រត្រង្គ យូដូ បាល់ទះអង្គុយ បាល់បោះអង្គុយលើរទេះ លើកទម្ងន់ បាល់ទាត់ម្ខាង ៥នាក់ ហែលទឹក វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង ៣ នាក់។
ហ្វេសប៊ុកដដែលបន្តថា កីឡាករ កីឡាការិនី ច្រើនជាងគេ គឺមកពីប្រទេសថៃ មាន ៣០៤ នាក់ ដោយឥណ្ឌូនេស៊ី ២៧៥ នាក់ និងប្រទេសម្ចាស់ផ្ទះកម្ពុជា ២៥២ នាក់ ក្នុងនោះ មានអត្តពលិក មកពីវៀតណាម ១២៨ នាក់ មីយ៉ាន់ម៉ា ៨៣ នាក់ ឡាវ ៤៣ នាក់ សិង្ហបុរី ២៦ នាក់ ព្រុយណេ ២០ នាក់ និង ១៣ នាក់ មកពីទីម័រខាងកើត។
ហ្វេសប៊ុកដដែលបានឱ្យដឹងទៀតថា ក្រៅពីអត្តពលិកនោះ មានគ្រូបង្វឹក និងមន្ត្រីបច្ចេកទេស សរុបចំនួន ១ ២៣៩ នាក់ ដែលក្នុងនោះ មន្ត្រីបច្ចេកទេស មកពីជប៉ុន ចំនួន ៤៨ នាក់ មន្ត្រីបច្ចេកទេសអន្ដរជាតិ ចំនួន ១៧១ នាក់ និងមន្ត្រីបច្ចេកទេសក្នុងស្រុក ចំនួន ៩០០ នាក់៕





