
កីឡាការិនីកម្ពុជា វុិត ចន្ថា ក្នុងពេលប្រកួតវិញ្ញាសាលោតចម្ងាយ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ រូបថត AKP
ភ្នំពេញ៖ កីឡាការិនីអត្តពលកម្មពិការជើងស្តាំរបស់កម្ពុជា វ៉ិត ចន្ថា នៅតែអាចការពារមេដាយមាស សម្រាប់ការប្រកួតលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅលើទឹកដីរបស់ខ្លួន ហើយនេះជាមេដាយមាសទី២របស់កម្ពុជា ខណៈមេដាយមាសទី១ រកបានដោយក្រុមកីឡាការិនីបាល់បោះរទេះ លើវិញ្ញាសា ៣នាក់ទល់៣នាក់ កាលពីថ្ងៃសៅរ៍។
យ៉ាងណាក៏ដោយ តាមរយៈការប្រកួត ដែលធ្វើឡើង នៅទីលានពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៤ ខែមិថុនា នេះ វ៉ិត ចន្ថា ខ្លួនឯង មានការភាន់ច្រឡំទៅលើលទ្ធផល ព្រោះក្រោយបញ្ចប់ការប្រកួត៦ជុំដូចគ្នា ដោយមិនទាន់គិតពីកម្រិតពិការភាពនោះ វិត ចន្ថា របស់កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ ដែលធ្វើឱ្យកីឡាការិនីខ្លួនឯងផ្ទាល់ អ្នកគាំទ្រ និងអ្នកសារព័ត៌មាន យល់ច្រឡំថា គាត់បានមេដាយប្រាក់ ហើយកីឡាការិនីឥណ្ឌូនេស៊ី Karisma Evi Tiarani បានមេដាយមាស។
ជាមួយការភាន់ច្រឡំនេះ កីឡាការិនី វ៉ិត ចន្ថា បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំបានបញ្ចេញអស់ពីសមត្ថភាពហើយ ព្រោះខ្ញុំតែងខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំង ដើម្បីចង់បានមេដាយមាស តែខ្ញុំបានត្រឹមមេដាយប្រាក់។ តែទោះបីជាយ៉ាងណា ខ្ញុំមិនមានការសោកស្តាយទេ គឺខ្ញុំសប្បាយចិត្ត នៅអ្វីដែលខ្ញុំធ្វើបាន ទៅតាមលទ្ធភាពជាក់ស្តែងរបស់ខ្ញុំ»។

ប៉ុន្តែក្រោយការប្រកាសលទ្ធផលជាផ្លូវការ ដោយមានការបែងចែកទៅលើពិការភាពផ្នែកT42-44 និង T64 នោះ គឺកីឡាការិនី Karisma Evi Tiarani ដែលលោតបានចម្ងាយ៤.១២០០ ម៉ែត្រ បានមេដាយមាសលើវិញ្ញាសាលោតចម្ងាយ T42-44 ចំណែក វិត ចន្ថា បានឈ្នះមេដាយមាស សម្រាប់ផ្នែក T64 ដោយលោតបានចម្ងាយ ៣.៩៩០០ ម៉ែត្រ។
តាមរយៈលទ្ធផលផ្លូវការនេះ វ៉ិត ចន្ថា នៅតែអាចបន្តឈ្នះមេដាយមាស លើវិញ្ញាសាលោតចម្ងាយ ប្រភេទ T64 នេះ ខណៈកីឡាការិនីវ័យ៤០ឆ្នាំរបស់កម្ពុជារូបនេះ ធ្លាប់បានឈ្នះមេដាយមាស លើវិញ្ញាសានេះ កាលប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅឥណ្ឌូនេស៊ី។ បន្ថែមទៅលើការឈ្នះមេដាយមាសនេះ ចន្ថា ក៏នឹងត្រូវប្រកួតវិញ្ញាសារត់ប្រណាំង ចម្ងាយ២០០ម៉ែត្រ និង ៤០០ម៉ែត្រ ទៀតផងដែរ៕

