
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៣។ រូប យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញៈ ផ្សារភ្ជាប់ជាមួយការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៃការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ជាលើកដំបូងរបស់កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តួចផ្តើមគំនិតឱ្យបណ្តាប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ានគួររួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអូឡាំពិកអន្តរជាតិ ឬការប្រកួតកីឡាបាល់ទាត់ពិភពលោក នៅពេលណាមួយ ដើម្បីបង្ហាញពីសក្តានុពលរបស់អាស៊ានទៅកាន់ពិភពលោក។
លោក ហ៊ុន សែន បានថ្លែងនូវគំនិតផ្តួចផ្តើមនេះ នៅពេលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោពីយប់ថ្ងៃទី ៣ ខែមិថុនា ខណៈព្រឹត្តិការណ៍នេះបានបង្ហាញពីការរួបរួមគ្នារបស់ប្រទេសទាំង ១១ ក្នុងតំបន់អាស៊ានរួចទៅហើយ ចំពោះការលើកកម្ពស់វិស័យកីឡាផ្នែកជនពិការ បន្ថែមលើការប្រកួតស៊ីហ្គេម សម្រាប់ក្រុមអត្តពលិកមិនពិការ ដែលទើបបានបញ្ចប់ កាលពីថ្ងៃទី ១៧ ខែឧសភា កន្លងមកនេះ។
នៅចំពោះមុខប្រតិភូកីឡាជនពិការតំណាងឱ្យប្រទេសទាំង ១១ ក្នុងអាស៊ាន រួមទាំងអ្នកគាំទ្ររាប់ម៉ឺននាក់ដែលបានចូលរួមក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម កាលពីយប់ថ្ងៃទី ៣ ខែមិថុនា លោក ហ៊ុន សែន ថ្លែងថា៖ «ព្រះរាជាណាចក្រកម្ពុជា ទើបរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់ ហើយបានធ្វើឱ្យកម្ពុជា ក្លាយជាចំណែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញសាមគ្គីភាពអាស៊ាន និងលើកកម្ពស់គុណភាពកីឡារបស់អាស៊ាន»។ «ខ្ញុំសង្ឃឹមថា តាមរយៈការប្រកួតស៊ីហ្គេម នៅទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា គឺថ្ងៃណាមួយនោះ អាស៊ាន នឹងអាចទទួលដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ឬក៏ការប្រកួតបាល់ទាត់ពិភពលោក។ ខ្ញុំមានជំនឿថា បណ្តាប្រទេស នៅក្នុងតំបន់អាស៊ានរបស់យើង នឹងអាចមានបាល់ទាត់ ១ ក្រុម ដែលខ្លាំង ចូលលេងក្នុងការប្រកួតបាល់ទាត់ពិភពលោក សម្រាប់ក្របខ័ណ្ឌជាសហគមន៍អាស៊ាន»។
ទន្ទឹមនឹងនេះលោក ហ៊ុន សែន ដែលជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សម្រាប់ក្រុមអត្តពលិកជនពិការនៅក្នុងប្រទេសកម្ពុជាផងនោះបានបង្ហាញពីមោទនភាព ដែលកម្ពុជា បានរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាពរបស់កីឡាករ កីឡាការិនីជនពិការក្នុងតំបន់អាស៊ាន តាមរយៈការធ្វើជាម្ចាស់ផ្ទះការប្រកួតអាស៊ានប៉ារ៉ាហ្គេម ជាលើកដំបូង ក្នុងឆ្នាំ ២០២៣ នេះ។
លោកបញ្ជាក់ថា៖ «ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មានមោទនភាព ដែលបានរៀបចំការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដើម្បីរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាពជនមានពិការភាព និងផ្តល់ឱកាសដល់អត្តពលិកជនពិការបញ្ចេញសមត្ថភាពទេពកោសល្យរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាជនពិការដ៏គគ្រឹកគគ្រេងនាពេលនេះ។ សូមរួមគ្នាលើកកម្ពស់សិទ្ធិជនមានពិការភាព និងសូមចូលរួមគាំទ្រអត្តពលិកជនពិការគ្រប់ៗគ្នា»។
ក្នុងឋានៈជាម្ចាស់ផ្ទះការប្រកួតអាស៊ានប៉ារ៉ាហ្គេមជាលើកដំបូង ក្នុងឆ្នាំ ២០២៣ នេះគឺកម្ពុជាបានរៀបចំពិធីបិទយ៉ាងគគ្រឹកគគ្រេង ដោយមានផ្ទាំងទស្សនីយភាពសិល្បៈ និងការប្រើបច្ចេកវិទ្យាទំនើបៗអមដោយការបាញ់កាំជ្រួច មិនចាញ់ពិធីបើកស៊ីហ្គេម នោះទេហើយទស្សនីយភាពទាំងនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់របស់កម្ពុជា ចំពោះជនមានពិការភាព ដើម្បីផ្តល់ឱ្យពួកគេនូវឱកាសពេញលេញ ដូចជនមិនមានពិការភាពដែរ។
ជាមួយគ្នានេះលោក ហ៊ុន ម៉ានី អនុប្រធានក្រុមប្រឹក្សាកីឡាគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ (CAMAPGOC) លើកឡើងក្នុងពិធីបើកនោះថា កម្ពុជា មានមោទនភាពក្រៃលែង ដែលបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដើម្បីបង្ហាញពីស្ថានភាពពិតប្រាកដរបស់កម្ពុជា នាពេលបច្ចុប្បន្ន ទៅកាន់ពិភពលោក។
លោកថា៖ «ភាពជាម្ចាស់ផ្ទះនេះ ជាឱកាសសម្រាប់មិត្តភក្តិពីអាស៊ាន និងពីបណ្តាប្រទេសនានា ដែលធ្លាប់បានដឹងពីសោកនាដកម្មពីអតីតកាលរបស់យើង អាចបានមើលឃើញថា យើងបានមកដល់ទីណា? តើកម្ពុជាបច្ចុប្បន្ន មានលក្ខណៈដូចម្តេច? ជាពិសេសទទួលបាននូវការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ភាពរួសរាយរាក់ទាក់ ថាមពលរបស់អត្តពលិកអ្នកស្ម័គ្រចិត្តនិងប្រជាជនកម្ពុជាដែលទាំងអស់នេះសុទ្ធសឹងជាសក្តានុពលរបស់កម្ពុជា»។
លោក ហ៊ុន ម៉ានី បានឱ្យដឹងទៀតថា សម្រាប់ការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នេះជាប្រវត្តិសាស្ត្រសំខាន់មួយទៀតរបស់កម្ពុជា ក្នុងការទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ ១១ ប្រទេស ដោយមានចំនួនសរុបប្រមាណ ២១៦០ នាក់ ហើយអ្នកទាំងនេះ ត្រូវចូលរួមប្រកួតប្រជែងលើ ១៣ ប្រភេទកីឡា សរុបប្រមាណ ៤៣១ វិញ្ញាសា និងប្រភេទកីឡាក្រៅផ្លូវការមួយទៀត គឺ E-sport។
លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្លែងថា៖ «ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម បានអនុញ្ញាតឱ្យបងប្អូនកីឡាករ កីឡាការិនីជនពិការប្រកួតតំណាងឱ្យប្រទេសជាតិខ្លួន ដោយបង្ហាញពីសមត្ថភាព ឆន្ទៈ ការស្រឡាញ់កីឡា និងការតាំងចិត្តដ៏មោះមុតរបស់ពួកគាត់ ដូចទៅនឹងកីឡាករ កីឡាការិនី បានប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែរ»។
លោកបន្ថែមថា៖ «ប្រាកដណាស់ យើងអាចមើលឃើញពីពិការភាពរបស់ពួកគាត់ ប៉ុន្តែមានតែពួកគាត់ទេ ដែលអាចដឹងច្បាស់ពីឆន្ទៈ មនសិការ ការពុះពារ ដើម្បីសម្រេចគោលបំណងនិងក្តីសុបិនរបស់ពួកគាត់ផ្ទាល់។ ក្នុងន័យនេះ យើងត្រូវមើលឱ្យលើសពីរូបរាងកាយខាងក្រៅដោយចូលរួមស្វែងយល់ពីបេះដូងនិងឆន្ទៈរបស់ពួកគាត់ ហើយរួមគ្នាគាំទ្រនូវស្មារតីដ៏មោះមុតរបស់ពួកគាត់ទាំងអស់គ្នា»។
ចំណែកព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមអបអរដល់ពិធីបើកអាស៊ានប៉ាហ្គេមនេះដែរ ដោយព្រះអង្គ បានបង្ហោះសារ នៅលើផេចហ្វេសប៊ុក Royal du Cambodge បែបនេះថា៖ «ក្នុងព្រះបរមនាម និងក្នុងនាមប្រជានុរាស្ត្រកម្ពុជា សូមអបអរសាទរពិធីបើកជាផ្លូវការ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ASEAN Para Games លើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា»៕