
កីឡាករចាស់វស្សា គួច សុកុម្ភះ បានព្យាយាមគ្រប់គ្រងបាល់ ពេលប្រកួតជាមួយក្រុមបង់ក្លាដែស កន្លងមក។ រូបថត សហការី
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីរាយនាមបឋមរបស់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ជាផ្លូវការហើយ ដោយក្នុងនោះ មានតែកីឡាកររបស់ក្លិបចំនួន ៥ ប៉ុណ្ណោះ ត្រូវបានជ្រើសរើស ដើម្បីត្រៀមការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដែស នាថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ។
តាមបញ្ជីរាយនាមបឋមកីឡាករជម្រើសជាតិកម្ពុជា ដែលបានបង្ហាញ នៅព្រឹកថ្ងៃចន្ទនេះ គឺលោក Felix Dalmas ដែលទើបវិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ជំនួស លោក Keisuke Honda បានជ្រើសរើសកីឡាករចំនួន ៣០ នាក់ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នាពេលខាងមុខនេះ ហើយក្នុងនោះក៏មានវត្តមានកីឡាករចាស់វស្សា គួច សុកុម្ភះ និងខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ផងដែរ។
ចំពោះបេក្ខភាពទាំង ៣០នាក់នេះ គឺជាកីឡាករ ដែលកំពុងលេងឱ្យក្លិបចំនួន៥ នៅលីគកំពូលកម្ពុជា រួមមានក្លិបបាល់ទាត់ភ្នំពេញក្រោន វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ និងបឹងកេត ចំណែកកីឡាករមកពីក្លិបផ្សេងៗទៀត មិនត្រូវបានជាប់ នៅក្នុងបញ្ជីរាយនាមជាបឋមនេះទេ។
នៅក្នុងចំនួនបេក្ខភាពទាំង ៣០នាក់នេះ គឺកីឡាករវិសាខា មានចំនួនច្រើនជាងគេ គឺ ១១នាក់ ហើយបន្ទាប់មក ភ្នំពេញក្រោន មាន ៧នាក់ ព្រះខ័នរាជស្វាយរៀង មាន ៦នាក់ ចំណែក បឹងកេត និងក្រុមណាហ្គាវើលដ៍ មានចំនួន ៣នាក់ដូចគ្នា៕
