ភ្នំពេញ៖ វីរកីឡាការិនីជឺជីតស៊ូ​​ ខាន់ ជេសា (KHAN JESSA) បាន​រកឃើញ​ជ័យជម្នះ​យ៉ាងសំខាន់​មួយ​ទៀត នៅ​ក្នុងអាជីព​របស់​ខ្លួន បន្ទាប់ពី​អត្តពលិក​កូនកាត់​​ខ្មែរ-អាមេរិក​រូបនេះ បាន​ឈ្នះ​មេដាយមាស ពីការ​ប្រកួត​ជើង​ឯក​ពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ដែល​ធ្វើ​ឡើង នៅសហរដ្ឋអាមេរិក។

ខាន់ ជេសា បាន​ឈ្នះមេដាយមាស ក្នុងការ​ប្រកួត​កម្រិតខ្សែក្រវាត់ខ្មៅពិភពលោក (Black Belt World Champion) បន្ទាប់ពី​កីឡាការិនី​ដ៏ឆ្នើម​របស់កម្ពុជា​រូបនេះ បាន​យក​ឈ្នះ​កីឡាការិនី​របស់ប្រេស៊ីល Thamires Aquino នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ការ​ប្រកួតនេះ មាន​ភាពស្វិតស្វាញ​ខ្លាំង​ណាស់។

តាម​រយៈការ​ប្រកួតនេះ ខាន់ ជេសា និង Thamires Aquino បានប្រើជំនាញ​ចាប់​ក្លេ​របស់​ខ្លួន ដើម្បី​រក​បាន​ពិន្ទុប្រដេញ​គ្នា​ទៅ​វិញ​ទៅមក ដោយ​អ្នកទាំង​២​នេះ មាន​​​៦ពិន្ទុស្មើ​គ្នា ប៉ុន្តែ​នៅក្នុង​រយៈពេល​១០វិនាទី​ចុង​ក្រោយ​នោះ ជេសា បានព្យាយាមបង្វិលខ្លួននៅពីលើ រួចចាប់​ក្លេ​ កីឡាការិនី Thamires Aquino ដើម្បី​ទទួលបាន​២ពិន្ទុបន្ថែម និង​ឈ្នះក្នុងការ​ប្រកួតជាផ្លូវ​ការ ដោយពិន្ទុ ៨-៦។


ជាមួយការ​ឈ្នះ​បានមេដាយមាស ក្នុងការ​ប្រកួត​កម្រិតខ្សែក្រវាត់ខ្មៅពិភពលោកនេះ ខាន់ ជេសា បានបង្ហាញ​អារម្មណ៍​រំភើប​រហូតទួញ​យំ ព្រោះនេះជាមេដាយមាស​ដ៏សំខាន់បំផុត នៅក្នុងអាជីព​របស់​នាង ខណៈ​ថ្មីៗ​នេះ ខាន់ ជេសា ក៏ទើប​បានឈ្នះមេដាយមាស​១ និងប្រាក់​១ ពីការ​ប្រកួតកីឡាជឺជីតស៊ូ ក្នុង​ព្រឹត្តិការណ៍​​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ ជូនម្ចាស់​ផ្ទះ​កម្ពុជា ផងដែរ។


ជាមួយគ្នានេះ ខាន់ ជេសា បាន​និយាយ ក្រោយការប្រកួតថា ខ្លួនបាន​ប្រឹងប្រែង​ហ្វឹក​ខ្លាំង ​ទាំង​ទៅលើ​បច្ចេកទេស និងកម្លាំង ដោយមានការ​ហ្វឹកហាត់ Gym ជាប្រចាំ ហើយ​បូករួមទាំង​កម្លាំង​ចិត្ត ដែល​ទទួល​បានពី​អ្នកគាំ​ទ្រ បានជួយ​ឱ្យ​នាង សម្រេច​គោលបំណង​ដ៏ធំ នៃការ​ឈ្នះមេដាយមាសពិភព​លោក​ដ៏សំខាន់នេះ៕