
កីឡាករ វ៉ាន់ វ៉ុន របស់កម្ពុជា បានលើកដៃ បង្ហាញការអបអរ ចំពោះការឈ្នះបានមេដាយប្រាក់ ក្នុងការប្រកួតប្រណាំងរទេះ នាព្រឹកថ្ងៃទី៥ ខែមិថុនានេះ។ រូបថត ហុង មិនា
ភ្នំពេញ៖ កីឡាករអត្តពកម្ម លើវិញ្ញាសាប្រណាំងរទេះរបស់កម្ពុជា វ៉ាន់ វ៉ុន និង ហៀក ហុក សុទ្ធតែដណ្តើមបានមេដាយប្រាក់ ចំណែកកីឡាករ ឈិន ពុន បានឈ្នះមេដាយសំរឹទ្ធ សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលបានធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃចន្ទនេះ។
តាមរយៈការប្រកួតនេះ កីឡាកររបស់កម្ពុជា វ៉ាន់ វ៉ុន ដណ្តើមបានមេដាយប្រាក់១ លើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ១០០ម៉ែត្រ (Men’s 100m T53) ដោយរូបគេចំណាយពេល ១៤.២៩០ វិនាទី ដើម្បីមកដល់ទីផ្តាច់ព្រ័ត្រ ចំណែកមេដាយមាស បានទៅកីឡាករថៃ Athiwat Paeng Nuea ដោយប្រើពេល ១៣.៩៨០ វិនាទី ហើយកីឡាករឥណ្ឌូនេស៊ី Jaenal Arispin ប្រើថិរវេលា ១៤.៣៨០ វិនាទី ដើម្បីបានមេដាយសំរឹទ្ធ។
ចំណែកកីឡាករ ហៀក ហុក បានមេដាយប្រាក់ លើវិញ្ញាសាប្រណាំងរទេះ T53 ចម្ងាយ១០០ម៉ែត្រ ដោយប្រើថិរវេលា ១១.៥០០ វិនាទី ខណៈម្ចាស់មេដាយមាសរបស់ថៃ Pongsakorn Paeyo បានចំណាយពេលត្រឹម ១០.៩៨០ វិនាទី ដើម្បីមកដល់ទីផ្តាច់ព្រ័ត្រ ចំណែកកីឡាករកម្ពុជា ឈិន ពុន បានឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសានេះដែរ ដោយប្រើពេល ១៤.៣៨០ វិនាទី។

កីឡាករ ហៀក ហុក និង ឈិន ពុន ពេលមកដល់ទីផ្តាច់ព្រ័ត្រ ដើម្បីឈ្នះបានមេដាយប្រាក់ និងមេដាយសំរឹទ្ធ លើវិញ្ញាសាប្រណាំងរទេះ T53 ១០០ម៉ែត្រ។ រូបថត ហុង មិនា
ជាមួយការដណ្តើមបានមេដាយប្រាក់នេះ វ៉ាន់ វ៉ុន បាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលខ្ញុំដណ្តើមបានលទ្ធផល ទៅតាមអ្វីដែលខ្ញុំប៉ងប្រាថ្នា ហើយម្យ៉ាង យើងជាម្ចាស់ផ្ទះផង អ៊ីចឹងយើងត្រូវតែប្រឹងប្រែង ដើម្បីទទួលបានមេដាយ»។
យ៉ាងណាក៏ដោយ វ៉ាន់ វ៉ុន ហាក់នៅមិនទាន់អស់ចិត្ត សម្រាប់ការប្រកួតនេះទេ។ រូបគេបានបញ្ជាក់ថា៖ «ខ្ញុំហាក់មិនទាន់អស់ចិត្តទេ ដោយសារខ្ញុំមានបញ្ហាជាប់សាច់ដុំស្មាបន្តិច ដូច្នេះការប្រឹងប្រែងរបស់ខ្ញុំ ហាក់នៅមិនទាន់អស់ពីលទ្ធភាព។ ប៉ុន្តែខ្ញុំមិនអីទេ ព្រោះឆន្ទៈរបស់បងប្អូនយើង បានមកគាំទ្រពេញស្តាត ហើយថ្នាក់ដឹកនាំ ក៏គាំទ្រទៀត អ៊ីចឹងខ្ញុំលែងឈឺទៀតហើយ ដោយខ្ញុំមិនគិតអ្វីច្រើនទេ គឺគិតត្រឹមថា ធ្វើម៉េច ខ្ញុំត្រូវតែឈ្នះមេដាយឱ្យបានជូនប្រទេសជាតិ»។
តាមរយៈការដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ១ របស់ វ៉ាន់ វ៉ុន, ហៀក ហុក និង ឈិន ពុន បានធ្វើឱ្យចំនួនមេដាយសរុប ដែលកម្ពុជា ដណ្តើមបាននៅពេលនេះ មានចំនួន ១២ គឺមេដាយមាស ២ ប្រាក់ ៥ និងសំរឹទ្ធ ៥ ដោយឈរនៅលេខរៀងទី៨ ក្នុងចំណោម ១១ ប្រទេស ខណៈ ឥណ្ឌូនេស៊ី នៅតែបន្តឈរនៅលេខ១ ដោយឈ្នះបានមេដាយមាស ៣៤ ប្រាក់ ៣២ សំរឹទ្ធ ២៧ ហើយតាមពីក្រោយដោយថៃ ដែលបានមាស ២៥ ប្រាក់២០ សំរឹទ្ធ ២៥ គិតត្រឹមម៉ោង ១២:៣០ ថ្ងៃចន្ទនេះ៕


